(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះបរមនាថ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា
ប្រោសព្រះរាជទានសាប៊ូដបធំចំនួន២០កេស សាប៊ូដុំចំនួន២០កេស និងភួយចំនួន៧០ ជូនកាកបាទក្រហមកម្ពុជា។
ពិធីប្រគល់នេះ បានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់ទីកន្លែង។
ព្រះរាជអំណោយទាំងនេះ សហការីនៃកាកបាទក្រហមកម្ពុជា នឹងចាត់ចែងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យ និងសម្ភារប្រើប្រាស់កន្លងមកនេះ សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីកាកបាទក្រហមកម្ពុជា សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំ២០១៩ នេះ សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនតរៀងទៅ៕