(ភ្នំពេញ)៖ សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា លើកទី៦ និងរៀបចំពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគមនៅ ថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
កម្មវិធីនេះពិព័រណ៍នេះ រំពឹងមានមានភ្ញៀវជាតិ និងអន្តរជាតិជាអ្នកវិនិយោគអ្នកអភិវឌ្ឍន៍ និងធុរជនវិស័យសំណង់ជាច្រើនរូប អញ្ជើញចូលរួមទស្សនាយ៉ាងច្រើន។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបចំតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា មានលក្ខណៈអន្តរជាតិធំទៅៗ ជាក់ស្ដែងសម្រាប់ឆ្នាំនេះសមាគម បានរៀបចំស្តង់ចំនួន៣៥០ស្តង់ ឱ្យក្រុមហ៊ុនទាំងក្នុង និងបរទេសប្រមាណ២០០ក្រុមហ៊ុនតាំងបង្ហាញ និងលក់ផលិតផលដែលជាសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទសុទ្ធសឹងទំនើបៗ មានគុណភាព និងស្តង់ដារល្អៗ ហើយផលិតផលទាំងនេះមិនតិចជាង១៥០០ប្រភេទឡើយ។
អ្នកឧកញ៉ាបន្ដថា ផលិតផលទាំងនោះក៏មានទាំងសេវាលក់អចលនទ្រព្យ, ផ្ទះសម្បែង, សេវាធនាគារ, ធានារ៉ាប់រង, សេវាកម្ចីប្រាក់សម្រាប់ទិញផ្ទះ និងកិច្ចការវិនិយោគផ្សេងៗ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗទំនើបៗនាំចូលពី បណ្តាប្រទេសជាច្រើនលើពិភពលោកដូចជា ការតម្លើងប្រព័ន្ធទឹក, អគ្គីសនី, ម៉ាស៊ីនត្រជាក់, កាម៉េរ៉ាសុវត្ថិភាពជាដើម។
អ្នកឧកញ៉ាបន្ដថា មិនតែប៉ុណ្ណោះក្នុងកម្មវិធីពិព័រណ៍នេះ ក៏រៀបចំឱកាស និងទីកន្លែងសម្រាប់ឱ្យ ធុរជនទាំងអស់ពិសេសអ្នកមានរបរអាជីវកម្ម ជាអ្នកសាងសង់, អ្នកលក់, អ្នកទិញ, អ្នកចែកចាយ, អ្នកផ្គត់ផ្គង់បានជួបគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាគ្នាថា អ្វីដែលជាតម្រូវការជាក់ស្តែង និងចាំបាច់សម្រាប់វិស័យឧស្សាហកម្មសំណង់នៅកម្ពុជា ពិសេសក៏បង្កើតកម្មវិធីពិភាក្សាធុរកិច្ច សម្រាប់ឱ្យសមាជិកសមាគម១៧១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនលក់សម្ភារ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ ក្រុមហ៊ុន អចលនទ្រព្យ រោងចក្រផលិតបេតុង ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គីសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុន ដឹកជញ្ជូនសម្ភារៈសំណង់ ក្រុមហ៊ុនធ្វើពិសោធន៍ដី ក្រុមហ៊ុនធ្វើសសរគ្រឹះ និងគ្រឹះ ក្រុមហ៊ុនសេវាកម្មលក់អចលនទ្រព្យ និងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសំណង់ជាច្រើនផ្សេងៗទៀត។
អ្នកឧកញ៉ាបានបន្ដថា ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនខ្លះជាសាខាក្រុមហ៊ុន របស់បរទេសមកពី៖ ចិន ជប៉ុន កូរ៉េ ថៃឡង់ដ៏ សឹង្ហបុរី ស៊ុយអ៊ែត ស្វីសហ្សេលែន ម៉ាឡេស៊ី អាល្លឺម៉ង់ បារាំង វៀតណាម ឥណ្ឌូនេស៊ី៕