(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានអះអាងថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម រហូតសម្រេចលទ្ធផលបានជាង ៨៤ភាគរយ ធ្វើឡើងដោយការផ្ចិតផ្ចង់មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ បើតាមទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ក្រុមការងារបច្ចេកទេសព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានធ្វើការងារយ៉ាងច្បាស់លាស់ និងត្រឹមត្រូវជាទីបំផុត ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសរៀងៗខ្លូន។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានគូសបញ្ជាក់ថា ពេលពិភាក្សារឿងព្រំដែន ពេលខ្លះក្រុមការងារប្រទេសទាំងពីរមិនឯកភាពគ្នា ហើយការប្រជុំត្រូវធ្វើរហូតដល់ម៉ោង១២យប់ក៏មាន។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «ការដែលយើងធ្វើនេះ មិនមែនធ្វើលំៗនោះទេ ព្រោះយើងបានតស៊ូមតិខ្លាំងខ្លាណាស់ ដើម្បីការពារផលប្រយោជន៍របស់យើង។ ឧទាហរណ៍៖ ការចរចាមួយពេលនៅទីក្រុងហូជីមិញ យើងអត់ឯកភាពគ្នា ហើយប្រជុំរហូតដល់ម៉ោង ១២យប់ យើងអត់សុខចិត្ត អត់ចុះហត្ថលេខាលើកំណត់ហេតុ»។
ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ក៏បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយរបស់ក្រុមអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ដែលចោទថា រាជរដ្ឋាភិបាលធ្វើឲ្យបាត់ដីរបស់ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។
លោកទេសរដ្ឋមន្ត្រី បានអះអាងទៅវិញថា គ្មានពលរដ្ឋណាម្នាក់បាត់បង់ដីនោះទេ ពោលសូម្បីតែផ្នូរខ្មោចក៏មិនបាត់ផង។ លោកសង្កត់ធ្ងន់ទៀតថា ប្រសិនបើមានពលរដ្ឋណាម្នាក់បាត់ដីនោះ សូមមកជួបលោកដើម្បីលោកដោះស្រាយជូន។
លោកទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ទៀតថា មូលហេតុដែលលោកហ៊ានអះអាងថា គ្មានពលរដ្ឋខ្មែរណាម្នាក់បាត់បង់ដីនោះ ព្រោះរាជរដ្ឋាភិបាលមានយន្ដការច្បាស់លាស់ ដើម្បីការពារដីរបស់ពលរដ្ឋ ពោលការបោះបង្គោលព្រំដែនមិនមែនឲ្យពលរដ្ឋទទួលបាននូវទឹកភ្នែកនោះទេ។ លោកបន្ថែមថា ប្រសិនបើបោះបង្គោលទៅប៉ះដីស្រែរបស់ពលរដ្ឋ ក្រុមការងារបច្ចេកទេសសុខចិត្តឆ្កៀលដី នៅកន្លែងផ្សេងឲ្យភាគីវៀតណាមវិញ ដើម្បីសងគ្នា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុ៊ក នាយករដ្ឋមន្ត្រីវៀតណាម កាលពីសប្តាហ៍កន្លងទៅនេះ ទើបនឹងចុះហត្ថលេខា ទទួលស្គាល់លើការងារកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយគ្នា ដែលសម្រេចបាន ៨៤ភាគរយ លើព្រំដែនគោកប្រវែង ១,២៧០គីឡូម៉ែត្រ។
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលឆ្លើយបំភ្លឺជុំវិញការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
ក្នុងជំនួបនោះ ត្រូវបានលោក ឈឹម ផលវរុណ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អះអាងថា បានពិភាក្សាដេញដោលគ្នាយ៉ាងកក្ដៅគគុក ហើយសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមកពីគណបក្សនយោបាយចំនួន១៦ បានចុចសួរនូវបញ្ហាផ្សេងៗ ដែលមហាជនកំពុងតែមានការងឿងឆ្ងល់។
លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «សំណួរទាំងអស់ គឺកើតចេញពីឆន្ទៈ និងអ្វីដែលជាចម្ងល់របស់ប្រតិភូគណបក្សសាមីនីមួយៗ។ សំណួររបស់ប្រតិភូនីមួយៗ គឺផ្ដោតចំៗ និងខ្លាំងៗ នូវអ្វីដែលខ្លួនមានមន្ទិល មិនមែននិយាយកោតសរសើរ ឬក៏ពេញចិត្តទេ អត់មានតែម្ដង មានតែបង្ហាញពីការមន្ទិល ហើយចង់ឲ្យបញ្ជាក់»។
ក្រុមការងាររបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបង្ហាញទាំងផែនទី, វិធីនៃការដៅចំណុច, របៀបនៃការកំណត់ និងវិធីសាស្ដ្រផ្សេងតាមលក្ខណៈបច្ចេកទេសជាដើម។ នេះជាអ្វីដែលលោក ឈឹម ផលវរុណ បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ៕