(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំកម្ពុជា (The World Bank) នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពី ការចាប់ផ្តើមអនុវត្តគម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា។
គម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា បានអនុម័តដោយធនាគារពិភពលោក កាលពីខែមករា ឆ្នាំ២០១៩ ដែលមានថវិកាសរុប១០១.៦៧លានដុល្លារ ដែលក្នុងនេះ មានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន១០លានដុល្លារ មានរយៈពេល៦ឆ្នាំ (២០១៩-២០២៥) ក្នុងខេត្តគោលដៅចំនួន១២ គឺខេត្តកំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ។
លោកស្រី Inguna Dobraja បានថ្លែងថា វិស័យកសិកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ និងកំណើន សេដ្ឋកិច្ចជាតិ។ គម្រោង ពិធិពកម្មវិស័យកសិកម្មកម្ពុជា វានឹងបំពេញតួនាទីសំខាន់ៗដូចជា ១៖ ជួយសម្របសម្រួលការ វិនិយោគធុរកិច្ចកសិកម្ម, ២៖ ជំរុញ និងលើកទឹកចិត្តការវិនិយោគកសិដ្ឋាន និងសម្ភារកសិកម្ម, ៣៖ ពង្រឹង និងផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ និងទីផ្សារ, ៤៖ លើកទឹកចិត្តឲ្យមានកាលានុវត្តភាព ធុរកិច្ចកសិកម្ម, ៥៖ កំណត់ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម។
លោកស្រីក៏បានបញ្ជាក់បន្ថែមថា ធនាគារពិភពលោកនឹងនៅបន្តធ្វើការគាំទ្រ និងឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានផ្ដល់ហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា តាំងពីឆ្នាំ១៩៩៧ រហូតមកដល់ពេលបច្ចុប្បន្ន។ ជាសក្ខីភាព គម្រោងស្តីពី «ពិពិធកម្មវិស័យកសិកម្មកម្ពុជា» ជាគម្រោងថ្មីមួយ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដូចដែលបានរៀបរាប់យ៉ាងក្បោះក្បាយ ព្រមទាំងគំនិត ផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយអត្ថន័យ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យកសិកម្មតាមរយៈការធ្វើទំនើបកម្ម លើវិស័យកែច្នៃ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ បង្កើនតម្លៃបន្ថែម ដើម្បីធ្វើការប្រកួតប្រជែង។ រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់លើការបង្កើនផលិតភាព ការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ការគ្រប់គ្រងធនធានជលផល និងព្រៃឈើ ប្រកបដោយចីរភាព ការពង្រឹងស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងការអភិវឌ្ឍធនធានមនុស្សផ្អែក លើគោលការណ៍អាទិភាពចំនួន៤ គឺ «មនុស្ស ផ្លូវ ភ្លើង និងទឹក»។
លោកក៏បានបន្តថា វិស័យកសិកម្មនៅតែបំពេញតួនាទីយ៉ាងសំខាន់ ដើម្បីចីរភាពកំណើនសេដ្ឋកិច្ច-សង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។
ដើម្បីដើរដល់គោលដៅនេះ ក្រសួងបាននិងកំពុងផ្សព្វផ្សាយ និងជំរុញឲ្យអនុវត្តបច្ចេកវិទ្យា នវានុវត្តន៍ថ្មីៗ ប្រើប្រាស់ធាតុចូលកសិកម្ម សមស្របប្រកបដោយភាពវៃឆ្លាត អភិវឌន្ឍន៍ធនធានមនុស្សសម្រាប់គាំទ្រ ផ្តល់ និងសម្របសម្រួលសេវាផ្សព្វផ្សាយកសិកម្ម ក៏ដូចជាការ បង្កើតបរិយាកាសដល់កសិករ និងសហគមន៍កសិកម្មក្នុងការទទួលយក និងការប្រើប្រាស់សេវាផ្សព្វផ្សាយ ព័ត៌មានបច្ចេកទេសកសិកម្ម ឲ្យបានទូលំទូលាយ។
លោកបន្ដទៀតថា ការយកចិត្តទុកដាក់អភិវឌ្ឍកសិដ្ឋានគំរូ និងពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម ដោយត្រូវផ្តល់ការលើកទឹកចិត្ត និងពង្រឹងសមត្ថភាព ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ តាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយអនុវត្តតាមស្តង់ដារ ផលិតកម្មប្រកបដោយនិរន្តរភាព រួមបញ្ចូលទាំងការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គជាដើម៕