(កណ្ដាល)៖ ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅខិតជិតមកដល់ គេសង្កេតឃើញនៅថ្ងៃទី១០ ខែតុលានេះ ក្រុមចំណុះទូកខ្មែរ-អ៉ីស្លាមចំនួន ១៨គ្រឿង ដែលមានមនុស្ស ២៥៤នាក់ ក្នុងនោះមានទូកនារី ២គ្រឿងផងនោះ បានរៀបចំព្រឹត្តិការណ៍ប្រកួតគ្នាយ៉ាងឱឡារិក ក្នុងន័យខិតខំហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនចូលប្រកួតក្នុងពិធីបុណ្យអុំទុក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលឆាប់ៗខាងមុខនេះ។
ការប្រកួតហាត់សមនេះ ធ្វើឡើងនៅតាមបណ្ដោយស្ទឹងតាខ្មៅ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក ស៊ូ សេន អ៉ីម៉ាំខេត្តកណ្ដាល និងជាប្រធានក្រុមចំណុះទូក «ផ្កាចា» បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា ការខិតខំហ្វឹកហាត់នេះ គឺដើម្បីត្រៀមខ្លួនចូលប្រកួត នៅថ្ងៃប្រណាំងមកដល់ ខណៈដែលក្រុមខ្លួនចាប់ផ្ដើមហ្វឹកហាត់នៅថ្ងៃនេះ គឺដើម្បីសមឲ្យស្ទាត់ដៃគ្នា ដឹងចិត្តគ្នា ស៉ីសង្វាក់គ្នាឲ្យល្អ ដើម្បីអុំទូកទម្លុះផ្ទៃទឹក យកជ័យជម្នះឲ្យខានតែបាន។
លោកប្រធានក្រុមបន្តថា «ដោយសារតែកត្តាស្រុកទេសយើងមានសុខសន្តិភាព ក្រោមម្លប់យ៉ាងត្រជាក់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ទើបពួកយើងមានថ្ងៃនេះ មានឱកាសបានអុំទូកយ៉ាងសប្បាយរីករាយបែបនេះ»។
លោក ស៊ូ សេន ជួសមុខសាសនិកអ៉ីស្លាមខេត្តកណ្ដាលទាំងអស់ ក៏បានថ្លែងអំណរគុណលោកអភិបាលខេត្តកណ្ដាល លោកបណ្ឌិត ម៉ៅ ភិរុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ដែលតែងតែយកចិត្តទុកដាក់ ជួយជ្រោមជ្រែង ផ្ដល់ឱកាសដល់សាសនិកអ៉ីស្លាមរស់នៅសុខស្រួល និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង។
គួរជម្រាបថា កាលពីឆ្នាំ២០១៨ ទូកខ្មែរអ៉ីស្លាមនៅភូមិព្រែកតាពៅ ទទួលបានចំណាត់ល្អដាច់គេគឺ បានលេខ១ មួយទូក, លេខ២ មួយទូក, និងលេខ៣ មួយទូកផងដែរ។
ស្របពេលដែលថ្ងៃកំណត់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម១ម៉ែត្រក៏ដោយ។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ការផ្អាកនេះ ដោយសារមូលហេតុធំៗមួយចំនួន ដូចជាទឹកជំនន់ ការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ និងភាពវឹកវរក្រោយការបោះឆ្នោតជាដើម។ ទោះជាយ៉ាងនេះក្តី ព្រះរាជពិធីបុណ្យ ដែលជាបុណ្យប្រពៃណីជាតិ ក៏ត្រូវបានរៀបចំឡើងវិញជាធម្មតាឡើងវិញ ជាបន្តបន្ទាប់ផងដែរ៕