(ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ ចុះរុះរើ និងបំផ្លាញចោល ខណៈដែលក្រុមការងារ បានចុះត្រួតពិនិត្យឃើញតាមដងស្ទឹងសែន ក្នុងភូមិសាស្ត្រឃុំរក្សានិងឃុំពុទ្រា ស្រុករវៀង ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះថា ដើម្បីថែរក្សាពូជត្រីគ្រប់ប្រភេទឲ្យបាននៅគង់វង់ មន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្មខេត្ត តែងបានចុះត្រួតពិនិត្យមើលតាមដងស្ទឹងសែន និងបឹងធម្មជាតិសំខាន់ៗ គោលបំណងការពារពូជត្រីកុំឲ្យមានការនេសាទដោយខុសច្បាប់ណាមួយ ពីសំណាក់ប្រជាពលរដ្ឋ ដូចជាការប្រើឧបករណ៍នេសាទដោយឆក់ និងដាក់ដាយស្បៃមុងជាដើម។
លោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបន្តទៀតថា «ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ មន្ត្រីខណ្ឌរដ្ឋបាលជលផល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច បានធ្វើការចុះត្រួតពិនិត្យមើលការនេសាទខុសច្បាប់តាមដងស្ទឹងសែន ក្នុងភូមិសាស្ត្រស្រុករវៀង ជាលទ្ធផលយើងបានធ្វើការរុះរើដាយត្រីមួយគ្រឿងមានមុខកាត់ ៧ម៉ែត្រ និងទទឹង ១៥ម៉ែត្រ ព្រមទាំងចាប់បានឧបករណ៍ឆក់ត្រីមួយគ្រឿងផងដែរមានអាគុយ ដងឆក់ និងកន្ត្រងដងត្រី»។
លោក ពឹង ទ្រីដា បានបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់ដែលរឹបអូសបាន គឺក្រុមការងារបានធ្វើការបំផ្លាញចោល។ ជាមួយគ្នានោះ លោកប្រធានមន្ទីរ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមច្ឆាជាតិ ដោយបញ្ឈប់ការនេសាទប្រើឧបករណ៍ខុសច្បាប់ ដែលមិនត្រឹមតែបំផ្លាញមច្ឆាជាតិនោះទេ គឺបានធ្វើឲ្យខ្លួនយើងប្រឈមមុខនិងច្បាប់ជាប់ទោសទណ្ឌទៀតផង៕