(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានចាត់ទុកទង្វើប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ លោក សម រង្ស៉ី មេក្រុមឧទ្ទាមនៅពេលនេះថា កំពុងធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន និងគ្រួសារពួកគេទទួលរងទុក្ខទោស។ លោកបានអំពាវនាវដល់ អតីតសកម្មជន អតីតគណបក្សសង្រ្គោះជាតិទាំងអស់ កុំចាញ់ឧបាយកលឧត្បាតរបស់ ទណ្ឌិត សម រង្ស៉ី។
ការបញ្ជាក់របស់ លោក គង់ បូរ៉ា បានធ្វើឡើងក្នុងឱកាសដែលលោក ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា គ២៧។
លោក គង់ បូរ៉ា បានផ្តល់បទសម្ភាសដល់ Fresh News យ៉ាងដូច្នេះថា៖ «សកម្មភាពឯកឧត្តម សម រង្ស៉ី ថ្មីៗនេះ ធ្វើឱ្យអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរងទុក្ខទោស ទាំងខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ដោយសារទង្វើក្បត់ជាតិ ទង្វើផ្តួលរំលំមានបំណងចង់ធ្វើរដ្ឋប្រហារ ហើយជាពិសេសថ្មីៗចុងក្រោយ គំនិតរបស់ ឯកឧត្តម សម រង្ស៉ី គឺគាត់មានការតម្រូវឱ្យព្រះមហាក្សត្រដាក់ដាក់រាជ្យ ប្រើប្រាស់វិធានការជាយុទ្ធសាស្រ្តផ្តល់ថវិកាសម្រាប់យោធាផ្តាច់ខ្លួន ដើម្បីសម្រេចមហិច្ចតារបស់គាត់»។
ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ដែលតុលាការបង្គាប់ឱ្យចាប់ខ្លួន បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ទន្ទឹមនឹងការប្រកាសវិលចូលប្រទេសកម្ពុជានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនប្រើថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ព បានចាប់ផ្តើមតនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ផងដែរ។ រយៈពេលប៉ុន្មានថ្ងៃមកនេះ អតីតសកម្មជនអ្នកចូលរួម និងគាំទ្រដល់ផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការចោទប្រកាន់ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់។
លោក គង់ បូរ៉ា មិនជឿថា លោក សម រង្ស៉ី មានលទ្ធភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះឡើយ ដោយអះអាងថា ទណ្ឌិតរូបនេះបានត្រឹមតែបោកបញ្ឆោទសកម្មជនដែលងប់ងុលប៉ុណ្ណោះ។
លោកអះអាងថា៖ «មិនមានកម្លាំងឯងណាដែលអាចមកធ្វើរដ្ឋប្រហារ ឬក៏ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ គណបក្សប្រជាជនដែលជាប់ឆ្នោត កាន់អំណាច មានទាំងកម្លាំងធនធានមនុស្ស មន្រ្តីរាជការ ប៉ូលិស ទាហានសព្វគ្រប់បែបយ៉ាង ហើយគាត់ (សម រង្ស៉ី) គ្រាន់តែសាកល្បង និងធ្វើឱ្យមានការជ្រួលច្របល់តែប៉ុណ្ណោះ»។
ទោះជាយ៉ាងនេះក្តី លោក គង់ បូរ៉ា នឹងប្រឆាំងចំពោះការឃោសនាបោកបញ្ឆោទរបស់ លោក សម រង្ស៉ី។ លោកអះអាងថា លោកនឹងពន្យល់ដល់អតីតសកម្ម និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ មិនឱ្យចាញ់ល្បិចកលអាក្រក់របស់ទណ្ឌិត សម រង្ស៉ីឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំក្នុងតួនាទីជាអតីតតំណាងរាស្រ្ត និងជាអតីតអនុប្រធានក្រុមការងារខេត្តព្រៃវែង ខ្ញុំនឹងចុះទៅបំពាក់បំប៉ន អតីតសហការី និងមិត្តភក្តិរបស់ខ្ញុំ កុំឱ្យជ្រួលជ្រើម កុំចូលអន្ទាក់ កុំឱ្យនាំទុក្ខទោសដល់ក្រុមគ្រួសារ ដែលគ្នាមិនដឹងអី តាមឧបាយកលឧត្បាតរបស់ មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ សម រង្ស៉ី»៕