(ភ្នំពេញ)៖ នៅក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ មានរៀបចំពិធីសម្ពោធមន្ទីរពិសោធន៍ចល័ត (Mobile Lab) របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន កាំកុងត្រូលជាច្រើននាក់ផងដែរ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា តាមរយៈរថយន្តមន្ទីរពិសោធន៍ចល័តនេះ ក្រសួង និងអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមកែតម្រូវគោលនយោបាយ ដើម្បីគ្រប់គ្រងនូវកិច្ចការ សមស្របទៅតាមច្បាប់ កំពុងអនុវត្តន៍ទៅលើសុវត្ថិភាពម្ហូបអាហារ, ការពារអ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងឲ្យមានសមភាព។ គិតមកដល់ពេលនេះ រថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកចំណីម្ហូបអាហារមានចំនួន ៣គ្រឿង និង១គ្រឿងផ្សេងទៀត ខាងផ្នែកត្រួតពិនិត្យប្រេងឥន្ធនៈ។
លោករដ្ឋមន្រ្តី ក៏មានមហិច្ឆិតាថា នឹងខិតខំប្រឹងប្រែងយ៉ាងណា រៀបចំឲ្យមានរថយន្តពិសោធន៍ចល័តនេះ ក្នុងរាជធានី-ខេត្តទាំងអស់សម្រាប់បម្រើឲ្យទាន់ពេលវេលានៅតាមទីផ្សារ ជាពិសេសនៅជនបទ។
ជាមួយគ្នានេះ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ក្រោយបង្ហាញវត្តមានរបស់រថយន្តមន្ទីរពិសោធន៍ចល័តទាំងនេះ បានបំពេញ តម្រូវការយ៉ាងច្រើន ជូនដល់ប្រជាពលរដ្ឋ ចំពោះការផ្តល់សេវាត្រួតពិនិត្យ បន្ទាប់ពីមានការសង្ស័យនានា ពីប្រជាពលរដ្ឋទៅលើចំណីម្ហូបអាហារណា ដែលគ្មានគុណភាព និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
សូមបញ្ជាក់ថា ចំពោះរថយន្តមន្ទីរពិសោធន៍ចល័តទាំង ៤គ្រឿងខាងលើនេះ ក្នុងមួយគ្រឿងមានតម្លៃជាង ១០ម៉ឺនដុល្លារនឹងធ្វើការទូទាំងប្រទេស (ចល័តទូទាំងប្រទេស)ដោយមានកម្មវិធីច្បាស់លាស់ ចេញពីខេត្តមួយចូលខេត្តមួយទៀត៕