(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (European Chamber of Commerce in Cambodia) និងសហការី។
ជំនួបនាពេលនេះ មានគោលបំណងសំខាន់ គឺធ្វើការពិនិត្យ និងពិភាក្សាលើជំពូកថ្មីស្តីពី «វិស័យធុរកិច្ចកសិកម្ម» ដែលមាននៅក្នុង The EuroCham White Book។
លោក Arnaud Darc បានថ្លែងអំណរគុណជូនចំពោះ លោករដ្ឋមន្រ្តីដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយ EuroCham នាប៉ុន្មានឆ្នាំកន្លងមក និងជាពិសេសលោករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនវិស័យ និងគោលនយោបាយសំខាន់ៗ សម្រាប់ធ្វើការអភិវឌ្ឍវិស័យធុរកិច្ចកសិកម្មកម្ពុជា។ ថ្មីៗនេះ EuroCham បានបោះពុម្ភសៀវភៅជាលើកទី០៣ ដែលលើកនេះបានបញ្ចូលជំពូកថ្មីមួយនិយាយអំពី «វិស័យធុរកិច្ចកសិកម្ម» ហើយថ្ងៃនេះ មានឱកាសបានមកជួប លោករដ្ឋមន្ត្រីដើម្បីពិភាក្សាឲ្យបានលម្អិត និងស្នើសុំជួយវាយតម្លៃបន្ថែមលើជំពូកនេះ ធ្វើយ៉ាងណាបង្កើតបរិយាកាសមួយល្អក្នុងវិស័យនេះ ដោះស្រាយបញ្ហាជូនធុរកិច្ចជនឲ្យបានសមស្រប ល្អប្រសើរ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង។
លោកបានបន្តថា គណ:កម្មាធិការធុរកិច្ចកសិកម្មរបស់ EuroCham ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោយពីសមាជិកសភាពាណិជ្ជកម្ម បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធវិស័យកែច្នៃចំណីអាហារ និងកសិកម្ម។ នៅក្នុងជំពូកថ្មីនេះ មានប្រធាបបទសំខាន់ៗចំនួន០៥ រួមមាន៖ ១-សារធាតុហាមឃាត់, ២-ការប្រយុទ្ធប្រឆាំងនឹងសម្ភារកសិកម្មខុសច្បាប់, ៣-បទប្បញ្ញត្តិការងារ ៤-ពិពិធកម្មកសិកម្ម និងទី៥. ការធ្វើតេស្តទឹកក្នុងវិស័យកសិកម្ម តាមលក្ខខណ្ឌតម្រូវច្បាប់។
លោកបន្តថា នៅក្នុងប្រធានបទនីមួយៗ គណ:កម្មាធិការធុរកិច្ចកសិកម្ម បានជូនអនុសាសន៍សំខាន់ៗ ដល់អគ្គនាយកដ្ឋានដែលស្ថិតនៅក្រោយដំបូលរបស់ក្រសួង ដើម្បីយកទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ និងធ្វើការកែលម្អរាល់ចំណុចខ្វះខាត ឬបញ្ហាដែលផ្សេងៗ ធ្វើយ៉ាងណាលើកកម្ពស់បរិយាកាស ការធ្វើធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរ ដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស តម្លាភាព គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ល។
ក្នុងឱកាសនោះដែរ សមាជិកក្រុមការងារ ក៏បានលើកយកប្រធានបទមួយចំនួនទាក់ទងនឹងការអនុវត្តច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ការនាំចូល និងការធ្វើអាជីវកម្មសម្ភារកសិកម្មខុសច្បាប់ ការអនុម័តប្រាក់ឈ្នួលអប្បបរមាស្តង់ដារ ការដាំដុះពូជស្រូវហាយប្រីត និងលក្ខខណ្ឌតម្រូវរបស់ក្រសួងបរិស្ថាន ដែលកំណត់ឲ្យក្រុមហ៊ុនធុរកិច្ចកសិកម្ម ត្រូវតែធ្វើតរស្តគុណភាពទឹក នៅក្រសួងបរិស្ថានផ្ទាល់។
លោករដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ EuroCham ជាពិសេស លោក Arnaud Darc ផ្ទាល់ ដែលបានរៀបចំចងក្រង បោះពុម្ភ The EuroCham White Book ជាលើកទី០៣ ដោយរួមបញ្ចូលជំពូកថ្មីមួយទៀតស្តីពី «ធុរកិច្ចកសិកម្ម» ស្របពេលដែលក្រសួងកំពុងលើកទឹកចិត្តជំរុញ និងគាំទ្រឲ្យដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ចូលរួមអភិវឌ្ឍន៍វិស័យធុរកិច្ចកសិកម្មនេះ តាមរយៈការវិនិយោគលើវិស័យផលិតកម្មកសិកម្ម ការកែច្នៃ និងទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស ធានាតម្លាភាព និងយុត្តិធម៌ជូនអ្នកផលិត និងអ្នកបរិភោគ។
ចំពោះប្រធានបទទាំង០៥ខាងលើ លោករដ្ឋមន្រ្តី វេង សាខុន បានជម្រាបជូនក្រុមប្រតិភូដោយសង្ខេបមួយជំហាន និងបន្ទាប់លោកបានអនុញ្ញាតឲ្យមន្ត្រី និងអស់លោកដែលទទួល បន្ទុកការងារបច្ចេកទេសទាក់ទងនឹងប្រធានបទនេះ បន្តបកស្រាយយ៉ាងពិស្តារ ជូនក្រុមប្រតិភូបន្ថែមទៀត។
ទោះជាយ៉ាងណា លោករដ្ឋមន្រ្តីបានទទួលស្គាល់ថា ការធ្វើធុរកិច្ចកសិកម្ម នៅមានបញ្ហាប្រឈមមួយចំនួន ដែលក្រសួងក៏ដូចជាស្ថាប័នពាក់ព័ន្ធកំពុងតែត្រិះរិះពិចារណា ស្វែងរកយន្តការដោះស្រាយ ឲ្យបានសមស្របទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណារក្សាបរិយាកាសវិនិយោគ លើវិស័យធុរកិច្ចកសិកម្ម ឲ្យបានល្អប្រសើរទាំង ក្នុងពេលបច្ចុប្បន្ន និងអនាគត។
លោករដ្ឋមន្រ្តីនឹងប្រគល់ឲ្យអង្គភាពជំនាញពាក់ព័ន្ធ សហការជាមួយក្រុមជំនាញនៃ EuroCham យកទៅពិនិត្យ ពិចារណា ធ្វើការកែលម្អ និងដោះស្រាយជាបណ្តើរៗ ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស៕