(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ តាមស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៣នាក់ ដោយដកហូតបានថ្នាំញៀន ១៣កញ្ចប់។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា តាមស្រាវជ្រាវកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៣នាក់ និងដកហូតថ្នាំញៀន ១៣កញ្ចប់នេះ ធ្វើឡើងក្រោមការបញ្ជាដោយលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌដែលទើបឡើងកាន់តំណែងថ្មីៗ និងដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការងទទួលបន្ទុកព្រហ្មខណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍ទួលសង្កែទី១។
មន្ត្រីនគរបាលបានបន្តទៀតថា ក្នុងកិច្ចសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនៅចំណុចសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្រោយពីសង្កេតឃើញថា មូលហេតុមកពីកម្លាំងជំនាញទទួលបន្ទុកបង្ក្រាបគ្រឿងញៀនប្រចាំខណ្ឌ មានភាពខ្សោយ ក្នុងការស៊ើបអង្កេតបង្ក្រាប។
មន្ត្រីបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធជួញដូរថ្នាំញៀន ទី១៖ឈ្មោះ រុន វ៉ុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទី២៖ឈ្មោះ ម៉ម នី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទំលំនៅបន្ទប់ជួលក្នុងភូមិសាមគី្គ សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ និងទី៣៖ឈ្មោះ យិន សុខស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលភូមិឃ្លាំងសាំង សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ។
យ៉ាងណាក៏ដោយ ក្រោយពីបង្ក្រាបក្រុមជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៣នាក់ ជាមួយវត្ថុតាងថ្នាំញៀន ១៣កញ្ចប់ បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕