(ភ្នំពេញ)៖ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ជាលំនៅឋានស្តង់ដាជប៉ុនទីមួយនៅកម្ពុជា ដែលមានទីតាំងនៅកណ្តាលក្រុង និងមានតម្លៃសមរម្យ ដែលបានបើកដំណើរការសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះសម្រាប់ដំណាក់កាលទី១ សាងសង់សម្រេច៦០ភាគរយហើយ ដែលគ្រោងនឹងដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០២០ខាងមុខនេះ។
អារ៉ាខាវ៉ា បាននិងកំពុងតែទាក់ទាញ បាននូវបេះដូងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្ត ដោយសារតែចាប់តាំងពីប្រកាសលក់ កាលពីខែមិថុនា ឆ្នាំ២០១៩ រហូតដល់ពេលនេះ គម្រោងដែលមានចំនួនសរុបជាង១ពាន់យូនីត បានលក់អស់ជិត១ពាន់យូនីតហើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ នៅទីតាំងគម្រោងស្ថិតនៅផ្លូវ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក អៀង សុធារ៉ា សហស្ថាបនិក្រុមហ៊ុនអារ៉ាខាវ៉ា បានបញ្ជាក់ឲ្យដឹងថា អារ៉ាខាវ៉ា មានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រមាណជា ៧០លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាពផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អ សម្រាប់ពលរដ្ឋខ្មែរ ដែលមានចំណូលទាប និងមធ្យម ហើយមានបំណងចង់រស់នៅ ផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរ នៅកណ្តាលរាជធានីភ្នំពេញ។
លោកបន្តថា «ចាប់តាំងពីយើងប្រកាសលក់មក ដែលមានចំនួន១០អគារ ឬ៥ប្លុក (A-E) [ដំណាក់កាលទី១] ដែលមានជាង១ពាន់យូនីតទាំងធំ ទាំងតូច ហើយរហូតមកដល់ពេលបច្ចុប្បន្ន យើងលក់បានជិត១ពាន់យូនីតហើយ។ សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងនៅភ្នំពេញ ទាំងនៅតាមខេត្ត ទាំងនៅជាយក្រុង គឺមួយថ្ងៃៗកាន់តែច្រើនឡើងៗ គាត់បានមកមើល និងពេញចិត្ត ដែលភាគច្រើនបានចុះកិច្ចសន្យាទិញពីក្រុមហ៊ុនរបស់យើង»។
លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានថ្លែងថា លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណងឲ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូររបស់អារ៉ាខាវ៉ាបាន និងទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប នៅកណ្តាលទីក្រុងភ្នំពេញ។
លោក អាឡិច យ៉ាស៊ូម៉ូតូ ទៅថ្ងៃអនាគតប្រជាពលរដ្ឋកម្ពុជា នឹងប្តូរទម្លាក់ពីការរស់នៅផ្ទះល្វែងជាយក្រុងឆ្ងាយៗ មករស់នៅក្នុងខុនដូកណ្តាលក្រុងវិញ ព្រោះងាយស្រួលរស់នៅជាង ជិតកន្លែងធ្វើការជាតិ ហើយជាបទពិសោធន៍របស់ប្រជាជនរស់នៅប្រទេសអភិវឌ្ឍន៍ ក៏បែបនេះដែរ។
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានថ្លែងថា ក្រុមហ៊ុនអារ៉ាខាវ៉ា នឹងខិតខំធ្វើយ៉ាងណា បង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម។
បើតាមការបញ្ជាក់របស់លោក អៀង សុធារ៉ា បានបន្ថែមថា អតិថិជនដែលទិញយូនីតក្នុងលំនៅឋានអារ៉ាខាវ៉ា នឹងទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) តកូនតចៅ ហើយដីរបស់គម្រោងនេះជាដីរបស់ក្រុមហ៊ុន មិនមែនជាដីជួល ដែលនាំមកនូវក្តីបារម្ភដល់អតិថិជននោះឡើយ។
Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាលំនៅឋានស្តង់ដាជប៉ុនទីមួយនៅកម្ពុជា ដែលបានក្លាយទៅជាគម្រនៃលំនៅឋាន ឬសំណង់អគារនានា ដែលមានស្តង់ដាជប៉ុនពិតប្រាកដ ជាពិសេស បច្ចេកទេសសំណង់ទាំងមូល និងប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ និងប្រព័ន្ធទឹកលូ ជាដើម ដើម្បីបញ្ចៀសនូវក្តីកង្វល់ដល់ម្ចាស់ផ្ទះដែលបានទិញរួច។
លោក អៀង សុធារ៉ា បានបញ្ជាក់ថា លំនៅឋានអារ៉ាខាវ៉ា ប្រើទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការបស់អតិថិជនយកមកសាងសង់ ហើយក៏ជាក្រុមហ៊ុនដែលផ្តល់ឲ្យអតិថិជនអាចទិញ ដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលោះដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រាក់ប្រចាំខែ ចាប់ពី២៧៣ដុល្លារឡើងទៅ សម្រាប់រយៈពេល៣៦ខែ និងបន្ទាប់ពីនោះបង់ត្រឹមតែ១៦០ដុល្លារ ទៅ១៧០ដុល្លារក្នុង១ខែ។
លំនៅឋានអារ៉ាខាវ៉ា សាងសង់លើផ្ទៃដីជាង១.៣ហិចតា នៅដំណាក់កាលទី១ មានចំនួន១០អគារ និងមានកំពស់២១ជាន់ស្មើៗគ្នា។ រាល់ផ្ទះទាំងអស់បែរមុខទៅទិស ខាងជើង និងទៅខាងត្បូង ដើម្បីងាយស្រលក្នុងការស្របយកពន្លឺ និងខ្យល់អាកាសគ្រប់រដូវកាល។ បច្ចុប្បន្នលំនៅឋានអារ៉ាខាវ៉ា សង់បានដល់១៥ជាន់ហើយ ហើយនឹងក្លាយជាទីតាំងដ៏សំខាន់មួយ សម្រាប់និស្សិតសិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្ដែង ពិសេសគម្រោងសំណង់ធំៗបែបនេះ។
Arakawa Residence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជិតផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀន និងសាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រលក្នុងការធ្វើដំណើរ ឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូលចាប់ពី៦០០ដុល្លារឡើងទៅ អាចទិញបានផ្ទះមួយជាប្រភេទស្ទូឌីយោ ឬផ្ទះមានពីរបន្ទប់។
សូមជម្រាបថា ក្រុមហ៊ុន អារ៉ាខាវ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរ និងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសាងសង់ និងដាក់ឲ្យដំណើរការរួចមកហើយ អាផាតមិនដែលមានឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វារ៕