(ភ្នំពេញ)៖ លោក Leung Chun-ying អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន, ប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវ នៃទីក្រុងហុងកុង និងជាប្រធានមូលនិធិ GX បានថ្លែងថា លោកនឹងបន្ដជួយកម្ពុជា លើគម្រោងវះកាត់ភ្នែកឡើងបាយ នៅតាមបណ្ដាខេត្ដផ្សេងទៀត បន្ទាប់ពីបញ្ចប់គម្រោងវះកាត់ជំងឺឡើងបាយភ្នែកនេះ ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ នៅខេត្ដព្រៃវែង ប្រមាណ៥,០០០នាក់»។
ការថ្លែងបែបនេះ របស់លោក Leung Chun-ying ក្នុងឱកាសលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ រវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយមូលនិធិ GX តំណាងដោយលោក LEUNG CHUN-YING ប្រធានមូលនិធិ នៅសណ្ឋាគារ Rosewood នៅថ្ងៃទី០៨ ខែតុលា ឆ្នំា២០១៩។
លោក Leung Chun-ying បានថ្លែងបន្ដថា «សម្រាប់គម្រោងដែលយើងចុះអនុស្សរណៈរវាងភាគីទាំងពីរនៅពេលនេះ យើងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្ដនានាដែលជិតនឹងខេត្ដព្រៃវែង អាចមកទទួលសេវាពិនិត្យព្យាបាល និងវះកាត់ភ្នែកបានផងដែរ ដោយឥតគិតថ្លៃ។ លើសពីនោះ បន្ទាប់ពីបញ្ចប់គម្រោង នៅខេត្ដព្រៃវែង យើងនឹងបន្ដជួយលើគម្រោងលុបបំបាត់ភាពពិការភ្នែកនេះ នៅតាមបណ្ដាខេត្ដផ្សេងទៀត ទៅតាមតម្រូវរបស់ប្រជាពលរដ្ឋនៅកម្ពុជា»។
ក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ភាគីមិត្ដចិន ដែលតែងតែបន្ដជួយលើកកម្ពស់សុខភាព របស់ប្រជាជនកម្ពុជា ជាពិសេសក្នុងឱកាសបន្ដជួយលើគម្រោងវះកាត់ភ្នែកឡើងបាយនេះផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «នេះជាការងារអាទិភាពមួយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែង ក្នុងការលុបបំបាត់ និងកាត់បន្ថយភាពពិការភ្នែកដោយឡើងបាយនៅកម្ពុជា ឱ្យកាន់តែតិចទៅៗ ហើយក៏ជាឱកាសដ៏ល្អមួយ ដែលមូលនិធិ GX ក៏ដូចជាសមាគមធុរៈកិច្ចហុងកុងនៅកម្ពុជា បានបន្ដជួយដើម្បីពន្លឿនកិច្ចការនេះ ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវគំហើញ លុបបំបាត់ភាពពិការភ្នែកដោយឡើងបាយនេះកាន់តែប្រសើរ»។
លោកថា នេះកិច្ចសហប្រតិបត្ដិការមួយ ដោយស្មារតីទទួលខុសត្រូវរួមគ្នាមួយ នៅក្នុងចំណងមិត្ដភាពសាមគ្គីភាពរវាងប្រជាជនចិន និងកម្ពុជា ក្រោមយន្ដការក្នុងយុទ្ធនាការផ្លូវមួយ ខ្សែក្រវាត់មួយ ដែលនឹងផ្ដល់គុណប្រយោជន៍ដល់ប្រជាជន រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាយើងផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បន្ដថា នៅក្នុងយុទ្ធនាការផ្លូវសូត្រ ផ្លូវមួយខ្សែក្រវាត់មួយ ក្នុងការលុបបំបាត់ជំងឺភ្នែកឡើងបាយ នៅក្នុងខេត្តកំពង់ចាម ក្នុងរយៈពេល១ឆ្នាំ ដោយវះកាត់បានចំនួន៥០០៦នាក់ ដែលបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យខ្ពស់។
យុទ្ធនាការនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពពិការភ្នែក ដោយសារភ្នែកឡើងបាយ ដោយបានគ្របដណ្តប់ប្រមាណជាង ៩០% នៃអ្នកជំងឺដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរ និងពិការភ្នែកដោយភ្នែកឡើងបាយនៅទូទាំងខេត្តកំពង់ចាម និងបណ្តាខេត្តនានាដែលនៅជុំវិញ។ លទ្ធផលនៃការវះកាត់នេះ បានរួមចំណែកកាត់បន្ថយជំងឺភ្នែកឡើងបាយ សម្រាប់មនុស្សចាស់មានអាយុ ៥០ឆ្នាំឡើងពី ២.៨% នៅឆ្នាំ២០០៧ មកត្រឹម ២.៥% នៅឆ្នាំ២០១៩ ។
ចំពោះអត្រានៃភាពពិការភ្នែកនៅកម្ពុជាយើង មានប្រហាក់ប្រហែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ដោយមានការថយចុះពី ០.៣៨% នៅឆ្នាំ២០០៧ មកត្រឹម ០.៣៧% នៅឆ្នាំ ២០១៩ ដោយក្នុងនោះយើងសង្កេតឃើញថា ភ្នែកឡើងបាយមានចំនួន ៨០.៤% នៃអត្រាភាពពិការភ្នែកទាំងអស់ ដោយយោងទៅលើការអង្កេតថ្នាក់ជាតិទូទាំងប្រទេស (Rapid Assessment of Available Blindness) កាលពីដើមឆ្នាំ២០១៩ កន្លងមកនេះ ។
មូលហេតុដែលជំងឺភ្នែកឡើងបាយមានកំរិតខ្ពស់ ដោយសារប្រជាពលរដ្ឋមានការរស់នៅកាន់តែប្រសើរឡើង មានអាយុកាលវែងជាងមុន ក្នុងនោះមនុស្សស្រីមានអាយុកាល (Life Expectancy)៧១ឆ្នាំ មនុស្សប្រុសមានអាយុកាល៦៧ឆ្នាំ ។
ដូច្នេះហើយ កិច្ចសហប្រតិបត្តិការក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ក្នុងវិស័យសុខាភិបាលបានចូលរួមជាមួយរាជរដ្ឋាភិបាល បានផ្តល់នូវអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់លើកកម្ពស់សុខមាលភាពប្រពលរដ្ឋនៅកម្ពុជា ដោយគម្រោងខាងលើនេះ បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពាក់នូវឧបករណ៍ សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តសំខាន់ៗសម្រាប់តាមដាន ព្យាបាលជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជួយការលើកកម្ពស់ការយល់ដឹង ពីសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានេះ រដ្ឋមន្ដ្រីសុខាភិបាល បានធ្វើការវាយតំលៃខ្ពស់ចំពោះយុទ្ធនាការលុបបំបាត់ជំងឺភ្នែកឡើងបាយ ក្នុងខេត្តកំពង់ចាម និងព្រៃវែងនេះ ក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ដែលបានបង្ហាញពីចំណងមិត្តភាពកាន់តែស្អិតរមួតរវាងប្រជាជនទាំងពីរកម្ពុជា-ចិន ក្នុងវិស័យសុខាភិបាល ហើយក្រសួងសុខាភិបាលសង្ឃឹមថា នឹងបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនេះ ទៅបណ្តាខេត្តផ្សេងៗទៀតនៅពេលអនាគត៕