(ភ្នំពេញ)៖ « របាយការណ៍ស្ថានភាពបរិស្ថានជាតិពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ដែលត្រូវតែរៀបចំឡើងប្រកបដោយខ្លឹមសារ ទិន្នន័យច្បាស់លាស់ និងគុណភាព ហើយត្រូវតែចងក្រងឡើងប្រកប ដោយលក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានទទួលស្គាល់ ប្រើប្រាស់ដោយគ្រប់មជ្ឈដ្ឋាន»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចូលរួមជាអធិបតីភាព នៃសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ ដែលរៀបចំឡើយ ដោយនាយកដ្ឋានព័ត៌មាន ភូមិសាស្ត្រនៃក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
លោកបានថ្លែងថា របាយការណ៍នេះ ផ្តល់ការយល់ដឹងអំពីនិន្នាការស្ថានភាពបរិស្ថានឲ្យបានកាន់តែប្រសើរ ចងក្រងនូវផលប៉ះពាល់បរិស្ថានសង្គម និងពីស្ថានភាពដែលប្រែប្រួល និងបង្ហាញពីប្រសិទ្ធភាពនៃការឆ្លើយតបចំពោះ សម្ពាធនិងផលប៉ះពាល់បរិស្ថាន។
រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា របាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រងប្រមូលផ្តុំនូវឯកសារ ទិន្នន័យគោល និងព័ត៌មានវិទ្យាសាស្ត្រអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នកសិក្សា ស្រាវជ្រាវ អ្នកគ្រប់គ្រង អ្នកធ្វើផែនការ សហគមន៍ ឧស្សាហករ វិនិយោគិន អង្គការជាតិ-អន្តរជាតិ ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការអប់រំចំណេះដឹងបរិស្ថាន ការធ្វើសេចក្តីសម្រេច ការគ្រប់គ្រង និងការធ្វើផែនការសកម្មភាព ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមកម្មវិធីនយោបាយជាតិ។
លោក នេត្រ ភក្ត្រា បានបន្ថែមថា គោលបំណងសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីស្វែងរកការចូលរួមធ្វើបច្ចុប្បន្នភាពទៅលើសេចក្តីព្រាងមាតិការបាយការណ៍ស្ថានភាពបរិស្ថានជាតិ ក៏ដូចជាការផ្តល់ធាតុចូលសំខាន់ៗដែលជាមូលដ្ឋានគោលសម្រាប់គាំទ្រដល់ជំពូកនីមួយៗនៃរបាយការណ៍ពីសំណាក់ភាគីពាក់ព័ន្ធ។
លោកបានថ្លែងថា បរិស្ថានគឺជាការងារពហុវិស័យ និងពហុជំនាញ ដែលក្នុងន័យនេះតម្រូវឱ្យមានការចូលរួមសហការច្រើនពីក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីអាចទទួលបាននូវធាតុ ចូលច្រើនតាមដែលអាចធ្វើទៅបាន និងការឯកភាពគ្នាទៅលើធាតុចេញដែលនេះ គឺ របាយការណ៍ស្ថានភាពបរិស្ថានជាតិនេះឯង។
សូមបញ្ជាក់ថា របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ បានបញ្ចូលនូវប្រធានបទបរិស្ថានចំបងៗចំនួន៦ ក្នុងនោះមានដូចជា៖
*ទី១៖ គុណភាពខ្យល់
*ទី២៖ ការប្រែប្រួលអាកាសធាតុ
*ទី៣៖ ទឹក (ទឹកសាប និងទឹកសមុទ្រ)
*ទី៤៖ ដី
*ទី៥៖ ជីវៈចម្រុះ (ព្រៃឈើ សត្វព្រៃ)
*ទី៦៖ សំណល់ (រឹង និងរាវ)។
របាយការណ៍នេះ ចាំបាច់ ត្រូវមានសូចនាករ ទិន្នន័យ ស្ថិតិ ប្រកបដោយលក្ខណៈវិទ្យាសាស្រ្តជាអំណះអំណាងច្បាស់លាស់។ ធាតុចូលចាំបាច់សំខាន់ៗសម្រាប់ឱ្យរបាយការណ៍ នឹងក្លាយជាឯកសារមានតម្លៃអាចយកទៅប្រើប្រាស់មិនគ្រាន់តែជាមូលដ្ឋានយោងប៉ុណ្ណោះទេ ប៉ុន្តែវាជាភស្តុតាងចម្បងដែលដើរតួនាទីបំពេញជាសារបញ្ជាក់រួមមួយ អាចទទួលយកបានអំពីស្ថានភាពបរិស្ថានបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការរួមចំណែក និងសហការរវាងអន្តរក្រសួង ស្ថាប័ន ក៏ដូចជាអង្គភាពដែលផលិត ទិន្នន័យ ស្ថិតិ និងព័ត៌មាន គឺជាគន្លឹះសំខាន់ខ្វះមិនបានក្នុងដំណើរការងារនេះ។
ស្របពេលដែលកម្ពុជាយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចល្អប្រសើរ រួមជាមួយនឹងកំណើននៃការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅទូទាំងផ្ទៃប្រទេស ដែលទាំងនេះតម្រូវឱ្យមានការគិតគូរពីនិរន្តរភាពនៃការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាន។ ក្នុងន័យនេះ ក្រសួងបរិស្ថានដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានដើរតួនាទីក្នុងការរៀបចំទស្សនវិស័យ ក៏ដូចជាគោលនយោបាយ យុទ្ធសាស្រ្ត និងការកំណត់អាទិភាព សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ជាកិច្ចឆ្លើយតបក្រសួងបរិស្ថាន បានកំណត់យក ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ជាសរសរស្តម្ភ និងជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចងក្រង របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ នេះថា ជាមួយរបាយការណ៍នេះ ក្រសួងបរិស្ថាន ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជានឹងមានរបាយការណ៍សម្រាប់វិស័យបរិស្ថាន និងធនធានធម្មជាតិសម្រាប់ជាតិជាផ្លូវការមួយ ហើយនឹងក្លាយជាឯកសារយោងសម្រាប់មជ្ឈដ្ឋាននានា ក្នុងន័យនេះរបាយការណ៍ស្ថានភាពបរិស្ថានមានតម្លៃសំខាន់៥រួមមាន៖
*ទី១៖ តម្លៃនយោបាយៈ
*ទី២៖ តម្លៃសេដ្ឋកិច្ចៈ
*ទី៣៖ តម្លៃបរិស្ថាន និងការអភិវឌ្ឍៈ
*ទី៤៖ តម្លៃសង្គមកិច្ចៈ
*ទី៥៖ ការកសាងសមត្ថភាពមន្ត្រីតាមរយៈដំណើរការរៀបចំរបាយការណ៍នេះ ការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក៏នឹងប្រព្រឹត្តទៅផងដែរ ដើម្បីកសាងអ្នកបន្តវេនសម្រាប់ការ រៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិនេះតទៅមុខទៀត។
តាមការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី ៤នេះ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២។ ដោយឡែក នៅឆ្នាំក្រោយនេះ គឺឆ្នាំ ២០២០ ក្រសួងបរិស្ថាន មានផែនការនឹងបញ្ចេញរបាយការណ៍វឌ្ឍនភាពស្តីពីស្ថានភាពបរិស្ថានសម្រាប់ពាក់កណ្តាលអណត្តិផងដែរ។ លោកថ្លែងថា របាយការណ៍ស្ថានភាពបរិស្ថានជាតិ ត្រូវបានរៀបចំនិងបោះពុម្ពផ្សាយ ៣ លើករួចមកហើយគឺ លើកទី១ នៅឆ្នាំ១៩៩៤ លើកទី២ នៅឆ្នាំ២០០៥ និងលើកទី៣ នៅឆ្នាំ២០១៩៕