(កណ្តាល)៖ ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅខិតជិតមកដល់ គេសង្កេតឃើញនៅព្រឹកថ្ងៃទី០៩ ខែតុលានេះ ក្រុមចំណុះទូកជាង ៧០នាក់ នៃទូកងរឥន្រ្ទីសែនជ័យចំណុះឲ្យវត្តព្រែកសំរោង បានខិតខំហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនចូលប្រកួតក្នុងពិធីបុណ្យអុំទុក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលឆាប់ៗខាងមុខនេះ។
លោក ឡោ ញឹម ប្រធានក្រុមចំនុះទូកឥន្ទ្រីសែនជ័យ នៃវត្តព្រែកសំរោង បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា ក្រុមចំណុះទូកខ្លួនមានគ្នាប្រមាណ៧០នាក់ ដែលត្រៀមខ្លួនចូលប្រកួតនៅថ្ងៃប្រណាំងមកដល់ ខណៈដែលក្រុមខ្លួនចាប់ផ្ដើមហ្វឹកហាត់នៅព្រឹកនេះ គឺដើម្បីសមឲ្យស្ទាត់ដៃគ្នា ដឹងចិត្តគ្នា ស៉ីសង្វាក់គ្នាឲ្យល្អ ដើម្បីអុំទូកទម្លុះផ្ទៃទឹកដូចឥន្ទ្រីដូច្នោះដែរ។
លោករំពឹងថា ទូកឥន្រ្ទីសែនជ័យនៃវត្តព្រែកសំរោងនេះ នឹងយកជ័យជម្នះឲ្យបានដោយលោកសង្ឃឹមប្រមាណ ៩០%។ ប៉ុន្តែទន្ទឹមការប្រណាំងនេះ លោកប្រធានក្រុមស្នើដល់សប្បុរសជន ជួយឧបត្ថម្ភក្រុមកីឡាករផង ព្រោះកំពុងជួបបញ្ហាស្បៀងអាហារ។
សូមបញ្ជាក់ថា ស្របពេលដែលថ្ងៃកំណត់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម១ម៉ែត្រក៏ដោយ។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ការផ្អាកនេះ ដោយសារមូលហេតុធំៗមួយចំនួន ដូចជាទឹកជំនន់ ការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ និងភាពវឹកវរក្រោយការបោះឆ្នោតជាដើម។ ទោះជាយ៉ាងនេះក្តី ព្រះរាជពិធីបុណ្យ ដែលជាបុណ្យប្រពៃណីជាតិ ក៏ត្រូវបានរៀបចំឡើងវិញជាធម្មតាឡើងវិញ ជាបន្តបន្ទាប់ផងដែរ៕