(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប បានប្តេជ្ញាបន្តភាពជាដៃគូបន្តទៀត ក្នុងការដោះស្រាយ នូវរាល់សំណូមពរ ឬកង្វល់នានា សំដៅធ្វើយ៉ាងណាឲ្យបរិយាកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា បន្តបានភាពទាក់ទាញ ជាពិសេសដល់សហគមន៍អឺរ៉ុប។
ជំហររបស់ភាគីទាំងពីរ ត្រូវបានបង្ហាញឡើងតាមរយៈលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអនុញ្ញាតឲ្យ គណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប ដឹកនាំដោយលោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាលម្អិត អំពីខ្លឹមសារនៃជំពូកស្តីពីធនធានមនុស្សនៃសៀវភៅ «ស» របស់សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០១៩ និងស្នើសុំអនុសាសន៍ណែនាំ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ពីលទ្ធផលនៃជំនួបថា ប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប ស្វែងយល់បន្ថែមទៀតពាក់ព័ន្ធនឹងការវិវត្តតថ្មីៗ នៅក្នុងវិស័យការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះថាសភាពាណិជ្ជកម្មអឺរ៉ុបបានរៀបចំសៀវភៅ «ស» សម្រាប់ធុរកិច្ចជនរបស់អឺរ៉ុប ដែលមានបំណងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងខាងក្រុមហ៊ុនអឺរ៉ុបផ្សេងៗទៀត ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីឲ្យសៀវភៅ នេះជាមគ្គុទ្ទេសក៍ការគ្រប់គ្រងយល់ដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងធនធានមនុស្សនៅកម្ពុជា។
លោក ងុយ រិទ្ធ បានឲ្យដឹងបន្ថែមថា ជំនួបនេះសភាពាណិជ្ជកម្មអឺរ៉ុប ក៏បានលើកពីអ្វីដែលក្រសួងការងារ បង្កនូវលក្ខណៈសម្បត្តិការងារជាច្រើនក្នុងការបង្កើនការទាក់ទាញ ទៅដល់អ្នកវិនិយោគទន។ ពិសេសនោះអឺរ៉ុបបានពេញនូវអ្វី ដែលជាការសម្រួលដល់បែបបទផ្សេងៗ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។
លោកបញ្ជាក់ថា «អ្វីដែរសភាពាណិជ្ជកម្មចង់ដឹងនោះគឺ ១៖ ការរៀបចំនៅតាមសហគ្រាសគ្រឹះស្ថានតម្រូវឲ្យមានគិលានុដ្ឋាន, ២៖ ហ្វឹកហ្វឺនកូនជាង, ៣៖ ដំណើរការរៀបចំប្រព័ន្ធទំនើបអនឡាញក្នុងការអនុវត្តចំពោះជនបរទេស ដែលប្រើប្រាស់បុគ្គលិកជាជនបរទេស, ៤៖ សិក្សាអំពីច្បាប់ថ្មឺៗ ដែលក្រសួងអនុវត្តក្នុងនោះច្បាប់បេឡាជាតិ របបសន្តិសុខសង្គម»។
លោកគូសបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបបំណងសំខាន់របស់គណៈប្រតិភូសភាពពាណិជ្ជកម្ម គឺចង់សរសេអ្វីដែលគាត់ស្នើសុំដាក់ទៅក្នុងសៀវភៅ «ស» ដើម្បីជាមគ្គុទេស៍មួយ ដល់សហគមន៍អឺរ៉ុបទាំងអស់យល់ដឹង និងជាច្បាប់ក្នុងការធ្វើអាជីវកម្ម ពាក់ព័ន្ធបទដ្ឋាននានាចំពោះ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងជំនួបនោះដែរ ចំពោះរាល់ចំណុចខ្លះមិនច្បាស់លាស់ លោករដ្ឋមន្ត្រី អ៉ឹត សំហេង បានទទួលយក ហើយថារាល់ការអនុវត្តនូវលិខិតបទដ្ឋាន ឬច្បាប់កម្ពុជាមានលក្ខខណ្ឌទន់ភ្លន់ ធ្វើទៅតាមអ្វី ដែលជាការបង្ករកិច្ចសម្រួលពាណិជ្ជកម្ម។
លោក ងុយ រិទ្ធ បានឲ្យដឹងទៀតថា សភាពាណិជ្ជកម្មបានពេញចិត្តចំពោះអ្វី ដែលទទួលបានព័ត៌មានថ្មីសម្រាប់ការចុះនៅក្នុងសៀវភៅ«ស»។ ព័ត៌មានដែលសពាណិជ្ជកម្មទទួលយក ព្រោះថាកន្លងមកសភាពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទាក់ទាញអ្នកវិនិយោគទុន ពីសហគមន៍អឺរ៉ុបមកកម្ពុជា មួយកម្រិតទៀត។
លោករដ្ឋមន្ត្រីបានលើកឡើងថា វិស័យការងារគឺជាពិតជាមានសារៈសំខាន់ស្នូលណាស់ ក្នុងការងារគ្រប់គ្រងលើធនធានមនុស្ស សម្រួលទៅលើពាណិជ្ជកម្មតែម្តង។ កាលណាអ្នកវិនិយោគអត់យល់ពីច្បាប់ គាត់មានការបារម្មណ៍ និងមានភាពស្រពិចស្រពិលនោះ គេមិនអាចបោះទន់វិនិយោគ ក្នុងភាពប្រថុយប្រថានបាននោះទេ។
បើតាម លោក ងុយ រិទ្ធ បានអះអាងចំណុចដែលសរសេនៅក្នុងសៀវភៅ «ស» នឹងសរសេរច្បាស់លាស់ដើម្បីប្រាប់ ទៅដល់អ្នកនិយោគធ្វើយ៉ាងណា ឲ្យយល់មុននឹងធ្វើនិយោគនៅកម្ពុជាផងដែរ។ លោកបន្តថា នៅក្នុងជំនួបលោករដ្ឋមន្ត្រី បានស្នើឲ្យសភាពាណិជ្ជកម្មខិតខំរបស់បន្តថែមទៀត ក្នុងភាពជាដៃគូជាមួយក្រសួងការងារ ដែលកន្លងមកសភាពាណិជ្ជកម្មបានធ្វើការការងារជាច្រើន ក្នុងការធ្វើការងារធានាទៅដល់បរិយាកាសវិនិយោគទន់សហភាពអឺរ៉ុប។
លោកបញ្ជាក់ថា «កន្លងមកជាចំណែកមួយរបស់សភាពាណិជ្ជកម្មអឺរ៉ុប ដែលបានដើរតួនាទីនេះ ហើយធ្វើការយ៉ាងល្អជាមួយក្រសួងការងារ និងការធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែ។ សូមបន្តកិច្ចសហប្រតិបត្តិការល្អ ពិសេសនោះក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស របស់កម្ពុជាពាក់ព័ន្ធបណ្តុះបណ្តាលធនធានមនុស្ស ការហ្វឹកហ្វឺកកូនជាង ដែលមានក្នុងច្បាប់ការងារ ដែលជាផ្នែកមួយជំរុញ ឲ្យមានការបង្កើនធនធានមនុស្សផងដែរ»។
សូមបញ្ជាក់ថា សៀវភៅ «ស» ឆ្នាំ២០១៩ របស់សភាពាណិជ្ជកម្មអឺរ៉ុបនេះ បានប្រមូលផ្តុំការឆ្លុះបញ្ចាំងទស្សនៈរួម របស់ក្រុមហ៊ុនសមាជិក នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅលើទិដ្ឋភាពនានាជុំវិញបរិស្ថានធុរកិច្ចក្នុងប្រទេស។
សៀវភៅនេះ បោះពុម្ភលើកទី៣ នៅកម្ពុជា ខែមិថុនា ឆ្នាំ២០១៩ មាន២៨៧ទំព័រ និង១០ជំពូក។ ដោយជំពូក១ ស្តីពីធនធានមនុស្ស បានសរសេរពាក់ព័ន្ធវិស័យការងារ។
ជំពូកនេះមានចំនួន ៤ចំណុច ដូចខាងក្រោម៖
១៖ ការជួលនិយោជិតជាជនបរទេស
២៖ គិលានដ្ឋាននៅតាមសហគ្រាស
៣៖ ការពិនិត្យមើលឡើងវិញនូវលក្ខខណ្ឌតម្រូវសម្រាប់ការហ្វឹកហ្វឺនកូនជាង
៤៖ ការប្រាស្រ័យទាក់ទងរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន និងពាក់ព័ន្ធនឹងការអនុវត្តច្បាប់ថ្មីៗមួយចំនួនទៀត៕