(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានស្នើដល់មន្ត្រីដែលមានតួនាទី និងអំណាចទាំងអស់ ធ្វើយ៉ាងណាប្រើប្រាស់តួនាទីដែលខ្លួនមាន ឲ្យសមស្របទៅនឹងសុខទុក្ខរបស់ពុកម៉ែ ប្រជាពលរដ្ឋ ដោយគិតពីភាពសុក្រិត យុត្តិធម៌ ព្រហ្មវិហារធម៌ និងការសណ្តោសប្រណី។ លោកបានបន្ថែមថា ក្រដាសមួយសន្លឹក ដែលប្រគល់ជូនលោកអធិការស្រុក និងលោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកនៅមុននេះ គឺគ្រាន់តែជាចំណាត់តាំងតែប៉ុណ្ណោះ ប៉ុន្តែអត្ថន័យ និងខ្លឹមសារដែលសំខាន់នោះ គឺទង្វើរ និងសកម្មភាព ក្នុងការអនុវត្តន៍ច្បាប់របស់យើង។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី ហែម មុន្នី ជាអធិការនគរបាលស្រុកតាលោសែនជ័យ និងអធិការរងស្រុក៧នាក់ផ្សេងទៀត ព្រមទាំងលោកវរសេនីយ៍ត្រី ហួត វ៉ាន់ ជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក។
បន្ទាប់ពីលោកវរសេនីយ៍ត្រី ហែម មុន្នី អធិការនគរបាលស្រុកតាលោសែនជ័យ ដែលទើបចូលកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្ត និងអនុវត្តឲ្យបានជោគជ័យ រាល់ភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូន ព្រមទាំងក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្ត បានដាក់ចេញរួចមក, លោក ម៉ៅ ធនិន បានថ្លែងថា ការប្រកាសតែងតាំងនាពេលនេះ គឺជាការរៀបចំបំពេញបន្ថែម នូវរចនាសម្ព័ន្ធដឹកនាំ ទាំងក្បាលម៉ាស៊ីនរដ្ឋបាល និងកងម្លាំងប្រដាប់អាវុធ។
លោកបន្តថា កន្លងមកយើងបានប្រកាសអភិបាលស្រុក ថ្នាក់ដឹកនាំស្រុក នាយករដ្ឋបាល ប្រធានការិយាល័យភូមិបាលស្រុក ដើម្បីទទួលយកកិច្ចការថ្មី ជាប្រយោជន៍បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចខ្លួន ឲ្យទទួលបានទាំងបរិមាណ និងគុណភាព។ លោកបានបន្ថែមថា ស្រុកនេះគឺជាស្រុកកូនពៅគេ ដែលទើបនឹងបង្កើតថ្មី ដូចនេះត្រូវបន្តការខិតខំប្រឹងប្រែង ឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី មានមនសិការលះបង់ ជំនះពុះពារ នូវរាល់គ្រប់ឧបសគ្គ ភាពស្មុគស្មាញ គ្រប់បែបយ៉ាង ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
លោកបានលើកឡើងទៀតថា ការអភិវឌ្ឍរីកចម្រើន នៃសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ គឺមិនអាចកើតមានបានទេ បើមិនមានសន្តិភាព ហេតុនេះយើងត្រូវចូលរួមថែរក្សា សុខសន្តិភាព ស្ថេរភាពនេះឲ្យបានគង់វង្ស សម្រាប់ប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយៗទៀត បានឃើញបានស្គាល់អំពីសមិទ្ធផលទាំងនោះ។ លោកបានផ្តាំផ្ញើ សូមឲ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក រដ្ឋបាលឃុំ ភូមិ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលទើបចូលកាន់តំណែងថ្មី ត្រូវបង្កើននូវចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ព្រោះវាជាគ្រឹះផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះពិនិត្យទីតាំង គ្រោងសាងសង់អាគារសិក្សាបន្ថែម ១ខ្នង ៥បន្ទប់ រួមទាំងរបង និងក្លោងទ្វា ក្នុងសាលាមត្តេយ្យសិក្សាតាលោ ដែលកន្លងមកមានការខ្វះខាតពិបាកក្នុងការបង្រៀន និងរៀនជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕