(កំពង់ចាម)៖ ក្នុងឱកាសចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋ ២២០គ្រួសារ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវត្តកោះកែវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តថែរក្សាសុខសន្តិភាព ដើម្បីភាពរីកចំរើននៅក្នុងគ្រួសារ និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
អភិបាលខេត្ត បានថ្លែងបន្តថា «ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំធ្វើឲ្យមានការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋ រស់នៅមានភាពសុខសាន្ត មានការរីកចម្រើនក្នុងគ្រួសារផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីភាពរីកចម្រើនក្នុងគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិរបស់យើងបន្តទៅទៀត»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សុខសន្តិភាពយូរអង្វែងនាំមកនូវការរីកចម្រើន អភិវឌ្ឍកាន់តែច្រើន ជាពិសេសការរស់នៅជួបជុំ សាច់ញាតិ បងប្អូនគ្រួសារ មិត្តភក្កិជាដើមក្នុងឱកាសបុណ្យទាន ប្រកបដោយការសប្បាយរីករាយ គ្មានការរំខាន ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព របស់បងប្អូនប្រជាពលរដ្ឋឡើយ។ ដូច្នេះសូមបងប្អូនត្រូវឱ្យតម្លៃទៅលើសុខសន្តិភាព ដែលយើងកំពុងតែមានស្រាប់នេះ នឹងខិតខំប្រឹងប្រែងថែរក្សាឲ្យបានគង់វង្សយូរអង្វែង។
ម្យ៉ាងទៀត សូមបងប្អូនប្រជាពលរដ្ឋកុំជឿលើការញោះញង់របស់ជនអកតិមួយចំនួន ដែលចូលចិត្តបង្កភាពអសន្តិសុខសង្គម សូមងាកមកត្រៀមពិសាអំបុកសាមគ្គីនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។ នេះជាការអំពាវនាវបន្ថែមពីអភិបាលខេត្តកំពង់ចាម៕