(សៀមរាប)៖ អ្នកតំណាងក្រុមប្រតិបត្តិករទេសចរណ៍ រួមនិងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប បានរៀបចំសន្និសិទសារព័ត៌មានមួយស្ដីពី ការធ្វើដំណើរទៅកាន់ខេត្តមួយចំនួន នៃប្រទេសថៃ នៅថ្ងៃទី២៣-២៦ ខែតុលា ឆ្នាំ២០១៩ ដើម្បីបង្កើនសម្ព័ន្ធភាពទេសចរណ៍ រវាងថ្នាក់ដឹកនាំ និងអាជ្ញាធរទេសចរណ៍របស់ខេត្តមួយចំនួនរបស់ថៃ និងខេត្តសៀមរាប។
សន្និសិទសារព័ត៌មាននេះ បានរៀបចំនៅសណ្ឋាគារ មេម៉រផាឡេស ក្រុងសៀមរាប នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប, តំណាងអាជ្ញាធរជាតិអប្សរា, លោក កៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (STC), លោក ចាន់ សុភា ក្រុមប្រឹក្សាភិបាល STC, តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក ង៉ូវ សេងកាក់ បានលើកឡើងថា លោកពិតជាមានការគាំទ្រ ចំពោះការខិតខំប្រឹងប្រែង ក្នុងការរៀបចំឱ្យមានដំណើរទស្សនកិច្ចនេះឡើង ព្រោះការលើកកម្ពស់នូវតួនាទី និងការទទួលខុសត្រូវ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ គឺតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយដំណើរទស្សនកិច្ចបែបនេះ ពិតជានឹងបានជម្រុញឱ្យកាន់តែមានភាពរឹងម៉ាំ នូវចំណងមិត្តភាព និងលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។
លោក ហ្វីលីព កៅ និងអ្នកចូលរួមក្នុងសន្និសិទ បានបញ្ជាក់ថា ពិតណាស់ការលើកកម្ពស់នូវវិស័យទេសចរណ៍កម្ពុជា ក៏ដូចជា នៅខេត្តសៀមរាបផ្ទាល់ គឺយើងត្រូវរួមគ្នា ដើម្បីជជែក ពិភាក្សា ផ្លាស់ប្ដូរនូវបទពិសោធន៍ ក្នុងការរិះរកគ្រប់មធ្យោបាយដោះស្រាយ ប្រកបដោយភាពវិជ្ជមាន។
លោកថា «ហើយយើងពិតជាមានកិត្តិយស ក្នុងការរៀបចំដំណើរទស្សនកិច្ចនេះ ដែលជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្រ ដើម្បីរក្សានិងបង្ហាញនូវភាពរឹងម៉ាំ នៃការអភិវឌ្ឍនូវវិស័យទេសចរណ៍ របស់កម្ពុជា ក្នុងចំណោមអ្នកធ្វើដំណើរទស្សនកិច្ច និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ឱ្យអញ្ជើញមកទស្សនាប្រទេសកម្ពុជា។ ហើយពេលនេះ គឺយើងបានជ្រើសរើសយកខេត្តចំនួន ៣នេះ ជាគោលដៅសម្រាប់បង្ហាញ និងឈានទៅចុះអនុស្សនៈយោគយល់គ្នា ដើម្បីធ្វើយ៉ាងណា ឱ្យភ្ញៀវទេសចរថៃ បានមកទស្សនាខេត្តសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ ដោយផ្ទាល់ ដោយមិនមានរបាំង រារាំង ឬការរំខាន់អ្វីឡើយ»។
ហើយគ្រប់ប្រតិបត្តិករទេសចរណ៍ និងរួមជាមួយអាជ្ញាធរពាក់ព័ន្ធ ពិតជាបាននិងកំពុងខិតខំ ប្រឹងប្រែងរួមគ្នា ដើម្បីក្រុងសៀមរាប និងតំបន់រមណីយដ្ឋានរបស់ខ្លួន ក្លាយជាឧទាហរណ៍ដ៏ល្អប្រសើរ បន្ថែមទៀតនូវគ្រប់ផ្នែក គ្រប់វិស័យ ហើយអាចនឹងជួយឱ្យខេត្តសៀមរាប បានទទួលការកោតសរសើរ និងមានចំណាប់អារម្មណ៍ខ្ពស់ ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ពួកគាត់ ក៏បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានសារព័ត៌មាន និងបណ្ដាញសង្គមសូមចូលរួមផ្សព្វផ្សាយ នូវភាពវិជ្ជមានពីតំបន់រមណីយដ្ឋាន និងទេសចរណ៍របស់ខ្លួន ដែលជាកាលានុវត្តថ្មីមួយ និងជាក្រមប្រតិបត្តិរួមមួយ តាមរយៈការរួមគ្នា ជួយអភិវឌ្ឍវិស័យនេះឱ្យមានភាពល្អប្រសើរ ជូនដល់ប្រិយមិត្ត សាធារណៈជន និងភ្ញៀវទេសចរ ផងដែរ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍរួម លើវិស័យទេសចរណ៍ ដែលជាប្រភពសេដ្ឋកិច្ចរបស់យើងទាំងអស់គ្នា។
លោក ពិសិដ្ឋ ដែលជាអនុប្រធាន STC បានឱ្យដឹងថា អ្នកចូលរួមធ្វើដំណើរនៅលើកនេះ គឺមានចំនួនប្រមាណជាង ១០០ ទៅ ១៥០នាក់ និងមានរថយន្ដប្រមាណជា ៣៥ ទៅ ៥០គ្រឿង ធ្វើដំណើរឆ្ពោះទៅខេត្តស្រះកែវ ខេត្តនគររាជ និងបុរីរ៉ាំ នឹងត្រូវចេញដំណើរពីខេត្តសៀមរាប នៅថ្ងៃទី២៣ ខែតុលា ដោយធ្វើដំណើរតាមរថយន្ត ឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចបន្តដំណើរឆ្លងកាត់ និងស្នាក់នៅនាតំបន់ភ្នំខោយ៉ៃ។
នៅថ្ងៃបន្ទាប់ នឹងបន្តដំណើរទៅខេត្តនគររាជ ដោយចូលទស្សនាសារមន្ទីរ Khoratfossil, ទស្សនាចម្លាក់ធ្វើពីឈើ, ទស្សនាគ្រោងដំរីនាសម័យកាលបុរេប្រវត្តិ, ទស្សនាសារមន្ទីរដាយណូរស័រ ។ ថ្ងៃទី៣ នៃដំណើរទស្សនកិច្ច នឹងឆ្ពោះទៅខេត្តបុរីរ៉ាំ ចូលទស្សនាប្រាសាភ្នំរូង។
លោកបានបន្ថែមឱ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងមានការជួប សំណេះសំណាលជាមួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ នៅតាមបណ្ដាខេត្តទាំង៣នេះ ផងដែរ ។ ហើយបានទស្សនាតំបន់រមណីយដ្ឋាន, ផ្សារទំនើប, ហាងអនុស្សាវរីយ៍, ទីប្រជុំជន, ទីកន្លែងនិងតំបន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរ មួយចំនួនទៀត។ នៅពេលត្រឡប់មកខេត្តសៀមរាប ក្បួនរថយន្ដ នឹងធ្វើដំណើរឆ្លងកាត់ខេត្តសុរិន ហើយចេញមកវិញតាមច្រកទ្វារអន្តរជាតិអូស្មាច់៕
ប្រតិបត្តិករទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប នឹងធ្វើដំណើរទៅកាន់ខេត្តជាប់ព្រំដែន ដើម្បីបន្តលើកកម្ពស់វិស័យមួយនេះ