(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រកាសលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៤ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធាន សម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌ សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត។
លោក ឥន ទឹម សមាជិកគណៈកម្មាធិការសាខា បានថ្លែងថា ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅ នេះជាលើកទី២៤ ហើយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដំណើរការចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ ដោយផ្អែកតាមយុទ្ធសាស្រ្តនៃវិស័យស្នូលទាំង៤ នៃកាកបាទក្រហមកម្ពុជា ដែលសេវាកម្មលក់សន្លឹកឆ្នោត ផ្តល់ជារង្វាន់វត្ថុអនុស្សវរីយ៍លើកទឹកចិត្ត ការធ្វើវិភាគទានតាមរយៈការជាវសន្លឹកឆ្នោត ដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងទីទ័លក្រនៅតាមសហគមន៍។
លោកបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ អ្នកដែលតែងតែបានជួយគាំទ្រក្នុងការជាវសន្លឹកឆ្នោត ក្នុងគោលបំណងចូលរួមចំណែកធ្វើវិភាគទានតាមលទ្ធភាព ទោះតិចឬច្រើនក្តី ជាឆន្ទៈផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ផង និងផ្សងសំណាងយករង្វាន់ផង។ នេះជាកាយវិការដ៏ល្អប្រពៃ គួរឲ្យកោតសរសើរ និងមានមោទនភាពណាស់ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។
លោកបានបន្តថា ជានិច្ចជាកាលបានអនុវត្តន៍តាមមគ្គុទេសដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានការយកចិត្តទុកដាក់ពី គណៈកម្មាធិការសាខា ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឈន៍ធនធាន បង្កើតការស្វែងរកប្រភពចំណូលផ្សេងៗ ទាក់ទងទៅនឹងតម្រូវការជាក់ស្តែង ស្របតាមសកម្មភាពមនុស្សធម៌ បានជាសាខារកឃើញ និងដំណើរការដែលទទួលបានជោគជ័យ នូវការបោះពុម្ភ និងលក់សន្លឹកឆ្នោត ជាលទ្ធផលប្រយោជន៍រង្វាន់ ត្រូវបានទៅលើអតិថិជនមានសំណាង និងថវិកាដែលទទួលបានពីសេវាកម្មនេះ សម្រាប់ផ្តល់ជូនទៅអនុសាខាទាំង៨ ក្រុង ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតប ដល់ជនរងគ្រោះមហន្តរាយ នៅតាមសហគមន៍របស់ខ្លួន។
ជាលទ្ធផលរង្វាន់ធំរថយន្ត NISSAN FROTIER ស៊េរី ២០០៥ បានទៅលើប្រជាពលរដ្ឋនៅស្រុកស្វាយទាប ម៉ូតូ HONDA WAVE 100 ស៊េរី ២០១៩ បានទៅលើប្រជាពលរដ្ឋ នៅស្រុករមាសហែក ១គ្រឿង ស្វាយទាប ១គ្រឿង ស្វាយជ្រំ ១គ្រឿង ចន្ទ្រា ១គ្រឿង និងនៅមន្ទីរទេសចរណ៍ ១គ្រឿង និងរង្វាន់មួយចំនួនទៀត ត្រូវបានមកបើកជាបន្តបន្ទាប់នៅសាខា៕