(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កំណែទម្រង់នៅទស្សវត្សរ៍ទី៨០ គឺជាកំណែទម្រង់ដ៏ពិបាកបំផុត ហើយមានកម្លាំងសង្កត់៣ ដែលនាំឲ្យពិបាកក្នុងការធ្វើកំណែទម្រង់។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្លាំងសង្កត់ទាំង៣ ដែលនាំគ្រោះថ្នាក់ការធ្វើកំណែទម្រង់របស់សម្តេច រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុង ផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជានាពេលនោះ។

ការបញ្ជាក់ជាថ្មីរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងភាពលំបាកនៃការធ្វើកំណែទម្រង់ នៅទស្សវត្សរ៍ទី៨០នេះ បានបង្ហាញឡើងនៅក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០១៩)។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាទី១៖ គឺបញ្ហាផ្ទៃក្នុង។ ផ្ទៃក្នុងមិនយល់ គឺជារឿងមួយលំបាកជាឧបសគ្គមួយ ជាគ្រោះថ្នាក់មួយ ក្នុងចំណោមគ្រោះថ្នាក់៣ មកលើខ្ញុំ»

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «គ្រោះថ្នាក់ទី២៖ គឺវៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា។ នៅពេលដែលសម្តេច ចាប់ផ្តើមធ្វើកំណែទម្រង់ កងទ័ពវៀតណាមនៅកម្ពុជា ១០ម៉ឺននាក់។ វៀតណាមពេលនោះ អត់ទាន់មានពាក្យកែទម្រង់ទេ អញ្ចឹងបើវៀតណាមមិនយល់ស្រប ឬក៏គាត់មកជ្រៀតជ្រែក កិច្ចការនយោបាយផ្ទៃក្នុងកម្ពុជា គឺវាគ្រោះថ្នាក់។ ក៏ប៉ុន្តែខ្ញុំសម្តែងនូវការគោរព ចំពោះកងទ័ពវៀតណាមនៅកម្ពុជា ដែលគោរពការសម្រេចចិត្តរបស់កម្ពុជា ជាពិសេសអតីតសពរបស់ ឯកឧត្តម ឡេ ដឹកអាញ់ ដែលគាត់ទើបនឹងទទួលមរណភាព កាលពីប៉ុន្មានខែមុន។ ពេលនោះគាត់ធ្វើប្រធានជំនាញការនៅស្រុកខ្មែរ អត់ឲ្យប៉ះពាល់ទេ (គាត់)ប្រាប់ថា ភារកិច្ចកងទ័ពវៀតណាមមកកម្ពុជា ត្រឹមតែជួយទប់ស្កាត់ការវិលត្រឡប់នៃពួក ប៉ុលពត ប៉ុន្តែរឿងកិច្ចការនយោបាយខ្មែរ ធ្វើសេដ្ឋកិច្ចយ៉ាងម៉េចទុកឲ្យខ្មែរធ្វើ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មទៅនឹងមនុស្សមួយចំនួនតែងតែលើកឡើងថា សម្តេចអាយ៉ងរបស់វៀតណាម។ ប៉ុន្តែនៅពេលវៀតណាម មានកងទ័ពនៅកម្ពុជា វៀតណាមមិនដែលបង្គាប់បញ្ជាសម្តេចឱ្យធ្វើអ្វីនោះឡើយ។ ផ្ទុយពីក្រុមជនបរទេសមួយចំនួន តែងបង្គាប់បញ្ជាដោយដាក់លក្ខខណ្ឌនឹងជំនួយផ្សេងៗ។

សម្តេចតេជោមានប្រសាសន៍បញ្ជាក់ទៀតថា «នៅពេលខ្ញុំប្រជុំជាមួយនឹងតួអង្គពាក់ព័ន្ធនៅសម័យក្រោយនេះ ខ្ញុំថាអស់លោកតែងតែមើលខ្ញុំថាជា «អាយ៉ង» របស់វៀតណាម ប៉ុន្តែពេលដែលវៀតណាម មានកងទ័ពនៅស្រុកខ្មែរ វៀតណាមមិនដែលផ្តល់ការប្រដៅ ឲ្យខ្ញុំធ្វើបែបនេះបែបនោះទេ។ ប៉ុន្តែបែរជាអស់លោក មកធ្វើការជាមួយខ្ញុំ តម្រូវឲ្យខ្ញុំធ្វើបែបនេះបែបនោះ បើមិនធ្វើតាមទេ កញ្ចប់លុយនោះមិនបានប្រើទេ»។

សម្តេចបន្តថា «ដូចជាថ្ងៃមុន ខ្ញុំរំលឹករឿងលក់គយ គេភ្ជាប់លក្ខណ្ឌមួយជាមួយ។ បើរាជរដ្ឋាភិបាលនៅបន្តគ្រប់គ្រងគយ កញ្ចប់លុយនេះមិនបានប្រើទេ។ ខ្ញុំថាមិនប្រើទេក៏អត់ទៅ បើគេមិនឲ្យហើយយើងប្រើម៉េចបាន? ឥឡូវតើការសម្រេចចិត្តមិនលក់គយរបស់ខ្ញុំ ត្រូវឬខុស? គយជាសេវាអធិបតេយ្យ ដែលមិនអាចឲ្យវិស័យឯកជន ហើយក្នុងហ្នឹងវិស័យឯកជន តាមដឹងគឺក្រុមហ៊ុនមកពីបរទេសទៀត»

បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី វត្តមានទ័ពវៀតណាមនៅកម្ពុជាទសវត្សរ៍ឆ្នាំ៨០ មិនមែនជាឧបសគ្គនៃការធ្វើកំណែទម្រង់របស់សម្តេចនោះឡើយ។

សម្តេចថ្លែងបញ្ជាក់ថា «អញ្ចឹងទេវៀតណាម មិនមែនជាឧបសគ្គសម្រាប់កំណែទម្រង់របស់ខ្ញុំ ទាំងសិទ្ធិនយោបាយ និងសេដ្ឋកិច្ចនោះទេ។ អញ្ចឹងបានជាខ្ញុំសម្រេចបាន នូវជោគជ័យក្នុងការកែទម្រង់ ក្នុងពេលដែលកងទ័ពវៀតណាមនៅកម្ពុជា វៀតណាមនៅបន្តសហករណ៍ ប៉ុន្តែកម្ពុជាបានចែកដីឲ្យប្រជាពលរដ្ឋទៅហើយ។ នៅពេលនោះ យើងឯណេះចែកដីឲ្យប្រជាពលរដ្ឋ វៀតណាមដែលនៅកម្ពុជា គាត់ធ្វើសហករណ៍ដីត្រូវគ្រប់គ្រងដោយរដ្ឋនៅឡើយទេ»

សម្តេចតេជោមានប្រសាសន៍បញ្ជាក់ទៀតថា «សម្រាប់គ្រោះថ្នាក់ទី៣ នៃការធ្វើកំណែទម្រង់នៅទស្សវត្សរ៍៨០នោះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុកជា បានថ្លែងឲ្យដឹងថា គឺសហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជានាពេលនោះ។ ការធ្វើកំណែទម្រង់របស់សម្តេចទទួលបានជោគជ័យ ដោយសារមានការគាំទ្រពីសម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, លោក សាយ ភូថង និងថ្នាក់ដឹកនាំកំពូលៗរបស់បក្សដទៃទៀត។ ពេលនោះអ្នកដែលផ្តល់ជំនួយឲ្យយើង គឺមានអតីតសហភាពសូវៀត ហើយសូវៀតជាអ្នកផ្តល់ជំនួយធំជាងគេ នៅពេលនោះគេនៅប្រើពាក្យ សើរើនិយមនៅឡើយទេ។ អញ្ចឹងតើ ហ៊ុន សែន ស្ថិតនៅក្នុងសើរើនិយមទេ? នេះជាគ្រោះថ្នាក់មួយទៀត ហើយពេលនោះមិនទាន់មាន «ប៉េរ៉េសស្ត្រូយកា» និង «ខ្លាសស្នូស» របស់លោក កូ បាឆូវ ទេ»

សម្តេចបានបន្តថា «នៅពេលដែល ហ៊ុន សែន ចាប់ផ្តើម, អញ្ចឹងបើសិនជាខាងសូវៀតប្រាប់មក សម្តេច ហេង សំរិន និងសម្តេច ជា ស៉ីម ថាបើទុក ហ៊ុន សែន តទៅទៀត សូវៀតឈប់ផ្តល់ជំនួយ ហ៊ុន សែន ចប់បាត់។ ប៉ុន្តែជាភព្វសំណាងរបស់ខ្ញុំដែរ ដែលខ្ញុំបាននាំប្រទេសកម្ពុជា នាំគណបក្សប្រជាជនឲ្យស្របគ្នា គាំទ្រនូវដំណោះស្រាយនយោបាយ ហើយគាំទ្រនូវគោលដៅ»

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាជន ដែលបានគាំទ្រគំនិតផ្លាស់ប្តូរ គ្រប់ដំណាក់កាលរបស់សម្តេច រហូតឈានមកឈរជើងយ៉ាងរឺងមាំរយៈពេលជាង ៤០ឆ្នាំមកនេះ។ សម្តេចថ្លែងថា «ខ្ញុំអរគុណជាមួយនឹងថ្នាក់ដឹកនាំ គណបក្សប្រជាជនទាំងអស់ ជាមួយប្រជាជនកម្ពុជា ដែលគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ខ្ញុំ តាមដំណាក់កាលមួយ រហូតដល់ថ្ងៃនេះដល់៤០ឆ្នាំ គឺជាពេលវេលាដែលយើងឈរជើងរឹងមាំ នៅក្នុងទឹកដីរបស់យើង»