(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត រៀបចំមហាសន្និបាតអាណត្តិទី២ ដោយបានជ្រើសរើសលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាប្រធាន រួមនឹងអនុប្រធានចំនួន ១២រូបផ្សេងទៀត ដោយទទួលសន្លឹកឆ្នោតគាំទ្រចំនួន ២៧៣ លើ ២៧៨ សម្លេង។
តាមរយៈលទ្ធផល នៃមហាសន្និបាត លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នឹងក្លាយជាប្រធានទី៣ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៣។ ប្រធានទី១ គឺលោក ណាំទុំ អតីតប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី១ រីឯប្រធានទី២ គឺលោក ម៉ប់ សារិន អតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី១ និងទី២។
អនុប្រធានសមាគមជាតិអាណត្តិទី៣ ទាំង ១២ រូបនោះរួមមាន៖
*ទី១៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
*ទី២៖ លោកស្រី មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ
*ទី៣៖ លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល
*ទី៤៖ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ
*ទី៥៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង
*ទី៦៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី៧៖ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង
*ទី៨៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
*ទី៩៖ លោក កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី១០៖ លោកស្រី ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្តស្វាយរៀង
*ទី១១៖ លោក ចិន ពៀន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
*ទី១២៖ លោក ផន ប៉ុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។
ពិធីបើកមហាសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
អ្នកចូលរួមមហាសន្និបាតសរុប ៤១០ នាក់ ក្នុងនោះប្រតិភូសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ខេត្តចំនួន ២៨០ នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ២៧៥ រូប គណបក្សខ្មែររួបរួមជាតិ ៣ រូប និងគណបក្សហ្វុនស៊ិនប៉ិច ២ រូប។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាដែលជាសមាជិកសមាគមជាតិគឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤៕