(សៀមរាប)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវជាថ្ងៃទី៣ នៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៥ បាននឹងបន្តដំណើរទៅមុខ ដោយរលូនដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពី ការបំពុលផ្សែងអ័ព្ទឆ្លងដែន នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប។
លោក សាយ សំអាល់ បានថ្លែងបើកកិច្ចប្រជុំ ដោយស្វាគមន៍យ៉ាងកក់ក្តៅ ដល់រដ្ឋមន្រ្តីបរិស្ថានអាស៊ានទាំងអស់ ដែលបានចូលរួម និងខិតខំរួមគ្នាគ្រប់គ្រង ការបំពុលដោយផ្សែងអ័ព្ទ កើតចេញពីទន្ទ្រានដីព្រៃ និងការដុតព្រៃ។ បញ្ហានេះត្រូវបានប្រទេសអាស៊ាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ ហើយចូលជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងជួបពិភាក្សាតាមកម្មវិធី ដែលបានគ្រោងទុកដូចជា ការពិនិត្យ និងគម្រោងផែនការគ្រប់គ្រងស្ថានភាព អាកាសធាតិ និងផ្សែងអ័ព្ទឆ្លងដែន។
ជាមួយគ្នានេះអង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើឯកសារទាក់ទងទៅនឹង៖
* ស្ថានភាពភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទ និងផែនការសកម្មភាព របស់ប្រទេសជាសមាជិកអាស៊ាន
* ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងលើការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន ក្នុងក្របខណ្ឌជាតិ និងតំបន់
* ផែនទីបង្ហាញផ្លូវ នៃកិច្ចសហប្រតិបត្តិការ ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន
* ការស្វែងរកមូលនិធិ ដើម្បីគ្រប់ផ្សែងអ័ព្ទឆ្លងដែនរបស់អាស៊ាន
* ការធ្វើបច្ចុប្បន្នភាពនូវការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន
* ការពិនិត្យរបាយការណ៍នៃកិច្ចប្រជុំក្រុមការងារអាស៊ានលើកទី៤ ស្តីពីដីមមោក
* កម្មវិធីកិច្ចសហប្រតិបត្តិការជាមួយដៃគូ
* ការបង្កើតការិយាល័យធ្វើការសម្រាប់គណៈកម្មាធិការប្រតិបត្តិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត៕