(ភ្នំពេញ)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានដឹកនាំលោកគ្រូ អ្នកគ្រូ ដែលមករៀនវគ្គបំប៉នគ្រូកំរិតមូលដ្ឋាន នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តព្រៃវែង ក្នុងនោះលោកគ្រូ អ្នកគ្រូមកពីខេត្តស្វាយរៀងចំនួន ១៥៦នាក់ និងលោកកគ្រូ អ្នកគ្រូ មកពីខេត្តព្រៃវែងចំនួន ១៥៦នាក់ មកធ្វើទស្សនកិច្ចសិក្សា នៅវិមានឈ្នះឈ្នះ នៅរាជធានីភ្នំពេញ រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងជម្រាបជូនដល់សិស្សានុសិស្សនិស្សិតទាំងអស់ថា វិមានឈ្នះឈ្នះនេះ គឺជានិមិត្តរូបនៃការបង្រួបបង្រួមជាតិបញ្ចប់នៅភ្លើងសង្គ្រាម នាំមកនូវសន្តិភាពជូនប្រជាជាតិ និងប្រទេសកម្ពុជា ដែលបានកសាងឡើងលើផ្ទៃដី ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ។
លោកបន្តថា ការកសាងវិមានឈ្នះឈ្នះ ក្នុងគោលបំណង ដើម្បីសំដែងនូវការដឹងគុណដល់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។
លោកបានបន្តថា ការរៀបចំនៅទីតាំងដែលបង្ហាញនូវលទ្ធផល ក្រោយទទួលបានសន្តិភាព និងបង្ហាញនូវអ្វីដែលទទួលបានដូចជា ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យជាកន្លែងផ្ដល់នូវ ចំណេះដឹងនិងចែករំលែកនូវបទពិសោធន៍ថ្មីៗឲ្យសិស្ស និស្សិត ធ្វើការស្រាវជ្រាវ និងស្វែងយល់បន្ថែម ដែលនៅកន្លែងទីនេះដែរ មានដូចជា៖ គំនូរ រូបថត រូបសំណាកនិមិត្តសញ្ញាស្ថាបត្យកម្ម និងឯកសារសំខាន់ៗជាច្រើនដែលមានប្រយោជន៍ជាច្រើនផ្សេងៗទៀត។
វិមានឈ្នះឈ្នះនេះបានបង្ហាញពីភាពតឹកតាង បញ្ជាក់ពីភាពសប្បាយរីករាយជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅ ដែលជាបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕