(សៀមរាប)៖ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា នារយៈពេល៩ខែ ក្នុងឆ្នាំ២០១៩នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៨៧៩ករណី។
ការអនុញ្ញាតខាងលើ បានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១០៦ករណី ស្រុកអង្គរធំចំនួន១១៥ករណី ស្រុកពួកចំនួន ១៨៥ករណី ស្រុកបន្ទាយស្រីបានចំនួន ១៦៧ករណី និងក្រុងសៀមរាបចំនួន ៣០៦ករណី។
ប្រធានលេខាធិការដ្ឋានសហគមន៍លោក អឿន សំអុន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែនេះ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះមកអាជ្ញាធរជាតិអប្សរាចំនួន ១៧៤៦ករណី ក្នុងនោះក្រុមការងារបានផ្តល់ការអនុញ្ញាតតាមសំណូមពរចំនួន ៨៧៩ករណី។
ការអនុញ្ញាតនេះ គឺផ្អែកទៅលើគោលការណ៍គ្រប់គ្រងលំនៅដ្ឋានស្របតាមលក្ខខណ្ឌនៃកិច្ចអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក។
ចំពោះការងារនេះ ប្រធានលេខាធិការដ្ឋានសហគមន៍បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលតែងសហការចូលរួម សម្រួលដល់ការងារនេះទទួលបានលទ្ធផលជាទីមោទនៈ។
ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការកែលម្អគេហដ្ឋានរបស់ខ្លួន សូមធ្វើការទំនាក់ទំនងជាមួយភូមិឃុំសង្កាត់ ដើម្បីដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះរបស់ខ្លួនមកលេខាធិការសហគមន៍អាជ្ញាធរជាតិអប្សរា៕