(កោះកុង)៖ អាជ្ញាធរស្រុកមណ្ឌលសីមា បានចុះរឹតបណ្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ និងធ្វើការណែនាំដល់អ្នកបើកបរទាំងទោចក្រយានយន្ត និងរថយន្តឲ្យគោរពច្បាប់ចរាចរណ៍ ក្នុងបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា ចៀសវាងបង្កគ្រោះថ្នាក់។
ការប្រតិបតិ្តការរឹតបន្តឹងច្បាប់ចរាចរណ៍ ធ្វើឡើងក្រោមការដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាគណៈបញ្ជាការឯកភាព និងប្រធានលេខាដ្ឋានភូមិឃុំមានសុវត្ថិភាព នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខអធិការដ្ឋាន ស្រុកមណ្ឌលសីមា។
លោក ប៉ែន ប៊ុនឈួយ បានថ្លែងថា ការចុះរឹតបន្តឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍នេះ គឺអាជ្ញាធរត្រូវអនុវត្តន៍ទៅតាមគោលការណ៍ របស់ក្រសួងដែលបានដាក់ចុះដើម្បីត្រួតពិនិត្យ ទៅលើលក្ខណៈយានយន្តទាំងអស់ ហើយត្រួតពិនិត្យទៅលើអ្នកបើកបរមានប័ណ្ណបើកបរ ឬអត់? អ្នកបើកបរត្រូវមានប័ណ្ណបើកបរជាសម្គាល់ ចេញក្រសួងសាធារណៈការ និងដឹកជញ្ជូន មុនចេញបញ្ជារថយន្ត និងត្រូវចេះច្បាប់ចរាចរណ៍ ហើយចេះគោរពច្បាប់ចរាចរណ៍។
លោកបានបន្ថែមឲ្យដឹងថា «បើក្នុងរថយន្ត និងម៉ូតូនីមួយៗរួមទាំងអ្នកបើក មិនមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់ ដូចការណែនាំរបស់អាជ្ញាធរ ឬក្រសួងទេយើងត្រូវធ្វើការផាកពិន័យ ឬធ្វើការអប់រំដើម្បីឲ្យពួកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មុនបើកបរមុនចេញដំណើរ ចៀសវាងមានបញ្ហាគ្រោះថ្នាក់កើតឡើង»។
លោក ប៉ែន ប៊ុនឈួយ បានធ្វើការអំពាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមគោរពច្បាប់ចរាចទាំងអស់គ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា ហើយក្នុងការបើកបរត្រូវចេះអនុគ្រោះ និងយោគយល់ឲ្យគ្នាទៅវិញទៅមក ត្រូវពាក់មួកសុវត្ថិភាពគ្រប់គ្នា ដើម្បីការពារអាយុជិវិត ពីព្រោះគ្រោះថ្នាក់មើលមិនឃើញទេ ដែលអាចកើតឡើង។ ការគោរពច្បាប់ចរាចរណ៍ នាំមកនូវការការពារជីវិត៕