(រតនគិរី)៖ មន្រ្តីរដ្ឋបាលព្រៃឈើសង្កាត់ក្រុងបានលុង ដឹកនាំដោយលោក លី សុផាន នាយសង្កាត់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅ បានចាប់រ៉ឺម៉កដឹកឈើឈ្លីកតុក្តា ៥ដុំ ត្រង់ចំណុចមុខរោងសិប្បកម្មខាងកើតព្រលានយន្តហោះ ក្នុងភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុង។
បើតាមការរៀរាប់ពីម្ចាស់រ៉ឺម៉កលោក អឿន នី មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុងឲ្យដឹងថា កូនក្មួយគាត់បានយករ៉ឺម៉កដែលគេជួលទៅដឹក (មិនប្រាប់ឈ្មោះម្ចាស់ឈើ) នៅភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជុំ ក្នុងតម្លៃ ៥ម៉ឺនរៀល ដោយម្ចាស់ឈើឲ្យដឹកដាក់កន្លែងរោងសិប្បកម្មខាងលើ។
លោក អឿន នី ប្រាប់បន្តថា ជីវភាពក្រុមគ្រួសារគាត់រាល់ថ្ងៃនេះ ទាំងការហូបចុក, ការរៀនសូត្រកូនចៅ គឺពឹងលើរត់រ៉ឺម៉កនេះឯង, រកស៊ីព្រឹក ខ្វះល្ងាច ដូច្នេះគាត់គាត់គ្មានលទ្ធភាពបង់ថ្ងៃផាកពិន័យជាង ១លានរៀលនោះទេ។
បើតាមប្រភពព័ត៌មាន ឈើឈ្លីកខាងលើនេះ បងប្អូនជនជាតិ ប្រមូលពីចំការដែលនៅសល់យូរឆ្នាំមកហើយ បើទុកក្នុងចំការក៏ខូចដែរ ដូច្នេះគាត់លក់ឲ្យគេបានលុយតិចតួចគ្រាន់ដោះស្រាយជីវភាពពោល គឺមិនបានកាប់ឈើថ្មី ឈើក្នុងព្រៃសហគមន៍អីទេ ហើយកូនក្មួយគាត់ស៊ីឈ្នួលដឹកឲ្យគេមិនដឹងថា ខុសច្បាប់ដែរ។
ទាក់ទិនទៅហ្នឹងករណីចាប់រ៉ឺម៉កដឹកឈើឈ្លីកតុក្តា ៥គ្រាប់ហើយផាកពិន័យយ១លាន២សែនរៀលខាងលើនេះដែរ ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានទូរស័ព្ទសុំការបំភ្លឺពីលោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង ប៉ុន្តែលោកមិនបានបកស្រាយអ្វីនោះទេ គ្រាន់តែឆ្លើយយ៉ាងខ្លីថាជាប់ប្រជុំ។
ជាមួយនឹងសកម្មភាពមេព្រៃចាប់រ៉ឺម៉កដឹកឈើពិន័យយ៉ាងធ្ងន់ធ្ងរនេះដែរ ប្រជាពលរដ្ឋ និងមន្ត្រីរាជការមានមតិលើកឡើងស្រដៀងគ្នាថា ការអនុវត្តច្បាប់ពិតជាត្រឹមត្រូវ ប៉ុន្តែបើពិនិត្យលើឈើជាក់ស្តែងលក់បានតម្លៃប្រហែលជាង ១០ម៉ឺនរៀល គួរតែធ្វើការអប់រំគាត់ឈប់ឲ្យស៊ីឈ្នួលដឹកបន្តទៀត ហើយបើមន្ត្រីរដ្ឋបាលព្រៃឈើមានឆន្ទៈគួរចុះប្រតិបត្តិការក្នុងព្រៃ ព្រោះដីព្រៃឈើរបស់រដ្ឋជាច្រើនហិកតា ត្រូវបានក្រុមឈ្មួញមួយចំនួនកំពុងកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិតាមអំពើចិត្ត៕