(ភ្នំពេញ)៖ មន្ត្រីរាជការក្រសួងសង្គមកិច្ចទាំងអស់ទាំងអស់ ត្រូវតែមានទាំងចំណេះដឹង និងជំនាញឱ្យបានច្បាស់លាស់ ជាពិសេសគឺចំណេះដឹងមូលដ្ឋានលើអ្វីទៅជាមន្ត្រីរាជការស៊ីវិល តើមន្ត្រីរាជការមានសិទ្ធិអ្វីខ្លះ ត្រូវបំពេញ និងប្រតិបត្តិខ្លួនយ៉ាងណា តើអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវចៀសវាង ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការដែលមានសក្តានុពលសម្រាប់ បម្រើការងារជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់លោក នូ នីម រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្ប ខណៈលោកចូលរួម នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងបេសសកម្មក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

លោកថា ជាងនេះទៅទៀតជំនាញ និងចំណេះដឹងលើវិស័យសង្គមកិច្ចដែលខ្លួនកំពុងតែប្រតិបត្តិ គឺពិតជាដើរតួសំខាន់សម្រាប់ឱ្យយើងបំពេញការងារជូនអង្គភាពប្រកបដោយប្រសិទ្ធភាព និងទទួលបាននូវផលិតភាពខ្ពស់។ បន្ថែមលើនេះទៀត យើងក៏ត្រូវតែបង្កើនចំណេះ ពង្រីកពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យទាន់សម័យកាលបច្ចុប្បន្ន ដែលជាសម័យកាលបច្ចេកវិទ្យាផងដែរ ។

លោក នូ នីម បានថ្លែងសំណូមពរឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបាននាពេលនេះ យកមកអនុវត្តន៍ នៅក្នុងវិស័យសង្គមកិច្ច ឲ្យមានប្រសិទ្ធភាពផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃ១០-១១ ខែតុលា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចូលរួម ចំនួន ១៦៣នាក់ ក្នុងនោះ នៅថ្នាក់កណ្តាលចំនួន ៩៥នាក់មកពី១៧ស្ថាប័ន និងតាមបណ្តារាជធានី ខេត្តចំនួន៦៨ នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីរាជការរបស់ក្រសួងសង្គមកិច្ចផងដែរ៕