(កំពត)៖ ខេត្តកំពតជាខេត្តមួយមានសមុទ្រ មានឆ្នេរ តែពុំមានឆ្នេរខ្សាច់សម្រាប់ឲ្យពលរដ្ឋទៅកម្សាន្ត ឬលម្ហែលេង ដូចខេត្តជាប់មាត់សមុទ្រដ៏ទៃនោះឡើយ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ សម្រាប់ខេត្តកំពត នឹងមានឆ្នេរខ្សាច់សិប្បនិម្មិតមួយដ៏ស្រស់ស្អាតមិនចាញ់ខេត្តជាប់មាត់សមុទ្រនានាឡើយ ដែលបច្ចុប្បន្នបាននិងកំពុងតែស្ថាបនាយ៉ាងឆាប់រហ័ស លាតសន្ធឹងលើផ្ទៃដីជាប់មាត់សមុទ្រប្រមាណ ៨០ហិកតា ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
ម្យ៉ាងខេត្តកំពតជាខេត្តទេសចរណ៍ជាប់មាត់សមុទ្រដ៏មានសកត្តានុពល និងទាក់ទាញបំផុតមួយនៅក្នុងចំណោមខេត្តជាប់មាត់សមុទ្រចំនួន៤របស់កម្ពុជា។ ខេត្តកំពតមានកន្លែងកម្សាន្តសំខាន់ៗ ១៧កន្លែង មានសហគមន៍ទេសចរណ៍ប្លែកៗគ្នាចំនួន ៤កន្លែងផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺអ្នកខេត្ត និងភ្ញៀវទេសចរមកកាន់ខេត្តកំពតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនោះ មិនដែលបានមកកម្សាន្ត ងូតទឹកសមុទ្រក្នុងខេត្តមួយនេះទេ ដោយសារតែកំពតពុំមានឆ្នេរខ្សាច់។
នៅពេលបច្ចុប្បន្ននេះ សម្រាប់ខេត្តកំពត គឺមានសំណាងល្អណាស់នៅឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពតក្រោមការខិតខំប្រឹងប្រែងដោយមានការចង្អុលបង្ហាញ និងដឹកនាំផ្តួចផ្តើមគំនិតពីសំណាក់ លោក ជាវ តាយ អភិបាលខេត្តកំពត និងមានការគាំទ្រដុតដៃដុតជើងពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្ថាបនាសាងសង់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយ ដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរផង និងបង្កើនភាពទាក់ទាញបន្ថែមសម្រាប់ខេត្តកំពតផង ស្របពេលដែលខេត្តកំពត ត្រូវបានធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅថ្ងៃទី២០-២២ ខែធ្នូ ខាងមុខនេះ ហើយបច្ចុប្បន្នឆ្នេរនៅក្នុងក្តីស្រមៃរបស់មនុស្សរាប់ពាន់រាប់ម៉ឺននាក់ បាននឹងកំពង់លេចចេញជារូបរាងបណ្តើរៗហើយ។
លោក គន់ សំណាង អ្នកមើលការគ្រប់គ្រង់ទូទៅការដ្ឋានរៀបចំឆ្នេរខ្សាច់ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែតុលា នេះថា ឆ្នេរខ្សាច់សិប្បនិមិត្តថ្មីមួយ ដែលរដ្ឋបាលខេត្តកំពត បានបញ្ជារឲ្យស្ថាបនាសាងសង់ តាមទិសដៅគម្រោងឆ្នេរដ៏ស្រស់ស្អាត សម្រាប់ទទួលភ្ញៀវទេសចរជាតិអន្តរជាតិមកកម្សាន្តលេងនាពេលឆាប់ៗខាងមុខនេះ ជាពិសេសនៅថ្ងៃពិធីបុណ្យសមុទ្រ ក្នុងខែធ្នូ ឆ្នាំ២០១៩ ជិតឈានចូលមកដល់នៅពេលឆាប់ៗនេះ។ ការស្ថាបនា នឹងត្រូវបញ្ចាប់ការស្ថាបនារួចរាល់នៅមុនពិធីបុណ្យសមុទ្រ។ ប៉ុន្តែមានការយឺតយ៉ាវបន្តិច ដោយសារកត្តាអាកាសធាតុ មានព្យុះភ្លៀងធ្វើឲ្យអាក់ខានស្ថាបនា អស់រយៈពេលជាច្រើនខែមកហើយ។ តែយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ ឆ្នេរខ្សាច់បានសម្រេចលើការស្ថាបនា រួចរាល់ប្រមាណ ៤០ភាគរយហើយ។
លោក គន់ សំណាង បានបន្តឲ្យដឹងទៀតថា នៅក្នុងគម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់សិប្បនិម្មិតមួយនេះ តាមការសង្តេតឃើញល្បឿននៃការស្ថាបនា នៅក្នុងខែធ្នូមុនថ្ងៃរៀបចំពិធីបុណ្យសមុទ្រ រដ្ឋបាលខេត្តក៏ដូចជា ក្រុមការងារស្ថាបនារំពឹងថា នឹងអាចបើកទ្វារឲ្យប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនា កម្សាន្តលេងជាបណ្តើរៗសិន បើទោះជាការស្ថាបនាមិនទាន់រួចរាល់ ១០០ភាគរយក៏ដោយចុះ។ ក្នុងរយៈពេលជាងមួយខែទៀតនេះ ក្រុមការងាររបស់លោក នឹងបន្តខិតខំប្រឹងប្រែង ដោយជួសជុល និងធ្វើផ្លូវឱ្យបានទាក់ទាញ សម្រាប់ភ្ញៀវទេសចរមកកំសាន្តលេង ក្នុងពេលឆាប់ៗខាងមុខជាពិសេសមុនថ្ងៃពិធីបុណ្យសមុទ្រចុងឆ្នាំ២០១៩នេះ។
ចំពោះពាក់ព័ន្ធទៅនឹងការស្ថាបនាឆ្នេរខ្សាច់សប្បនិមិត្តថ្មីនៅចំណុចភូមិសាស្ត្រខាងលើ ដើម្បីបម្រើឲ្យផលប្រយោជន៍ សម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិចូលទៅកម្សាន្តលេងនោះ លោក ជាវ តាយ អភិបាលខេត្តកំពត តែងតែយកចិត្តទុកដាក់ ជាពិសេសនៅក្នុងស្មារតីអង្គប្រជុំម្ដងៗ លោកតែងតែជម្រុញនិងក្រើនរំលឹកឲ្យក្រុមការងារ ពិសេសក្រុមហ៊ុនម៉ៅការ ធ្វើយ៉ាងណារួសរាន់ស្ថាបនា ឆ្នេរខ្សាច់សិប្បនិម្មិត ដូចខាងលើឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ និងឆាប់រហ័ស ឆ្លើយតបតាមសំណូមពររបស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល សម្រាប់ឲ្យភ្ញៀវទេសចរណ៍ ចូលទៅកំសាន្តលេងជាពិសេសក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ។ ទោះបីមិនទាន់ស្ថាបនារួចរាល់បាន ១០០ភាគរយ ហើយក្តីក៏ដោយចុះ៕