(សៀម​រាប)៖ កាលពី​សប្តាហ៍​មុន មេដឹកនាំ​​វ័យ​ក្មេង​របស់​សហគមន៍​អាស៊ាន​​​ចំនួន​៣៩​នាក់ បាន​ជួប​ជុំគ្នា​នៅ​ប្រទេស​សិង្ហបុរី ដើម្បីផ្លាស់​ប្តូរ​មតិ​យោ​បល់ ក៏ដូច​ជា ពិភាក្សា​លើ​បញ្ហា និង​ឱកាស​នានា ដើម្បី​ធ្វើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​សម្រាប់​ភាព​ជា​ដៃគូ​ប្រកប​ដោយ​និរន្ត​រ​ភាព ក្នុង​​កម្មវិធី សមាគ​ម​យុវ​ជន​អាស៊ាន (AYF) លើក​ទី​២ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី (SIF) និង​ក្រុម​ប្រឹក្សា​យុវ​ជន​ជាតិ (NYC)​។

មេ​ដឹក​នាំ​វ័យ​ក្មេង​៣​នាក់​របស់​វៀត​ណាម ក៏​បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ផងដែរ និង​បាន​ចែក​រំលែក​​បទពិសោធ​របស់​ពួក​គេ​ទាំង​ក្នុង​វិស័យ​សង្គម និង​សេដ្ឋ​កិច្ច​។ ក្រោម​ទស្ស​ន​ទាន «ភាព​​ជា​ដៃគូ​សម្រាប់​និរន្ត​រ​ភាព​សហ​គមន៍​អាស៊ាន» កម្មវិធី​នៅ​ឆ្នាំ​នេះ ផ្តោត​ទៅ​លើ​សារ​សំខាន់​នៃ​ទំនាក់​ទំនង​ដ៏​កក់​ក្តៅ​រវាង​ប្រជា​ជន និង​ប្រជា​ជន ដើម្បី​ធា​នា​ឲ្យ​បាន​​នូវ​និរន្តរ​ភាព​នៃ​សង្គម បរិ​ស្ថាន និង​សេដ្ឋ​កិច្ច ក្នុង​តំបន់​នេះ​។

ត្រឹម​ឆ្នាំ​២០២០ អត្រា​ប្រជា​​ជន​ច្រើន​ជាង​ពាក់​កណ្តាល​នៅ​​សហ​គមន៍​អា​ស៊ាន នឹង​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​។ កម្ម​វិធី​​អភិ​វឌ្ឍ​ភាព​ជា​​អ្នក​​ដឹកនាំ​នេះ ប្រមូល​ផ្តុំ​មេ​ដឹកនាំ​​វ័យ​ក្មេង​ជំនាន់​ក្រោយ មក​ពី​វិស័យ​​ប្រជា​ជន ឯក​ជន និង​សា​ធារណៈ​ (3p) ជា​ច្រើន ដែល​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សក្តា​នុ​ពល​ក្នុង​ការ​ទទួល​តំណែង​ថ្នាក់​ដឹកនាំ​ដ៏មាន​ឥទ្ធិ​ពល នា​ថ្ងៃ​អនា​គត និង​ចូល​រួម​ចំណែក​បន្ថែម​​ទៀត ដើម្បី​​ធ្វើ​ឲ្យ​តំបន់​នេះ កាន់​តែ​រីក​ចម្រើន​​ទៅមុខ​។ កម្មវិធី​សមាគ​ម​យុវ​ជន​អាស៊ាន​នេះ មាន​គោល​បំណង​​ក្នុង​ការ​​​ជួយ​ឲ្យ​អ្នក​ចូល​រួម​​ទាំង​អស់​មាន​ឱកាស​​ក្នុង​ការ​​​ចែក​រំលែក​បទពិសោធ​នានា បង្កើត​​ទំនាក់​ទំនង និង​ធ្វើ​ការ​រួម​គ្នា ដើម្បី​បង្កើត​បណ្តាញ​ដ៏​រឹង​មាំ​មួយ​របស់​មេ​ដឹក​នាំ​វ័យ​​អាស៊ាន​វ័យ​ក្មេង ដែល​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​ក្នុង​តំបន់​។

ក្រោយ​ពី​​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​​ឆ្នាំ​ទី​១​រ​បស់​ខ្លួន កាល​ពីឆ្នាំ​២០១៨ កម្ម​វិធី​សមាគ​ម​យុវ​ជន​អាស៊ាន​​មួយ​នេះ ដែល​មានទី​តាំង​​នៅ​ប្រទេស​សិង្ហ​បុរី​ ក៏​បាន​ពង្រីកសមាស​សភាព​នៅ​ក្រៅ​ប្រទេស ​ទៅ​កាន់​​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​​ម៉ា​ឡេ​ស៊ី នៅ​ឆ្នាំ​នេះ ផងដែរ ដើម្បី​​បង្កើន​ការផ្លាស់ប្តូរ និង​ឱកាស​ផ្សេងៗ សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​។

កម្ម​វិធី​ដែល​មាន​រយៈ​ពេល​១សប្តាហ៍​ពេញ​មួយ​នេះ ដែល​បាន​ចាប់​​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩​ ក៏​មាន​​កិច្ច​ពិភាក្សា និង​ដំណើរ​ចុះ​កម្ម​​សិក្សា​​ជាច្រើន​ផងដែរ​។ អ្នក​ចូលរួម​ក្នុង​កម្មវិធី​នេះ សុទ្ធ​​សឹង​មាន​ឱកាស​ក្នុង​ការ​​ផ្លាស់​ប្តូរ​យោ​បល់​​​ជា​មួយ​នឹង​មេ​ដឹក​នាំ​ដ៏​មាន​ទេព​កោសល្យ​ និង​​អ្នក​ធ្វើ​ការ​ក្នុង​ការិយា​ល័យ​នយោ​បាយ​ជាច្រើន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​លោក Teo Chee Hean ទេស​រដ្ឋ​មន្ត្រី​ និង​​ជា​រដ្ឋ​មន្ត្រី​សម្រប​សម្រួល​សម្រាប់​សន្តិ​សុខ​ជាតិ​របស់​​សិង្ហ​បុរី និង​លោក Syed Saddiq Syed Abdul រដ្ឋ​មន្ត្រីក្រសួង​​យុវ​ជន និង​កីឡា​របស់​ម៉ា​ឡេស៊ី ផងដែរ​។

សកម្ម​ភាព​នានា​ក្នុងកម្ម​វិធីនេះ ក៏​រាប់​បញ្ចូល​​ទាំង​ ការ​ចែក​រំលែក​បទ​ពិសោធ​ផ្សេង​ៗ​ទៅ​​លើ​ការ​​ប្រតិ​បត្តិ​អាជីវ​កម្ម​ប្រកប​ដោយ​និរន្ត​រ​ភាព ពី​សំណាក់​​ធ​នា​គារ DBS និង​ក្រុមហ៊ុន​អចល​ន​​ទ្រព្យ CapitaLand ក៏ដូច​ជា​ ការ​រៀប​ចំ​ដំណើរ​ទស្ស​ន​កិច្ច​មួយ​ ទៅកាន់​​តំបន់​កោះ​ទើប​បង្កើត​ថ្មី Semakau Landfill ដើម្បី​ឲ្យ​​អ្នក​ចូលរួម អាច​​​​សិក្សា​ទៅលើ​​​ការ​គ្រប់​​គ្រង​សំ​រាម ប្រកប​ដោយ​និរន្ត​រ​ភាព ក្នុង​ប្រទេស​​មាន​ដី​តូច​​ដូច​ជា​សិង្ហ​បុរី​។ អំឡុង​​ពេល​នៃ​កម្មវិធី​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​៣ ខែតុលា កម្ម​វិធី​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សហ​គ្រាស​សង្គម​ Native និង Epic Collective របស់​ម៉ា​ឡេស៊ី ទាក់​ទង​នឹង​ដំណើរ​ទស្ស​ន​កិច្ច​​សិក្សា​ផ្នែក​វប្ប​ធម៌ ជា​មួយនឹង​សហ​គមន៍ Orang Asli​។ អ្នក​ចូលរួម​ទាំង​អស់ ក៏​បាន​សិក្សា​អំពី​កិច្ច​ការ​ងារ​របស់​​មជ្ឈមណ្ឌល​គំនិត​​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី​ជា​សកល​របស់​ម៉ា​ឡេ​ស៊ី (MaGIC) ក្នុង​ការ​បង្កើត​ប្រព័ន្ធ​​អេ​កូ​ឡូ​ហ្ស៊ី​នៃ​សហ​គ្រិន​ភាព​ប្រកប​ដោយ​និរន្តរ​ភាព ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី រួម​ជាមួយ​នឹង​សកម្ម​ភាព​​ជាច្រើន​ផ្សេង​ទៀត ផងដែរ​។

លោក​អ្នក​ស្រី Jean Tan នា​យក​ប្រតិ​បត្តិ​​​អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី មាន​ប្រសាសន៍ថា៖ «កម្ម​វិធី​សមា​គម​យុវ​ជន​អាស៊ាន បង្ហាញ​ពី​តម្លៃ​នៃ​​ចំណង​មិត្ត​ភា​ព​របស់​វប្ប​ធម៌​ចម្រុះ ក្នុងទិដ្ឋ​ភាព​ជា​សកល​មួយ ដែល​​កំពុង​តែ​ផ្លាស់​​ប្តូរ​​យ៉ាង​ឆាប់​រហ័ស​។ យើង​​​សង្កេត​ឃើញ​ពី​ការ​បង្ហាញ​ខ្លួន​របស់​​មេដឹកនាំ​អាស៊ាន​វ័យ​ក្មេង​ជា​​ច្រើន ក្នុង​នាម​ជា​អ្នក​ត្រួស​ត្រាយផ្លូវ ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជួ

យ​​​លើក​​កម្ពស់ ការ​យោគ​យល់​​រវាង​គ្នា និង​​ជួយ​ឲ្យ​មាន​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​បុគ្គ​លិក ដើម្បី​បង្កើត​​ឲ្យ​​​មាន​​ការ​ជះ​ឥទ្ធិ​ពល​​ជា​វិជ្ជ​មាន និង​ប្រកប​ដោយ​និរន្តរ​ភាព​។ អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី ពិត​ជា​មាន​​​មោទ​ន​ភាព​ណាស់​ក្នុង​ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​​កម្ម​វិធី​​ដ៏​មាន​អត្ថ​ន័យ​មួយ​នេះ និង​​មាន​មោទ​ន​ភាព​ក្នុង​ការ​ចូលរួម​ចំណែក​​ជំ​រុញ​ឲ្យ​មាន​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​របស់​យុវ​ជន​យើង ​ក្នុង​ការ​បង្កើត​​សហគមន៍​អាស៊ាន​ ដែល​មាន​​ការ​រួប​រួម​គ្នា មាន​ភាព​ស្អិត​រមួត និង​និរន្តរ​ភាព​បន្ថែម​ទៀត​​។

លោក David Chua នា​យក​ប្រតិ​បត្តិ​​ក្រុម​ប្រឹក្សា​យុវ​ជន​ជាតិ មាន​ថ្លែងថា «កម្ម​វិធី​សមា​គម​យុវ​ជន​អាស៊ាននេះ ផ្តល់​នូវ​ផ្លាត​ហ្វម​មួយ​ក្នុង​ការ​​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​រវាង​យុវ​ជន និង​យុវ​ជន​ ដ៏​​រឹង​មាំ និង​ធ្វើ​ឲ្យ​ទាក់​ទំនង​ក្នុង​តំបន់​​កាន់​តែ​មានភាពល្អប្រសើរ​ឡើង​​។ យើង​​មើល​​ឃើញ​រួច​ជាស្រេច​នូវ​​លទ្ធផល​ផ្សេង​ៗ ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​លេច​ចេញ​ជា​​រូប​រាង​ឡើង ដោយ​សារ​តែ​​កម្មវិធី​លើក​ទី​១ កាល​ពីឆ្នាំ​​មុន​។ មេ​ដឹក​នាំ​វ័យ​ក្មេង​ទាំង​​នេះ បន្ត​រក្សា​ទំនាក់​ទំនង​របស់​ខ្លួន​យ៉ាង​សកម្ម បន្ត​ធ្វើ​ឲ្យ​បណ្តាញ​​របស់​ពួក​គេ​ដំណើរ​ការ ដើម្បី​​ដោះ​ស្រាយបញ្ហា​ដែល​ទាក់​ទង​នានា និង​​​បាន​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាច្រើន​ទៅលើ​​គម្រោង​នា​នា​ដែល​ជះ​ឥទ្ធិ​ពល​ដល់​​សង្គម​។ មូល​និធិ​​យុវ​ជន​អាស៊ាន​-​សិង្ហបុរី (SAYF) នឹង​គាំទ្រ​កម្ម​វិធី​​ផ្តួច​ផ្តើម​ទាំង​នេះ ដែល​បង្ហាញពី​សារ​សំខាន់​នៃ​​បញ្ហា សង្គម-សេដ្ឋ​កិច្ច-វប្បធម៌ សម្រាប់​សហ​គម​អាស៊ាន​។ ក្តី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា កម្ម​វិធី​សមា​គម​យុវ​ជន​អាស៊ាន នឹងបន្ត​ធ្វើ​ឲ្យ​​​យុវ​ជន​របស់​​យើង​កាន់​តែ​ខ្លាំង ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​​បាន​រួច​រាល់​​សម្រាប់​អាស៊ី ខណៈ​ដែល​យុវ​ជន​ទាំង​នេះ នឹង​ធ្វើ​ការ​​​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើតសមា​គម​មួយ​ដែល​ផ្តល់​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន​»​។

កម្ម​វិធី​សមា​គម​យុវ​ជន​អាស៊ាន គឺ​ជា​កម្មវិធី​អភិវឌ្ឍភាព​ជា​អ្នក​ដឹក​នាំ​ផ្អែក​ទៅលើ​ការ​ជ្រើស​រើស​មួយ សម្រាប់​យុវ​ជន​អាស៊ាន ដែល​មាន​អាយុ​ចន្លោះ​ពី​ ២៧ និង​ ៣៥​ឆ្នាំ មក​ពី​វិស័យ​ទាំង​៣ (វិស័យ​ប្រជា​ជន សា​ធារណៈ និង​ឯក​ជន)។ ក្រោម​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី និង​ក្រុម​ប្រឹក្សា​យុ​ជន​ជាតិ កម្ម​វិធី​សមា​គម​យុវ​ជន​អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​ផ្តល់​អំណាច​ដល់​មេដឹកនាំ​​យុវ​ជន​ទូ​ទាំង​អាស៊ាន ដើម្បី​​អភិវឌ្ឍ​បណ្តាញ​​ដ៏​រឹង​មាំ​មួយ​រវាង​យុវ​ជន​ដូចគ្នា និង​រួម​គ្នា​ធ្វើ​ឲ្យ​សហគមន៍​អាស៊ាន ​ក្លាយ​ជា​​អង្គ​ភាព​ដ៏​រឹង​មាំ និង​មាន​ការ​រួប​រួម​គ្នា ក្នុង​បរិស្ថាន​៕