(កំពង់ធំ)៖ លោក ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ បានលើកឡើងថា មនុស្សជាកត្តាកំណត់ភាពជោគជ័យ និងភាពរឹងមាំរបស់ស្ថាប័ន មិនមែនស្ថាប័នកំណត់ ភាពជោគជ័យរបស់មនុស្សទេ។
លោកបានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «គោលនយោបាយជាតិប្រជាជន និងប្រជាសាស្រ្តម៉ូឌែល២» បម្រែបម្រួលប្រជាជន ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រជាជនប្រាកដ ប្រកបដោយចីរភាពកម្ពុជា ផលវិបាកចំពោះការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែលរៀបចំដោយអគ្គនាយកដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ នៅខេត្ដកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី មន្ទីរផែនការមកពីខេត្តកំពង់ធំ ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ ដែលប្រព្រឹត្តទៅមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា។
លោក ប៉ូច ប៊ុណ្ណាក់ បានបន្តថា កម្មវិធីគោលនយោបាយជាតិ ពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលផ្តោតអាទិ៍ភាព៤ គឺទី១៖ ការពង្រីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ទី២៖ ការគ្រប់គ្រងការធ្វើទេសសន្តប្រវេសន៍ និងនគរូបនីយកម្ម, ទី៣៖ ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ និងទី៤៖ ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានអះអាងទៀតថា វគ្គបណ្ដុះបណ្ដាល គឺកសាងសមត្ថភាពមន្ត្រីផែនការ ជាពិសេសមន្ត្រីការិយាល័យប្រជាជន និងអភិវឌ្ឍន៍ ដែលជាការិយាល័យទើបនឹងបង្កើតចំណុះឲ្យមន្ទីរផែនការរាជធានី-ខេត្ត ការបណ្ដុះបណ្ដាលនេះ ជាសកម្មភាព នៃការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន នៅថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរចំណេះដឹង និងចំណេះធ្វើជាការបណ្ដុះបណ្ដាលដល់មន្ត្រីខ្សែបណ្ដោយនៅថ្នាក់ក្រោមជាតិ ដែលស្របទៅនឹង គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរភារកិច្ច និងធនធានដល់ថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យមន្ត្រីទាំងអស់ ខិតខំកសាងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍមូលធនមនុស្ស ឲ្យស្របទៅនឹងអាទិភាព នៃគោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដែលបានផ្ដល់អាទិភាពដល់ការបង្កើនការវិនិយោគ លើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។
ជាចុងក្រោយ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេស ដើម្បីយកជាបទពិសោធន៍ ក្នុងការយកទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ និងពិតប្រាកដ ហើយមួយវិញទៀត ខិតខំរៀនសូត្រពេញមួយជីវិតដើម្បីឲ្យមានសមត្ថភាព តាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុន្បន្ននេះ ។
សូមជម្រាបថា លោក ចាន់ តារា អភិបាលរងខេត្ត និងលោក ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ បានឲ្យដឹងថា វគ្គសិក្ខាសាលានេះ មានគោលបំណងផ្ដោតការយកចិត្តទុកដាក់ និងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ អំពីបញ្ហាផលប៉ះពាល់ នៃបម្រែបម្រួលប្រជាសាស្ត្រ ដើម្បីធានាឲ្យការធ្វើផែនការអភិវឌ្ឍ វាលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាចំណេះដឹងថ្មីមួយទៀត ដើម្បីបង្កើនការយល់ដឹងដល់ស្ថាប័នពាក់ព័ន្ធអំពីបញ្ហាប្រឈម ទៅលើប្រជាពលរដ្ឋ ដូចជាការធ្វើចំណាកស្រុកដែលគ្មានគោលដៅច្បាស់លាស់ ការតាំងលំនៅលើដីសាធារណៈ ការពុំទាន់បានទទួលសេវាអប់រំ និងសេវាសុខភាព កត្តាទាំងអស់នេះហើយដែលអាច និងជះឥទ្ធិពលអវិជ្ជមានទៅលើការអភិវឌ្ឍ ហើយមួយវិញទៀតនោះ គឺដើម្បីលើកកម្ពស់គុណភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ៕