(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំា២០១៩នេះ បានសហការរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទីមួយ ស្តីពីការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុសាសន៍ពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៣ ឆ្នាំ២០១៩។
ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និងលោកស្រី Nicolatta Zappile ប្រធានកម្មវិធីនៃអង្គការ UPR intro ព្រមទាំងមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖ តំណាងក្រសួងស្ថាប័នរដ្ឋ តំណាងអង្គទូត សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ ចំនួនសរុបប្រមាណជា ២០០នាក់
សិក្ខាសាលានេះ ត្រូវរៀបចំឡើងរយៈពេលមួយថ្ងៃកន្លះ គឺថ្ងៃទី០៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ សិក្ខាសាលានេះ មានសមាសភាពចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ រួមមាន៖ តំណាងក្រសួងស្ថាប័នរដ្ឋ តំណាងអង្គទូត សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ ចំនួនសរុបប្រមាណជា ២០០នាក់ និងក្នុងគោលបំណងដូចតទៅ៖
*ទី១៖ បង្កើនការយល់ដឹងអំពីយន្តការ UPR និងការចូលរួមរបស់កម្ពុជាជាមួយដំណើរការ UPR នេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់
*ទី២៖ ធ្វើការបែងចែក និងកំណត់អនុសាសន៍ទាំង ១៧៣ ដល់ក្រសួង ស្ថាប័នទទួលបន្ទុកដើម្បីអនុវត្ត
*ទី៣៖ ផ្តល់វេទិកាដល់ក្រុមអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចូលរួម និងផ្តល់យោបល់ ក្នុងការបែងចែក និងដាក់ឱ្យអនុវត្តអនុសាសន៍ទាំង១៧៣នេះ។
សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃកន្លះ ដែលថ្ងៃទីមួយនឹងធ្វើការផ្សព្វផ្សាយអនុសាសន៍ UPR ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងពិភាក្សាបែងចែកអនុសាសន៍ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្ត។ ចំណែកឯថ្ងៃទីពីរ គឺផ្តោតលើការរៀបចំផែនការប្រតិបត្តិ ក្នុងការអនុវត្តអនុសាសន៍ទាំង១៧៣ ដោយមានការចូលរួមធ្វើបទបង្ហាញ និងណែនាំពីអ្នកជំនាញរបស់អង្គការ UPR Info មកពីទីក្រុងហ្សឺណែវ ផងដែរ។
សិក្ខាសាលានេះ សហការរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា និងអង្គការ UPR Info មកពីហ្សឺណែវ ហើយប្រព្រឹត្តទៅរយៈពេល មួយថ្ងៃកន្លះ ហើយថ្ងៃទី១៖ មានរយៈពេលពេញមួយថ្ងៃ ធ្វើការផ្សព្វផ្សាយអនុសាសន៍ ដល់គ្រប់ភាគីពាក់ព័ន្ធ និងពិភាក្សាបែងចែកអនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្ត។
ថ្ងៃទី២៖ រយៈពេលមួយព្រឹក ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង កម្រិតបច្ចេកទេស និងក្រុមការងាររបស់ គ.ស.ម.ក ផ្តោតលើការរៀបចំផែនការ ប្រតិបត្តិក្នុងការអនុវត្តអនុសាសន៍ទាំង១៧៣ ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញរបស់អង្គការ UPR Info មកពីហ្សឺណែវ។
កិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងដៃគូសន្ទនាសិទ្ធិមនុស្ស គណៈកម្មាធិការសិទ្ធិមនុស្ស ធ្លាប់បានសហការជាមួយ OHCHR រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការសរសេរ របាយការណ៍សិទ្ធិមនុស្ស ដល់មន្ត្រីរាជការតាមក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន៣លើក កាលពីឆ្នាំ២០១៧ កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិលើពង្រាងរបាយការណ៍ UPR ជុំទី៣ ចំនួន១លើក ក្នុងឆ្នាំ២០១៨ និងបានសហការគ្នា ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបទី៧០ឆ្នាំនៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (UDHR) ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ២០១៨៕