(សៀមរាប)៖ រដ្ឋមន្ត្រីបរិស្ថានអាស៊ានទាំងអស់ បានបង្ហាញការក្តីព្រួយបារម្ភជុំវិញភាពធ្ងន់ធ្ងរ នៃការបំពុលផ្សែងអ័ព្ទឆ្លងដែន និងការរីកសាយភាយនៃបញ្ហាផ្សែងអ័ព្ទនាពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន ជាពិសេសនៅភាគខាងជើង និងខាងត្បូងនៃតំបន់អាស៊ាន។
ការបង្ហាញក្តីព្រួយបារម្ភបែបនេះរបស់បណ្តាថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងបរិស្ថានអាស៊ាននេះ បានធ្វើឡើងនៅក្នុងឱកាសដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥ និងកិច្ចប្រជុំភាគីសន្និសីទអាស៊ានស្តីពី ការបំពុលអ័ព្ទផ្សែងឆ្លងដែន កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន-ជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
ក្នុងនោះរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដែលទទួលបន្ទុកផ្នែកបរិស្ថាន ដីធ្លី ភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទ មកពីរដ្ឋសមាជិកអាស៊ាន បានទទួលស្គាល់នូវសមិទ្ធផល និងការវិវឌ្ឍថ្មីៗ នៃកិច្ចគាំពារបរិស្ថាន នៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការតំបន់ លើបញ្ហាបរិស្ថានមួយចំនួន ជាពិសេស គឺសកម្មភាពអាទិភាព និងការផ្តួចផ្តើមគំនិតលើនិរន្តរភាពបរិស្ថាន ក៏ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់។
រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏បានបង្ហាញនូវសមានចិត្តចំពោះប្រជាពលរដ្ឋជាច្រើនលាននាក់ ដែលទទួលរងផលប៉ះពាល់ពីការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន នេះ។ រដ្ឋមន្ត្រីបរិស្ថានអាស៊ានកត់សម្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាជិកអាស៊ាន ហើយការផ្តល់ជំនួយដោយប្រទេសនានា ដើម្បីគ្រប់គ្រងលើភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទឆ្លងដែន។
សមាជិកអាស៊ាន បានសន្យាថា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការតាមដាន និងរៀបចំយន្តការ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការបំពុលដោយផ្សែងអ័ព្ទ និងកាត់បន្ថយឱ្យបានច្រើនបំផុតនូវបញ្ហាកើតចេញពីផ្សែងអ័ព្ទឆ្លងដែន នៅអំឡុងពេលនៃរដូវប្រាំងខាងមុខនេះ។
រដ្ឋមន្ត្រីបរិស្ថានអាស៊ាន កត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ភាគីសន្និសីទ នៃកិច្ចព្រមព្រៀងលើការបំពុលផ្សែងអ័ព្ទឆ្លងដែនដែលបានធ្វើសកម្មភាព និងការផ្តល់សេវាផ្សេងៗ ចំពោះតំបន់អាស៊ានទាក់ទងនឹងឧតុនិយម និងការព្យាករណ៍អាកាសធាតុ និងការតាមដានត្រួតពិនិត្យ និងផ្តល់ព័ត៌មានបន្ទាន់ ព្រមានពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏បានស្នើឱ្យមានការបង្កើនសមត្ថភាព និងធ្វើទំនើបកម្មសម្ភារៈ ដើម្បីត្រួតពិនិត្យលើបញ្ហាអាកាសធាតុ។
រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានពិនិត្យឡើងវិញនូវការអនុវត្តនៃកិច្ចព្រមព្រៀងអាស៊ានលើការគ្រប់គ្រងលើការបំពុលផ្សែងអ័ព្ទឆ្លងដែន និងបញ្ជាក់សាជាថ្មី នៃកិច្ចខិតខំប្រឹងប្រែង តាមរយៈកិច្ចប្រឹងប្រែងថ្នាក់ជាតិ និងកិច្ចប្រឹងប្រែងថ្នាក់តំបន់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព កិច្ចព្រមព្រៀងនេះ និងផែនទីបង្ហាញផ្លូវលើកកិច្ចសហប្រតិបត្តិការអាស៊ាន លើផ្នែកការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន ជាមួយនឹងមធ្យោបាយនៃការអនុវត្ត ដើម្បីសម្រេចឱ្យបាននូវតំបន់អាស៊ាន មួយដែលគ្មានផ្សែងអ័ព្ទ នៅត្រឹមឆ្នាំ២០២០។
រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ស្នើឡើងនូវគំនិតផ្តួចផ្តើមនានាក៏ដូចជាសកម្មភាពដែលអនុវត្តដោយរដ្ឋជាសមាជិកអាស៊ាន ហើយកត់សម្គាល់ ជាមួយការកោតសរសើរលើការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពថ្នាក់ជាតិសម្រាប់សកម្មភាព និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ក្នុងទទួលបានព័ត៌មាន ការបង្ការនិងការពារ និងគ្រប់គ្រងលើដីធ្លី និងភ្លើងឆេះព្រៃ និងការគ្រប់គ្រងផ្សែងអ័ព្ទ៕