(សៀមរាប)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន អាស៊ានលើកទី១៥ និងលោកស្រី ទន់ សាអីម រដ្ឋលេខាធិការ និងជាតំណាងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក Dato Limjackhoi អគ្គលេខាធិការអាស៊ាន បានប្រគល់ពានរង្វាន់ សាលាមេត្រីភាពបរិស្ថាន អាស៊ានលើកទី៣ ដល់សាលាវិទ្យាល័យ និងអនុវិទ្យាល័យចំនួន២០ និងពានរង្វាន់យុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១ ចំនួន២០នាក់ មកពីប្រទេសអាស៊ានទាំង១០។
ពិធីនេះ បានធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅសណ្ឋាគារសុខាល័យអង្គរ។
បន្ទាប់ពីមតិស្វាគមន៍របស់អគ្គលេខាធិការអាស៊ាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការប្រគល់ពានរង្វាន់នៅរាត្រីនេះ គឺជាការទទួលស្គាល់សាលា និងយុវជនឆ្នើមរបស់យើងកម្រិតតំបន់។
លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំបរិស្ថានអាស៊ាន លើកទី១៥នេះ ថ្នាក់ឧត្ដមមន្ដ្រីនឹងជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ រវាងប្រទេសមួយទៅប្រទេសមួយទៀត ទៅលើការគ្រប់គ្រងសាលាមេត្រីបរិស្ថាន ដើម្បីធ្វើយ៉ាងណាឱ្យសមាជិកអាស៊ាន មានការគ្រប់គ្រងសាលាមេត្រីបរិស្ថាន ឱ្យបានល្អនៅក្នុងសាលា ហើយសាលាដែលទទួលស្គាល់ ជាសាលាមេត្រីបរិស្ថាន ត្រូវបានទទួលស្គាល់គោលការណ៍៤សំខាន់គឺទី១៖ គណៈគ្រប់គ្រងសាលាត្រូវមានការគ្រប់គ្រងអនាម័យបរិស្ថានល្អ, ទី២៖ ការបញ្ជ្រាបការនូវចំណេះអំពីអប់រំបរិស្ថាន ដល់ការសិក្សា នៃសិស្សានុសិស្ស, ទី៣៖ ការបង្កើតស្លាកសញ្ញាផ្សេងៗ ពីបរិស្ថានដល់សិស្សនៅក្នុងសាលា និងទី៤៖ ការភ្ជាប់រវាងសាលា និងសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគាត់ចូលរួម ពីចំណេះដឹងបរិស្ថានល្អ។
លោកបានបន្តថា សាលាមេត្រីភាពបរិស្ថាន មានសារៈសំខាន់យ៉ាងខ្លាំងទាំងសិស្ស និងប្រជាពលរដ្ឋនៅក្នុងតំបន់ប្រទេសអាស៊ាន ព្រោះថាសាលារៀន ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សឱ្យស្រឡាញ់ និងគោរពបរិស្ថានដែលចាប់ផ្ដើមចេញតាំងពីកុមារភាព ពោលធ្វើយ៉ាងណាឱ្យសិស្សានុសិស្ស ចេះការពារបរិស្ថានដូចជា មិនប្រើប្រាស់ថង់ប្លាស្ទិក និងចេះញែកសំរាមរឹង និងសំរាមរាវជាដើម ហើយសាលារៀនដែលបានអនុវត្ដល្អជាសាលាមេត្រីភាពបរិស្ថាន នៅក្នុងប្រទេសកម្ពុជា មានសាលាវិទ្យាល័យពួក ស្ថិតនៅស្រុកពួក ខេត្ដសៀមរាប ។
កន្លងមកការប្រគល់ពានរង្វាន់នេះ យើងហាក់បីដូចជាដាច់ឆ្ងាយបន្តិច ដោយសារការប្រគល់ពានរង្វាន់អាស៊ាន បរិស្ថានលើកដំបូង នៅខែកក្កដា ឆ្នាំ២០១២ នៅប្រទេសម៉ាឡេស៊ី ការប្រគល់ពានរង្វាន់លើកទី២ នៅខែកក្កដា ឆ្នាំ២០១៥ ដូចនេះការប្រគល់ពាន់រង្វាន់នៅឆ្នាំ ថ្វីត្បិតតែយូរបន្តិច ប៉ុន្តែជាការឆ្លុះបញ្ចាំងពីឆន្ទៈសាលារបស់ប្រទេសនីមួយៗ ក្នុងយន្តការអភិវឌ្ឍន៍ដោយចីរភាព។ នៅក្នុងឱកាសនោះ បណ្តារដ្ឋមន្រ្តីប្រទេសអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញចុចប៊ូតុង ជានិមិត្តសញ្ញាបើកកម្មវិធីពិធីប្រគល់ពានរង្វាន់។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ និងប្រកាសជាផ្លូវការថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដោយអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រី និងគណៈប្រតិភូ ទាំង១០ប្រទេស អគ្គលេខាធិការ អាស៊ានរដ្ឋមន្ត្រីបរិស្ថាន មកពីប្រទេស ចិន ជប៉ុន កូរ៉េ៕