(ភ្នំពេញ)៖ មន្រ្តីនៃសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ប៊ុន ចំរើន ប្រធានសាខា បានសហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មាការផ្សារ និងមន្រ្តីនាយកដ្ឋានមន្ទីរ ពិសោធន៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅធ្វើការត្រួតពិនិត្យទំនិញ នៅក្នុងផ្សារចំនួន៥ ក្នុងខណ្ឌច្បារអំពៅរួមមាន៖ ផ្សារច្បារអំពៅ ផ្សារត្រីច្បារអំពៅ ផ្សារព្រែកឯង ផ្សារចំពុះក្អែក និងផ្សារព្រែកប្រា ដោយបាននាំយកនឹងធ្វើការពិសោធន៍ លើផលិតផលចំនួន៨០គំរូ ទៅពិសោធន៍តែរកមិនឃើញសារជាតីគីមីឡើយ។
លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ការចុះអង្កេតតាមរយៈ នាំយកមន្ទីពិសោធន៍ចល័តនេះ គឺយើងធ្វើឡើង គេហៅថាកិច្ចការបន្ថែមទៅលើសកម្មភាព ដែលយើងមានធ្វើនៅក្នុង កម្មវិធីជាប្រចាំ ដូច្នេះការសង្កេតបន្ថែម និងមិនមែនធ្វើតែតាមការរយៈនាំយកមន្ទីពិសោធន៍ចល័តមកទេ គឺយើងធ្វើទៅតាមសកម្មភាពផ្សេងទៀត។
លោកបន្តថា ជាលទ្ធផលនៃការចុះអង្កេត និងចុះពិនិត្យកន្លងមកនេះ ក៏ដូចជាការវិភាគតាមរយៈតេសស្កីត ក៏ដូចជាមន្ទីពិសោធន៍ចល័ត និងបញ្ជូនទៅមន្ទីរពិសោធន៍ធំ របស់អគ្គនាយកដ្ឋាន យើងសង្កេតឃើញថា មានការថយចុះជាច្រើន និងការយល់ដឹងអំពីសំណាក់ បងប្អូនអាជីវករ អ្នកលក់ដូរយើង គឺមានការយល់ដឹងច្រើន គឺពួកគាត់បានយកចិត្តទុកដាក់ណាស់ ចំពោះបញ្ហាសុវត្តិភាពចំណីអាហារនេះ ជាពិសេសអ្នកលក់ដូរបន្លែក្ដី អ្នកលក់ដូរគ្រឿង ភេសជ្ជៈក្ដី គឺពួកគាត់ យល់ដឹងច្រើន និងចេះដឹងច្រើន ក្នុងការត្រួតពិនិត្យ ទាំងស្ថានភាព ទាំងការបរិច្ឆេទប្រើប្រាស់ ក៏ដូចជាការវេចខ្ចប់ ការដាក់តាំងលក់ គឺគាត់បានយល់ច្រើន មានន័យថា កាន់តែកើនឡើង គួរឲ្យកត់សម្គាល់។
លោកក៏សូមអរគុណ ដល់ប្រជាពលរដ្ឋ ស្វែងយល់និងចូលរួមទាំងអស់គ្នា ពីព្រោះថា នេះមិនមែនអាចមានតែសមត្ថកិច្ចមួយជ្រុងទេ គឺអ្នកប្រើប្រាសនោះឯងទេ គឺជាអ្នកដែលការពារធំជាចម្បង ព្រោះថា អ្នកប្រើប្រាស់យើង មិនអាចសមត្ថកិច្ច មិនអាចហាមឃាត់អ្នកប្រើប្រាស់បានទេ អ្នកប្រើប្រាស់ខ្លួនឯងទេ ដែលអាចហាមឃាត់ខ្លួនឯង ថាគួរប្រើឬមិនគួរប្រើ សមត្ថកិច្ចយើងបានជួយបម្រើបានជួយពិនិត្យ ដើម្បីបញ្ជៀសនូវការយកទៅទទួលទាន ផលិតផល ដែលមិនសមស្រប ដែលធ្វើឲ្យប៉ះ ពាល់ដល់សុខភាព។
លោក ប៊ុន ចំរើន បានឲ្យដឹងថា បើទោះបីជាលទ្ធផល នៃការពិសោធន៍ល្អក៏ដោយ មន្រ្តីកាំកុងត្រូលក៏នៅតែទទូចស្នើ សុំទៅដល់ផលិតករ អាជីករ អ្នកនាំចូលដែលខិលខូចមិនគោរពច្បាប់ សូមកុំគិតតែអំពីផលចំណេញ ខ្លាំងពេក សូមប្រកបរបរដែលមានសុចរិតភាព និងមានគុណធម៌ សីលធម៌ក្នុងខ្លួនផង ព្រោះថា អំពើដែលពួកគាត់បានបង្ក និងជះផលត្រឡប់ទៅលើ ពួកគាត់ឬសាច់ញាត់របស់គាត់វិញ នៅថ្ងៃណាមួយជាក់ជាមិនខាន៕