(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានថ្លែងថា សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ដែលត្រូវតែដោះស្រាយឲ្យបាន។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសនាយឧត្តមសេនីយ៍ អមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង១០០០នាក់។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុ ពិសេសប្រជាពលរដ្ឋនៃមហាគ្រួសារ អ្នកបន្ទាយមានជ័យ ដែលទទួលរងគ្រោះដោយសារទឹកជំនន់នាពេលនេះ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា «ពលិកម្មរបស់សម្តេចតេជោ ហ៊ុន សែន គឺដើម្បីសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ បានចាត់ទុកសុខទុក្ខរបស់ ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតម្រូវឲ្យមានការដោះស្រាយ ដោយមិនទុកឲ្យបងប្អូនណាម្នាក់ ដែលជួបទុក្ខលំបាកហើយ មិនទទួលធ្វើការដោះស្រាយនោះឡើយ»។
នាយឧត្តមសេនីយ៍បន្តថា «សន្តិភាពមានតម្លៃណាស់ ហើជាអាយុជិវិតរបស់យើងទាំងអស់គ្នា ដូចនេះសូមបងប្អូនទាំងអស់ បន្តចូលរួមថែរក្សានូវសន្តិភាព ជាមួយសម្តេចតេជោ ដោយមិនត្រូវជឿនូវការឃោសនា ឲ្យទៅចូលរួមសកម្មភាពអ្វី ដែលនាំឲ្យមានទុកទោសដល់ខ្លួន ក្រុមគ្រួសារ និងនាំមហន្តរាយដល់សង្គមជាតិឡើយ»។
ដូចសព្ធមួយដង ជាមួយទឹកចិត្តសប្បុរស គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ លោក កែ គឹមយ៉ាន បាននាំយកអំណោយផ្តល់ជូន រួមមាន៖
១៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៦២១គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ត្រីខ មី ទឹកស៉ីអ៉ីវ ប៊ីចេង នំ ទឹកសុទ្ធ សារ៉ុង២ ថវិកា២ម៉ឺនរៀល។
២៖ គ្រួសារដែលមានសមាជិកស្លាប់ ដោយសារលង់ទឹកជំនន់ចំនួន៩នាក់ ក្នុង១គ្រួសារទទួលបាន៖ សម្ភារ អង្ករ ត្រីខ មី ទឹកស៉ីអ៉ីវ ប៊ីចេង នំ ទឹកសុទ្ធ សារ៉ុង២ និងថវិកា៥២ម៉ឺនរៀល។
ដោយឡែក ក្នុងថ្ងៃដដែលនោះដែរ លោក កែ គឹមយ៉ាន បានចូលបច្ច័យចំនួន២លានរៀល ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកស្រី ប៊ុត ស៉ីលន ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលបានទទួលមរណភាពនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ៕