(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយអាវុធហត្ថក្រុងបាវិត និងមន្ត្រីសាលាក្រុងបាវិត នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ KTV «ហ្វាងថាងល៊ាំងហ្វាន់ស័រ» នៅក្រុងបាវិត ដែលបេសកម្មនេះមានការសហការពីម្ចាស់ KTV ដើម្បីយកមី និងបន្លែដែលហូបពុល ដើម្បីធ្វើតេស្តរកសារធាតុពុលនៅមន្ទីរពិសោធន៍ឡាបូ នៅរាជធានីភ្នំពេញ។
លោក ហោ ដារ៉េត អនុប្រធានសាខាកាំកុងត្រូលខេត្ត បានថ្លែងបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងថា ដោយមានការណែនាំពីលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត, លោក និងមន្ត្រី សហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចកិច្ច ចុះពិនិត្យរកមូលហេតុនៃការពុលអាហារនៅ KTV នេះ ហើយជំហានដំបូងមន្ត្រីជំនាញ បានយកមីម៉ាកមីគីផលិតនៅវៀតណាម បន្លែ ស្ពៃតឿ ស៊ុត ទឹកស៊ុប ដើម្បីទៅធ្វើតេស្ត មកពិនិត្យរកសារធាតុពុល ដើម្បីឲ្យដឹងច្បាស់ថា ពុលបណ្តាមកពីអ្វីឲ្យពិតប្រាកដ។
ទោះបីយ៉ាងណា បើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ជំហានដំបូងករណីនេះសង្ស័យមកពីពុលមី តែដើម្បីឲ្យដឹងច្បាស់នោះ រង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ឡាបូនៅភ្នំពេញសិន ទើបអាចបញ្ជាក់ឲ្យដឹងច្បាស់។
លោកថា «មន្ត្រីជំនាញយើង បានចុះទៅដល់កន្លែងទីតាំងលក់មីវៀតណាម នៅក្នុងសង្កាត់បាវិត ដើម្បីណែនាំដល់អ្នកលក់មីប្រភេទនេះ បញ្ឈប់លក់ជាបណ្តោះអាសន្ន រង់ចាំមន្ត្រីជំនាញធ្វើការពិសោធន៍ថា តើមានជាតិពុល ឬអត់ តែបើមិនមានទេទើបអនញ្ញាតឲ្យលក់បន្ត តែបើរកឃើញមានជាតិពុលវិញ គឺមិនអនុញ្ញាតឲ្យលក់មីនេះទៀតជាដាច់ខាត»។
បើតាមស្ត្រីម្នាក់ដែលបំរើការងារនៅក្នុង KTV នេះ បានឲ្យដឹងថា នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅ KTV «ហ្វាងថាងល៊ំាងហ្វាន់លៀនស័រ» បាននាំគ្នាហូបមីវៀតណាម ដោយបានឆុងជាមួយទឹកធម្មតា និងលាយស្បៃតឿ ស្រាប់តែមួយសន្ទុះក្រោយមក មានអាការៈមិនស្រួលខ្លួន ដោយអ្នកខ្លះវិលមុខ ក្អួតចង្អោរ រាករុស ថប់ដង្ហើមជាដើមត្រូវបានមេការ KTV ខាងលើ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅក្លីនិកឯកជនមួយកន្លែងនៅក្រុងបាវិត។
ស្ត្រីខាងលើបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ពួកគេមិនសូវហូបមីទេ គឺហូបបាយជាម្ហូបធម្មតា តែដោយសារតែចុងភៅអត់នៅក៏នាំគ្នាឆុងមីហូបស្រាប់តែពុលតែម្តងទៅ៕