(បាត់ដំបង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងយ៉ាងដូច្នេះថា មិនត្រឹមតែជួយលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យមានភាពកាន់តែប្រសើរតែប៉ុណ្ណោះទេ តែក៏ត្រូវរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយជាតិកាត់បន្ថយភាពក្រីក្រ និងបង្កើតមណ្ឌលបណ្ដុះបណ្ដាលអ្នកថែទាំមនុស្សចាស់ សំដៅដល់ការមើលថែមនុស្សចាស់ដែលគ្មានទីពឹងឲ្យបានល្អប្រសើរ និងមានភាពកក់ក្ដៅក្នុងជីវិតរស់នៅផងដែរ។
ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ «គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្របវ័យ ក្នុងសង្គមជាតិនៅកម្ពុជា»។
ពិធីអបអរសាទរខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា នេះ ធ្វើក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី រួមនឹងមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោក វង សូត បានបញ្ជាក់យ៉ាងដូច្នេះថា «ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលានេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារមនុស្សចាស់ សំដៅលើកស្ទួយសុខុមាលភាព មនុស្សចាស់ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិផងដែរ»។
លោកបានបញ្ជាក់ទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតសមាគមមនុស្សចាស់ចំនួន ១,៦៤៦ឃុំ-សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ក្នុងគោលបំណងរួមចំណែកក្នុងការជួយសម្រួលទុក្ខលំបាក និងបានដឹងពីសុខុទុករបស់មនុស្សចាស់នៅតាមសហគមន៍ ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
លោកបានបន្តថា ទន្ទឹមនិងនោះ ក្រសួងបានផ្ដល់ការលើកទឹកចិត្តដល់អង្គការដៃគូដែលបាននិងកំពុងអនុវត្តគម្រោងលើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។ ជាក់ស្ដែង ក្រសួងបានសហការជាមួយអង្គការជួយជនចាស់ជរាអន្តរជាតិកម្ពុជាបង្កើតកម្មវិធីថែទាំងមនុស្សចាស់ តាមលំនៅដ្ឋានដែលបានអនុវត្ត ចាប់តាំងពីឆ្នាំ២០០៤ នៅតាមបណ្ដាលខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, និងបន្តអនុវត្តនៅបណ្ដាលខេត្តផ្សេងទៀត ក្រោមការឧបត្ថម្ភមូលនិធីពីកិច្ចសហប្រតិបត្តិការ កូរ៉េ-អាស៊ានផងដែរ។
លោកបន្ថែមថា ដើម្បីធានាដល់ការគ្រប់គ្រងការងារមនុស្សចាស់ឲ្យបានល្អប្រសើរ លោកក៏សូមយកឱកាសនេះផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុច ដែលក្នុងនោះរួមមាន៖
*ទី១៖ បន្តរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តជាតិ ០១ តុលាជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
*ទី២៖ បន្តផ្សាព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ឲ្យបានទូលំទូលាយ
*ទី៣៖ ត្រូវរៀបចំផែនការសកម្មភាព ផ្ដោតលើចក្ខុវិស័យវែងឆ្ងាយពិសេស ត្រូវបន្ស៊ីជាមួយផែនការ និងគោលនយោបាយផ្សេងៗរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម
*ទី៤៖ ជំរុញរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ជំនួយសង្គមសម្រាប់មនុស្សវ័យចាស់ក្រីក្រគ្មានទីពឹង ដែលជាសេវាកមួយផ្ដល់អត្ថប្រយោជន៍ក្នុងការគាំពារ និងឧបត្ថម្ភដល់ជីវភាពរបស់មនុស្សចាស់
*ទី៥៖ ជំរុញការផ្ដល់ការលើកទឹកចិត្តដល់អង្គការដៃគូពាក់ព័ន្ធ ជាពិសេសអង្គការជួយជនចាស់ជរាអន្តរជាតិកម្ពុជា បន្តអនុវត្តគម្រោងមួយចំនួនក្នុងទិសដៅលើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ផងដែរ។
លោកក៏បានផ្ដាំផ្ញើ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សហគមន៍ជាតិ-អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀតលើការថែទាំមនុស្សចាស់ ដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្ដៅលើប្រព័ន្ធសេវាសង្គមសម្រាប់មនុស្សចាស់៕