(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង៤៥០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ និងបានរៀបចំពិធីពិសានំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលយ៉ាងក្រៃលែង។
នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូន ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអធ្យាស្រ័យ ចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។
លោកអភិបាលខណ្ឌ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕