(សៀមរាប)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយរបស់ជប៉ុន បានបង្ហាញគម្រោងផែនការបង្កើតរោងចក្ររថយន្តនៅខេត្តសៀមរាប នៅចំពោះមុខអាជ្ញាធរជាតិអប្សរា និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ហង់ ពៅ ជាមួយលោក Naoto Yamagishi ប្រធានគ្រប់គ្រងគម្រោងទូទៅនៃក្រុមហ៊ុន Toyota Tsusho Corporation ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។
ក្នុងជំនួបនោះ លោក Naoto Yamagishi បានប្រាប់ពីប្រវត្តិត្រួសៗរបស់ក្រុមហ៊ុនរបស់ខ្លួន និងណែនាំពីរថយន្តអគ្គិសនីថ្មីដែលក្រុមហ៊ុនទើបផលិត និងត្រៀមបញ្ចេញលក់ក្នុងទីផ្សារខេត្តសៀមរាប។
លោកថា លក្ខណៈពិសេសនៃរថយន្តនេះ ផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថានខ្ពស់ មិនប៉ះពាល់ដល់ការបំពុលខ្យល់អាកាស និងការរំខានដោយសំឡេង។
លោក ហង់ ពៅ បានសម្ដែងការគាំទ្រផងដែរទៅដល់ផែនការបង្កើតគម្រោងដំឡើងរថយន្តអគ្គិសនីនេះនៅខេត្តសៀមរាប ព្រោះផែនការនេះអាចជួយបង្កើតមុខរបរ ផ្ទេរនូវចំណេះដឹង ព្រមទាំងបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា៕