(ភ្នំពេញ)៖ គណៈកម្មាធិការ គ្រប់គ្រងបំណុលសាធារណៈ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង បំណុលសាធារណៈ ២០១៩-២០២៣» នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.)។
កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងបំណុលសាធារណៈ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន, សមាជិក នៃគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។
សេចក្តីព្រាង «យុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» នេះ ត្រូវបានរៀបចំឡើង អនុលោមតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា និងឧត្តមានុវត្តជាអន្តរជាតិ ដោយ៖
១៖ ពិនិត្យលើវឌ្ឍនភាពនៃការ អនុវត្តយុទ្ធសាស្រ្ត ស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ ២០១៥-២០១៨ ព្រមទាំង
២៖ វិភាគលើហានិភ័យ, បញ្ហា ប្រឈម, និងកាលានុវត្តភាពនៃការគ្រប់គ្រងបំណុលសាធារណៈកម្ពុជា ហើយនឹងដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្ត មួយចំនួន ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មី នៃសេដ្ឋកិច្ចដែលកាន់តែ រីកលូតលាស់ និងមានភាពស្មុគស្មាញជាងមុន សំដៅរួមចំណែកក្នុងការបង្កើនល្បឿន នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះ ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាមួយគ្នានេះ ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធនានា សេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៣» នេះ ត្រូវបានដាក់ឆ្លងកិច្ចពិភាក្សាកម្រិតបច្ចេកទេសផ្ទៃក្នុង ក.ស.ហ.វ. ជាច្រើនលើកច្រើនសារ ដែលកិច្ចប្រជុំពិគ្រោះយោបល់ចុងក្រោយ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត អនុប្រធានប្រចាំការ នៃគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ មុននឹងយកមកដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងបំណុលសាធារណៈ នាពេលនេះ។
ដើម្បីបន្តធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាពនៃការគ្រប់គ្រងបំណុល សាធារណៈ ក្នុងរយៈពេលមធ្យម និងវែង, សម្រាប់ឆ្នាំ ២០១៩-២០២៣, រាជរដ្ឋាភិបាល នឹងប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ ទាំង៥រួមមាន៖
១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬ ផលិតភាពផលិតកម្ម;
៤៖ ប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និង ស័ក្តិសិទ្ធិភាពខ្ពស់ បំផុត; និង
៥៖ ប្រើប្រាស់ឥណទាន សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេស ធានា បាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
អង្គប្រជុំ បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃ «យុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» នេះ ហើយបានពិភាក្សាស៊ីជម្រៅ លើខ្លឹមសារតាមជំពូកនីមួយៗ នៃសេចក្តីព្រាងយុទ្ធសាស្រ្ត សំដៅធានា បាននូវសង្គតិភាព និងភាពប្រឡាក់ក្រឡា ជាមួយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងទៀត។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះមតិយោបល់ល្អៗ របស់សមាជិក-សមាជិកានៃអង្គប្រជុំ ព្រមទំាងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃ ក.ស.ហ.វ ដែលបានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ៕