(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឲ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ត្រូវប្រញាប់រួសរាន់ពិភាក្សាជាមួយអ្នកវិនិយោគិនចិន ដែលកំពុងធ្វើកំណាត់ ផ្លូវជាតិលេខ៣ ធ្វើយ៉ាងណាជួយសម្រួល និងពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តកំពត ឲ្យដំណើរការចរាចរណ៍ល្អ សម្រាប់ពលរដ្ឋធ្វើដំណើរចេញចូលកំសាន្តនៅពិធីបុណ្យសមុទ្រ កាន់តែខិតជិតឈានចូលមកដល់ ពេលឆាប់ៗខាងមុខនេះ។
ការស្នើរបស់អភិបាលខេត្តកំពត បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំបុណ្យ សមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្ត តាមមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រមាណ ១០០រូប។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានស្នើលោកស្នងការនគរបាលខេត្តកំពត ធ្វើយ៉ាងណាទំនាក់ទំនងជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការខ្ចីរថយន្តស្ទូច ដើម្បីត្រៀមបង្ការ ក្នុងអំឡុងពិធីបុណ្យសមុទ្រខាងមុខនេះ។
ចំពោះពាក់ព័ន្ធការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រនេះដែរ ជាការងារចាំបាច់ សម្រាប់កងកម្លាំងត្រូវដាក់គោលដៅសំខាន់ៗឱ្យបានល្អ ដោយព្រឹត្តិការណ៍ ដ៏មានសារ:សំខាន់នៅខេត្តកំពត បានធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ គឺធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅនៃពិធីបុណ្យសមុទ្រមួយនេះ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ប្រកបដោយភាពរលូន និងទទួលបានលទ្ធផលជោគជ័យ សំដៅឱ្យមានភាពកាន់តែល្អ និងការគាំទ្រចាប់អារម្មណ៍ទាក់ទាញកាន់តែប្រសើរឡើង ជាងបណ្តាខេត្តផ្សេងទៀត ឬឆ្នាំកន្លងទៅ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលរួមកម្សាន្ត ស្របតាមគម្រោងផែនការរបស់ថ្នាក់ជាតិ។
លោកអភិបាលខេត្ត ក៏បានស្នើលោកប្រធានមន្ទីរព័ត៌មាន រៀបចំអត្ថបទជូនដល់អ្នកសារព័ត៌មាន និងវិទ្យុ ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកំពតឲ្យបានទូលំទូលាយផងដែរ។
ពាក់ព័ន្ធសោភណ្ឌភាព អនាម័យ បរិស្ថាន ក្នុងក្រុងកំពត លោកអភិបាលខេត្ត ស្នើឱ្យគ្រប់មន្ទីរ អង្គភាព ត្រូវតែចូលរួមសហការ អនុវត្តឱ្យបានព្រមៗគ្នា សស្រាក់សស្រាំពីពេលនេះតទៅ។ ពិសេសរដ្ឋបាលក្រុងកំពត ត្រូវតែយកចិត្តទុកដាក់ទាំងសកម្មភាពជាក់ស្ដែង និងការបំផុសដល់ស្មារតីប្រជាពលរដ្ឋ ឱ្យមានការចូលរួមផុសផុលទាំងអស់គ្នា។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពត ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំពិធីឆ្នាំ២០១៩នេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យធ្វើឡើង នៅថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩៕