(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា តំណាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

មហាសន្និបាត ប្រារព្ធឡើងក្រោមមូលបទស្នូល «ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់»។

មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា និងកិច្ចប្រជុំពាក់ព័ន្ធ នឹងផ្តោតជាសំខាន់ លើការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ស្របពេលដែលសណ្តាប់ ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់អន្តរជាតិ បាននិងកំពុងរងការវាយប្រហារដោយសារឯកតោភាគីនិយម កិច្ចគាំពារនិយម នយោបាយជ្រុលនិយម ប្រជាភិថុត និងការប្រជែងគ្នានៃមហាអំណាច ព្រមទាំងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ដោយបំពានលើធម្មនុញ្ញរបស់ អ.ស.ប ដែលបានអនុវត្តរយៈពេល ៧០ឆ្នាំ កន្លងមកនេះ។

នៅក្នុងមហាសន្និបាតនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី នឹងអញ្ជើញថ្លែង សុន្ទរកថាគន្លឹះសំខាន់ៗ ទាក់ទងនឹងមូលបទខាងលើ ដោយផ្តោតសំខាន់លើ៖
* ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលផ្អែកលើច្បាប់កម្ពុជា និងអន្តរជាតិ តាមបរិបទ នៃប្រទេសនីមួយៗ
* ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញប្រព័ន្ធពហុភាគីនិយម ដែលបើកចំហរ បរិយាប័ន្ន ប្រសិទ្ធភាព និងការចូលរួម ដើម្បីរក្សាសន្តិភាព និងកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់
* តម្លៃសន្តិភាព និងសិ្ថរភាពនយោបាយរបស់កម្ពុជាសព្វថ្ងៃ ដែលនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចថេរ ៧% ក្នុងរយៈពេល ២ ទស្សវត្សចុងក្រោយនេះ
* ភាពផុយស្រួយនៃសន្តិភាពដែលកម្ពុជារកបានដោយលំបាក ពីព្រោះថាកម្ពុជាកំពុងតែជួបបញ្ហាប្រឈមដោយសារនយោបាយជ្រុលនិយម និងនយោបាយប្រជាភិថុត ក៏ដូចជាការជ្រាតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
* កិច្ចប្រឹងប្រែងយ៉ាងសកម្មរបស់សភាកម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។ ជាពិសេស សភាកម្ពុជានឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ នៅឆ្នាំ២០២០ ខាងមុខ។

លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Maja Gojković ប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី លោកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភា សមភាគីសភាមីយ៉ាន់ម៉ា ជប៉ុន និងកាហ្សាក់ស្ថាន ព្រមទាំងត្រៀមជួបសភាប្រទេសសមាជិក IPU មួយចំនួនទៀតផងដែរ។

ក្នុងឱកាសចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១នេះ គណៈប្រតិជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមក្នុងមហាសន្និបាត និងកិច្ចប្រជុំពាក់ព័ន្ធចំនួន១១ ទៀត រួមមាន៖
១៖ កិច្ចប្រជុំអាស៊ានបូក ៣
២៖ កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក
៣៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៥
៤៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី១: សន្តិភាព និងសន្តិសុខអន្តរជាតិ
៥៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី២: ការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម
៦៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៣: សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
៧៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៤: កិច្ចការអង្គការសហប្រជាជាតិ
៨៖ វេទិកាសមាជិកសភាជាស្រ្តីលើកទី៣០
៩៖ វេទិកាសមាជិកសភាវ័យក្មេង
១០៖ កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP)
១១៖ កិច្ចប្រជុំសភាតំបន់អាស៊ី (APA)

សូមជម្រាបថា សហភាពអន្តរសភា(IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ បង្កើតឡើងក្នុងឆ្នាំ១៨៨៩ ដែលមានសមាជិក ជាសភាមកពីរដ្ឋអធិបតេយ្យចំនួន១៧៩។ សភាកម្ពុជាចូលជាសមាជិកIPU ក្នុងខែមេសា ឆ្នាំ១៩៩៧ នៅសន្និសីទអន្តរសភាលើកទី៩៧ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖