(ស្វាយរៀង)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាពរបស់លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោល-នយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិជាតំណាងរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និលោកសុខ រស់ អភិបាលរងខេត្តស្វាយរៀង។
នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ នៃសាខាពន្ធដារខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តតាកែវ ព្រមទាំងម្ចាស់និងជាតំណាងសហគ្រាសស្ថិតក្នុងវិស័យកសិកម្ម ប្រមាណ ២០០នាក់។
លោក សុខ រស់ បានថ្លែងផ្តល់ធាតុចូលជាយុទ្ធសាស្ត្រ និងការណែនាំសំដៅជំរុញ និងបង្កើនកិច្ចសហការជាមួយអង្គភាព និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ជាមួយសាខាពន្ធដារខេត្ត ដើម្បីគាំទ្រដល់ការគ្រប់គ្រងប្រមូលពន្ធស្របតាមគោលនយោបាយជាតិ និងកំណែទម្រង់ផ្នែកពន្ធដារ ដែលមានគោលដៅលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសប្រកបអាជីវកម្ម ក្នុងវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត បានផ្តាំផ្ញើឱ្យអង្គសិក្ខាសាលាយកចិត្តទុកដាក់ ចំពោះការធ្វើបទបង្ហាញដោយផ្ទាល់របស់លោកបណ្ឌិត សេង ជាសិទ្ធ និងការលើកឡើងនូវសំណួរពាក់ព័ន្ធឱ្យបានផុសផុល សំដៅក្រេបយកនូវចំណេះដឹងពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
លោកបណ្ឌិត សេង ជាសិទ្ធ បានជម្រាបអង្គសិក្ខាសាលាថា គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម ដូចជា៖
*ទី១៖ កាអនុគ្រោះនូវអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះការនាំចូល និងការផ្គត់ផ្គង់ ទំនិញមួយចំនួន ដូចជា ជីគ្រប់ប្រភេទ ពូជ ដំណាំ គ្រប់ប្រភេទ បសុឱសថ ចំណី សត្វ និងចំណីបន្ថែម ពូជសត្វគ្រប់ប្រភេទ គ្រឿង យន្ត និងឧបករណ៍កសិកម្មប្រភេទ។
*ទី២៖ ការលើកលែងអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ផ្តល់ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ ផលិតផលកសិកម្មមិនទាន់កែច្នៃដែលមានដូចជា ឫស មើម ដើម សំបក ផ្លែ ផ្កា ឬគ្រាប់ នៃរុក្ខជាតិដែលបានមកពីការធ្វើកសិកម្មដាំដុះ ទោះមិនទាន់កិនឬកិនបំបែករួចហើយក្តី និងដែលមិនទាន់ត្រូវបានយកទៅកែច្នៃ ជាផលិតផលផ្សេង។ ផលិតផលកសិកម្មមិនទាន់កែច្នៃ ក៏រួមបញ្ចូលនូវគ្រាប់ធញ្ញជាតិនានា រួមទាំងស្រូវអង្ករផងដែរ។
*ទី៣៖ ការលើកទឹកចិត្តអាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា ពន្ធកាត់ទុកលើសេវា
*ក- អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ៖ សហគ្រាសដែលផ្គត់ផ្គង់ទំនិញឬសេវាឱ្យដល់សហគ្រាសផលិត ផ្គង់ផ្គត់ ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ដំណាច់ឆ្នាំ២០២៣ និងត្រូវបានអនុញ្ញាត ឥណទានអាករ លើធាតុចូល ដែលទាក់ទិននឹងការផ្គត់ផ្គង់នេះ។ *ខ- ការព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលសហគ្រាសផលិត ផ្គង់ផ្គត់ ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូត្រូវ បានព្យួរ ទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ សម្រាប់រយៈពេល០៥ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០១៩ រហូតដល់ដំណាច់ ឆ្នាំ២០២៣។ *គ- ការលើកលែងពន្ធអប្បបរមាសហគ្រាសផលិត ផ្គង់ផ្គត់ ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូត្រូវ បានលើកលែងពន្ធអប្បបរមា គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្នុងករណីដែល បានកាន់បញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមាន។
*ឃ- ការរួចកាតព្វកិច្ច កាត់ទុកប្រាក់ពន្ធលើការទូទាត់សេវាសហគ្រាសផលិត ផ្គង់ផ្គត់ ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ត្រូវបានអនុគ្រោះ ឱ្យរួចពីកាតព្វកិច្ច កាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់ សេវាដោយបុគ្គលមិនស្ថិត ក្នុងរបបស្វ័យប្រកាស គិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ដំណាច់ឆ្នាំ២០២៣។
ដើម្បីទទួលបានការលើកទឹកចិត្ត ផ្នែកពន្ធដារខាងលើ សហគ្រាស ត្រូវបំពេញតាមលក្ខខណ្ឌទាំង ០៣ ដូចខាងក្រោម៖
*ស្នើសុំវិញ្ញាបនបត្រ អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាព ០១ឆ្នាំ ម្តងត្រូវភ្ជាប់ជាមួយលិខិត ប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ នូវបញ្ជីឈ្មោះសហគ្រាស ដែលផ្គត់ផ្គង់ទំនិញឬសេវា ជាបន្ទុកrបស់រដ្ឋត្រូវកាន់បញ្ជីគណនេយ្យ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងប្រកាសបង់ពន្ធអាករដទៃទៀត ជាធរមាន ទៅតាមកាលកំណត់។
*ទី៤៖ ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព (ផ្នែកកសិកម្ម) សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពចំពោះផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម ត្រូវទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលដូចខាងក្រោម៖ ៣ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពរួចរាល់ គិតពីខែតុលា ឆ្នាំ២០១៨ តទៅ៥ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពរួចរាល់ គិតពីខែតុលា ឆ្នាំ២០១៨ តទៅ ដែលបំពេញលក្ខខណ្ឌណាមួយ ដូចខាងជា៖ ប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី ៦០ថ្ងៃឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។
លោកបណ្ឌិត សេង ជាសិទ្ធ ក៏បានស្នើសុំឱ្យសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធ និងការលើកទឹកចិត្តផ្នែកពន្ធដារនេះ និងណែនាំឱ្យសាខាពន្ធដារខេត្តទាំងអស់ បន្តផ្សព្វផ្សាយនូវច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារឱ្យបានទូលំទូលាយ ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសប្រកបអាជីវកម្ម ក្នុងវិស័យកសិកម្ម ក៏ដូចជាពង្រឹងការផ្តល់សេវា ដល់អ្នកជាប់ពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់៕