(កោះកុង)៖ ដើម្បីសុវត្តិភាពសុខភាពពលរដ្ឋ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មអាជ្ញាធរស្រុកចុះត្រួតពិនិត្យទៅលើបន្លែ ផ្លែឈើ ត្រី មឹក បង្គា ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារ និងនៅលំនៅដ្ឋានក្នុងភូមិសាស្រ្តផ្សារភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីមឹក បង្គា និងភេសជ្ជៈគ្រឿងឧបរិភោគបរិភោគ ណាដែលហួសការបរិច្ឆេទថ្ងៃខែឆ្នាំផលិត។
លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានឲ្យដឹងថា ការចុះប្រតិបត្តិការនេះធ្វើឡើង ដោយផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាព ផលិតផលទំនិញ និងសេវានឹងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបក វេចខ្ចប់ការបរិច្ឆេទ កំប៉ុងកំពិតប៉ោងរលួយ។ល។ និងត្រួតពិនិត្យគុណភាពភាព អនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមី ដែលហាមឃាត់ ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ហ៊ុយ ភារម្យ បានថ្លែងបន្តថា ជាលទ្ធផល មន្ត្រីសាខាកាំកុងត្រូល មិនបានរកឃើញសារធាតុគីមី ក្នុងបន្លែ ផ្លែឈើ មឹក បង្គា ភេសជ្ជៈ និងគ្រឿងឧបរិភោគ និងហួសកាលបរិច្ឆេទនោះឡើយ ព្រោះអាជីវករ និងប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ពីព្រោះមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយបន្ថែម ដល់អាជីវករឲ្យចេះមើលរាល់មុខទំនិញ មុននឹងយកចូលមកលក់ ហើយណែនាំបើរបស់ណាមានការសង្ស័យ ឬជិតផុតកំណត់ថ្ងៃខៃឆ្នាំផលិតកុំទិញយកមកលក់ឲ្យសោះវាអាចប៉ះពាល់ដល់សុខភាពអ្នកទិញយកមកបរិភោគ។
ជាចុងក្រោយ លោកបានអំពាវរនាវដល់អ្នកនាំទំនិញចូលក្នុងទីផ្សារទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទដើម្បីចូលរួមចំណែកដើម្បី ការពារផលប្រយោជន៍ និងផ្សព្វផ្សាយណែនាំដល់អាជីវករ នៅក្នុងផ្សារភូមិថ្មីចាំយាម និងធ្វើការពន្យល់ពីលក្ខណៈពិសេស មុននឹងទិញយកទៅលក់ប្រើប្រាស់ ឬបរិភោគហើយដើម្បីសុខភាពរបស់បងប្រជាពលរដ្ឋយើងទាំងអស់គ្នា៕