Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន៖ សម្តេចតេជោ ហ៊ុន សែន ខិតខំកសាងអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ផ្ទុយស្រឡះពីការឃោសនាបោកប្រាស់របស់ក្រុមទណ្ឌិត សម រង្ស៉ី

08-10-2019 17:19

(ប៉ៃលិន)៖ ដោយមានការសំណូមពរពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ជា ចាន់ឌិន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានអញ្ជើញបើកការស្ថាបនាផ្លូវបេតុង ១ខ្សែរ ប្រវែង៣២០ម៉ែត្រ ចូលសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួល ដល់សិស្សាសិស្សបានធ្វើដំណើរទៅមកសាលារៀន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ដោយផ្ទុយស្រឡះពីការឃោសនាបោកប្រាស់របស់ក្រុមទណ្ឌិត សម រង្ស៉ី ដែលជាជនក្បត់ជាតិ ព្រោះតែមហិច្ឆតាចង់បានអំណាច ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ប្រឆាំងជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើង ពីការបោះឆ្នោត និងប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ»។

ក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យ បានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទៈ និងជំនន់ទឹកភ្លៀង ដែលងាយបង្កគ្រោះថ្នាក់។

លោកថ្លែងថា បើមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ ទៅមេឃុំ/ចៅសង្កាត់ ដើម្បីឲ្យក្រុមការងារចុះជួយបានឆាប់ រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយ ប្រជាជនគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា ផ្លូវបេតុង ១ខ្សែរ ដែលអាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមបើកការដ្ឋានស្ថាបនា នាពេលនេះ គឺមានប្រវែង ៣២០ម៉ែត្រ ទទឹង ១៦ម៉ែត្រ សំណង់ប្រព័ន្ធលូសងខាងផ្លូវ ចាប់ពីផ្លូវជាតិលេខ៥៧ រហូតដល់វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕