(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថានកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥ បានសង្កត់ធ្ងន់ថា អាស៊ានមិនទាន់អាចដោះស្រាយបញ្ហាផ្សែងអ័ព្ទឆ្លងដែន នៅឆ្នាំ២០២០ ដូចទស្សនវិស័យរបស់ខ្លួនចង់បាននោះទេ។
ការសង្កត់ធ្ងន់បែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងនៅថ្ងែទី០៩ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល រដ្ឋមន្ត្រីបរិស្ថានអាស៊ានទាំងអស់ បានប្រជុំលើប្រធានបទដ៏សំខាន់ស្ដីពី ការឈានទៅរកកិច្ចព្រមព្រៀង លើការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប។
លោក សាយ សំអាល់ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ប្រទេសសមាជិកអាស៊ាននៅមិនទាន់អាចដោះស្រាយការបំពុលដោយផ្សែងអ័ព្ទ បាននៅឡើយនោះទេ ក្នុងខណៈដែលទស្សនវិស័យរបស់អាស៊ាន ឆ្នាំ២០២០ ស្ដីពីអាស៊ានគ្មានផ្សែងអ័ព្ទនឹងមកដល់តែ២ខែទៀត តែប៉ុណ្ណោះ»។
លោក សាយ សំអាល់ បានអះអាងថា ការកំណត់ទិសដៅរបស់អាស៊ាន បានចូលមកដល់ហើយ ប៉ុន្តែ ដោយផ្អែកលើអ្វីដែលអាស៊ាន បានធ្វើនាពេលបច្ចុប្បន្ន គឺមិនទាន់អាចដោះស្រាយបញ្ហានេះបាននៅឡើយនោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យទស្សនវិស័យមួយនេះ យូរយ៉ាងនោះទេ។
រដ្ឋមន្ត្រីបរិស្ថានកម្ពុជារូបនេះ បានឱ្យដឹងថា នាពេលនេះ គឺក្នុងពេលដែលបញ្ហាអ័ព្ទបំពុលនេះ កំពុងតែក្លាយជាបញ្ហាក្តៅគគុក នៃការជជែកពិភាក្សា របស់ប្រទេសសមាជិកអាស៊ាន ខណៈពេលដែលផ្សែងអ័ព្ទពុលដែលភាគច្រើន កើតចេញពីប្រទេសឥណ្ឌូនេស៊ី ហើយធ្វើឱ្យ ប៉ះពាល់ដល់បណ្ដាប្រទេសជុំវិញនោះដែលរួមមាន៖ ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ជាដើម។
ប្រទេសសមាជិកអាស៊ានទាំង១០ បានចុះលេខាលើកិច្ចព្រមព្រៀង ស្ដីអំពីផ្សែងអ័ព្ទបំពុលឆ្លងដែននេះ នៅឆ្នាំ២០០២ ប៉ុន្តែ ចូលជាធរមាននៅចុងឆ្នាំ២០០៣។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងតំបន់ទី១ ដែលប្រទេសសមាជិកអាស៊ាន បានចុះហត្ថលេខាដើម្បីគ្រប់គ្រង ការបំពុលផ្សែងអ័ព្ទឆ្លងដែនដែលកើតចេញពីភ្លើងឆេះព្រៃ និងបញ្ហាផ្សេងៗទៀតជាច្រើន។
ជាមួយគ្នានេះ សមាជិកអាស៊ានទាំងអស់ ក៏បានបង្កើតមូលនិធិ សម្រាប់គាំទ្រលើការគ្រប់គ្រងផ្សែងអ័ព្ទ ផងដែរ។ គិតត្រឹមឆ្នាំ២០១៩ អាស៊ានមានថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការគាំទ្រលើបញ្ហាផ្សែងអ័ព្ទឆ្លងដែននេះ។ លោក សាយ សំអាល់ ក៏បានជំរុញឱ្យសមាជិកអាស៊ានទាំងអស់ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ស្ដីអំពីផ្សែងអ័ព្ទបំពុលឆ្លងដែន ហើយលោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា អាស៊ាន ត្រូវតែធ្វើការងារ ដើម្បីឆ្ពោះទៅតំបន់មួយដែលគ្មានការបំពុល។
គួរឱ្យកត់សម្គាល់ថា ពេញមួយព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ សមាជិកអាស៊ានទាំងអស់ និងពិនិត្យមើលទៅលើបញ្ហាផ្សែងអ័ព្ទឆ្លងដែន និងការអនុវត្តការងារ របស់អាស៊ាន និងប្រទេសសមាជិកនីមួយៗ ទៅលើការគ្រប់គ្រងការបំពុលដោយផ្សែងអ័ព្ទនេះ ហើយទន្ទឹមនឹងនោះ ផែនទីបង្ហាញទិស នៃកិច្ចសហប្រតិបត្តិការ របស់អាស៊ាន ស្ដីពីការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន ក៏នឹងត្រូវជជែកពិភាក្សាលំអិតលើយន្តការ នៃការអនុវត្តផងដែរ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញឱ្យដឹងថា ប្រទេសនៅក្នុងតំបន់អាស៊ាន បានបង្ហាញគោលជំហររួមគ្នា បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធ្វើការទប់ស្កាត់ ដូចជាប្រឆាំងជាមួយភ្លើងឆេះព្រៃ ក៏ដូចជាការបំពុល ដោយអ័ព្ទឆ្លងដែន ហើយអ័ព្ទឆ្លងដែននេះ គឺជាបញ្ហាមួយបង្កក្តីព្រួយបារម្ភរបស់ប្រទេសសមាជិកអាស៊ាន ហេតុដូច្នេះ នៅក្នុងកិច្ចប្រជុំនេះ គឺរដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានបង្ហាញនូវក្តីព្រួយបារម្ភជុំវិញភាពធ្ងន់ធ្ងរនៃការបំពុលផ្សែងអ័ព្ទ និងការរីកសាយភាពនៃបញ្ហាផ្សែងអ័ព្ទនាពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ជាពិសេសនៅភាគខាងជើង និងភាគខាងត្បូងរបស់អាស៊ាន។
លោក នេត្រ ភក្ត្រា បានបន្តថា រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏បានបង្ហាញនូវសមានចិត្តចំពោះប្រជាពលរដ្ឋជាច្រើនលាននាក់ ដែលទទួលរងនូវផលប៉ះពាល់ ពីការបំពុលផ្សែងអ័ព្ទឆ្លងដែន នេះដែរ។ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏បានកត់សម្គាល់ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការផ្តល់ជំនួយ ក៏ដូចជាការរួមសហការគ្នា ដើម្បីគ្រប់គ្រងលើបញ្ហាភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទឆ្លងដែន។
លោកបានបញ្ជាក់ថា ផ្សែងអ័ព្ទឆ្លងដែននេះ មិនមែនធ្វើឱ្យប៉ះពាល់ដល់បិរស្ថាន និងសុខភាពរបស់មនុស្សនោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចប្រទេសសមាជិករបស់អាស៊ានផងដែរ៕