(ភ្នំពេញ)៖ កញ្ញា ឆែ ដានី ម្ចាស់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើវេទិកាកិច្ចពិភាក្សាចំណេះដឹងទូទៅស្តីវប្បធម៌ជាតិឆ្នាំ២០១៨ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងដង្ហោយស្វែងរកការជួយសង្គ្រោះជីវិតពីសប្បុរសជន។
កញ្ញា ឆែ ដានី មានអាយុ ២៦ឆ្នាំ ជាកូនអ្នកខេត្តពោធិ៍សាត់ ទើបបញ្ចប់ការសិក្សាផ្នែកអក្សរខ្មែរនៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ កញ្ញាជាកុលធីតាខ្មែរមួយរូប ដែលបានរួមចំណែកយ៉ាងសកម្មភាពលើការងារមនុស្សធម៌ជាពិសេសលើផ្នែកវប្បធម៌។ កញ្ញាធ្លាប់បានចូលរួមក្នុងសកម្មភាពយុវជនស្ម័គ្រចិត្តជួយរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងកម្មវិធីក្រមាវែងជាងគេលើពិភពលោករបស់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
កញ្ញា ដានី ត្រូវបានគេស្គាល់កញ្ញាច្បាស់តាមរយៈការលេងឧបករណ៍បុរាណខ្មែរ «សាដៀវ ឬឯកតន្ត្រី»។ ព្រោះតែការស្រឡាញ់ឧបករណ៍តន្ត្រីបុរាណខ្មែរ ដានី បានឆ្លៀតពីការសិក្សារៀនសូត្រទៅរៀនលេងឧបករណ៍នេះរហូតដល់ស្ទាត់ជំនាញ។
បច្ចុប្បន្នកញ្ញា ឆែ ដានី កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយកំពុងសម្រាកព្យាបាលជំងឺនៅក្នុងប្រទេសវៀតណាម។ នៅក្នុងបណ្ណអំពាវនាវស្វែងរកការជួយសង្គ្រោះជីវិត ឆែ ដានី បានរៀបរាប់ឱ្យដឹងថា កញ្ញាកំពុងកើតជំងឺខួរឆ្អឹងខ្នងឈប់ផលិតគ្រាប់ឈាម (Aplastic Anemia)។
ដានី បានរៀបរាប់ក្នុងបណ្ណអំពាវនាវនោះទៀតថា ក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើថ្នាំចាក់អស់រយៈពេលបីសប្តាហ៍មកហើយ ប៉ុន្តែខួរឆ្អឹងនៅតែមិនដំណើរការ។ ក្រោយពីព្យាបាលមួយរយៈមកនេះ គ្រូពេទ្យបានផ្តល់ជម្រើសព្យាបាលពីរយ៉ាងជូនកញ្ញា គឺការបណ្តុះខួងឆ្អឹង និងប្រើប្រាស់ថ្នាំចាក់ប្រភេទផ្សេង។ ការព្យាបាលក្នុងជម្រើសទី១ មានឱកាសជាសះស្បើយ ៨០ភាគរយ ខណៈជម្រើសទី២ មានឱកាសជាសះស្បើយប្រមាណ ៦០ភាគរយ។
បើតាមបណ្ណអំពាវនាវស្វែងរកការជួយសង្គ្រោះ កញ្ញា ដានី បានបញ្ជាក់ថា ការព្យាបាលក្នុងជម្រើសទាំងពីរនេះ ត្រូវចំណាយថវិកាប្រមាណ ៥ម៉ឺនដុល្លារ។
កញ្ញា ដានី បានបញ្ជាក់ថា ទំហំទឹកប្រាក់សម្រាប់ព្យាបាលជំងឺនេះ កញ្ញា និងគ្រួសារមិនមានលទ្ធភាពនោះឡើយ។ ដោយសារចង់បន្តមានជីវិតដើម្បីរស់រៀននៅលើពិភពលោកនេះបន្តទៀត ដើម្បីបានតបស្នងសងគុណអ្នកមានគុណ និងធ្វើសកម្មភាពក្នុងបុព្វហេតុវប្បធម៌នោះ កញ្ញា ដានី បានទទូចសុំក្តីសណ្តោសពីសប្បុរសជនជួយបន្តជីវិតរបស់កញ្ញា។
កញ្ញា បានអំពាវនាវយ៉ាងដូច្នេះ «នេះប្រហែលជាក្តីសង្ឃឹមចុងក្រោយរបស់នាងខ្ញុំហើយ។ គ្រួសារនាងខ្ញុំពុំមានលទ្ធភាពដើម្បីបន្តព្យាបាលជំងឺនាងខ្ញុំទេ តែខ្ញុំនៅមានសង្ឃឹមថា បងប្អូន មិត្តភក្តិ នឹងអាចជួយចូលរួមតាមលទ្ធភាពដែលអាចជួយបាន ដើម្បីឲ្យខ្ញុំអាចបង្រៀនដូចដើម និងធ្វើការងារស្ម័គ្រចិត្តដើម្បីយុវជន និងសង្គមជាតិបន្តទៀត។ ខ្ញុំមិនអាចសរសេរបានច្រើនទេ ញ័រដៃណាស់ មានតែអរគុណទុកជាមុនសម្រាប់ទឹកចិត្តបរិច្ចាគជួយនាងខ្ញុំ»។
ព្រោះតែក្តីអាណិតអាសូរចំពោះកញ្ញា ឆែ ដានី, អ្នកលេងបណ្តាញសង្គមជាច្រើន បានចែករំលែកនូវសារអំពាវនាវនេះ ជាមួយការរំលេចនូវសារអាណិតអាសូរជាច្រើន។
សប្បុរសជនដែលមានទឹកចិត្តសប្បុរសជួយសង្គ្រោះជីវិតកញ្ញា ឆែ ដានី សូមទាក់ទងសាកសួរពត៌មានតាមទូរស័ព្ទលេខ៖ 012462736/ 098 590 005។ សប្បុរសជនក៏អាចចូលរួមបរិច្ចាគថវិកាជួយសង្គ្រោះជីវិតកញ្ញាតាមគណនី៖ ABA 000485310 (Hour Tola)/ Wing 01567459 ( Meng Puthy)៕វ