Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឈឹម ផលវរុណ ធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃការបំភ្លឺរបស់លោក វ៉ា គឹមហុង ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីកិច្ចការព្រំដែន

10-10-2019 10:59

(ភ្នំពេញ)៖ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោក ឈឹម ផលវរុណ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងរៀបចំសន្និសីទសារព័ត៌មានមួយ បង្ហាញអំពីលទ្ធផលនៃការបំភ្លឺរបស់ លោកវ៉ា គឹមហុង ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីកិច្ចការព្រំដែន។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃនេះ ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីកិច្ចការព្រំដែន បន្ទាប់ពីមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពី កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងចំនួន២ កាលពីសប្តាហ៍មុននោះ ក្នុងនោះរួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ រួមទាំងប្រជាពលរដ្ឋជាច្រើន បានបង្ហាញអំពីបំណងចង់ដឹងលម្អិតអំពីកិច្ចការនេះ។

កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០ពាន់ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះ សម្រេចបានប្រមាណ ៨៤ភាគរយផងដែរ៕