(សៀមរាប)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់គំនិតឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវពង្រឹងការសម្របសម្រួល និងការគ្រប់គ្រងក៏ដូចជាបង្កើនធនធាន ក្នុងការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន។
ការផ្តល់គំនិតបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងនៅថ្ងៃទ០៨ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកផ្លូវការនូវកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់គំនិតយ៉ាងដូច្នេះថា «ត្រូវពង្រឹងការសម្របសម្រួល និងការគ្រប់គ្រង ក៏ដូចជាបង្កើនធនធាន ក្នុងការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន។ អាស៊ានត្រូវតែធានានូវការរៀបចំផែនការនៃការប្រើប្រាស់ដីធ្លី, ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព និងខ្យល់អាកាសបរិសុទ្ធក្នុងតំបន់»។
ឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា កម្ពុជាពិតជាមានសេចក្តីរីករាយចំពោះការបង្កើត មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ការបំពុលផ្សែងអ័ព្ទឆ្លងដែន (ACC-THPC) ដែលនឹងមានទីតាំងនៅប្រទេសឥណ្ឌូនេស៊ី។
លោកបន្តថា «យើងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ជាពិសេសទៅលើយន្តការបង្ការ ដូចជាការអនុវត្តច្បាប់ និងការរឹតបន្តឹងការ បញ្ឈប់ការដុតព្រៃ និងការគ្រប់គ្រងការដុតជាដើម ដើម្បីប្រែក្លាយអាស៊ាន ជាតំបន់គ្មានផ្សែងអ័ព្ទ។ បន្ថែមពីលើនេះ យើងត្រូវធានានូវការឆ្លើយតប ដែលមានប្រសិទ្ធភាព និងទាន់ពេលវេលា ចំពោះបញ្ហាភ្លើងឆេះទាំងនេះ នៅពេលដែលកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន ចូលជាធរមាន»។
ក្នុងកិច្ចប្រជុំនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏លើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់រួមគ្នា ជំរុញសម្រេចឱ្យបាននូវវឌ្ឍនភាព ក្នុងការចែករំលែក និងកៀរគប្រភពធនធាន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងភ្លើងឆេះព្រៃ និងយុទ្ធសាស្ត្រដើម្បីបង្ការ, ការកាត់បន្ថយ និងការឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងភ្លើងឆេះព្រៃ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា គ្រោះមហន្តរាយដែលកើតចេញពីអាកាសធាតុ មិនប្រក្រតីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ, បង្អាក់ដំណើរការខ្សែច្រវាក់នៃការផ្គត់ផ្គង់, ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងបង្កផលប៉ះពាល់ដល់ការរស់នៅ និងសុខភាព របស់ប្រជាជនក្នុងតំបន់។ ដូចនេះ អាស៊ានត្រូវបញ្ចប់ការរៀបចំសេចក្តីថ្លែងការណ៍រួម ស្តីពីការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំលើកទី២៥ នៃសន្និសីទភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានពន្លឿនការបញ្ចប់ការរៀបចំផែនការ យុទ្ធសាស្រ្តអាស៊ានស្តីពីបរិស្ថាន (ASPEN) ដើម្បីប្រែក្លាយ ផែនការសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២៥ (ASCC) ឱ្យទៅជាផែនការសកម្មភាពកាន់តែលម្អិត សម្រាប់ជាឯកសារណែនាំ ក្នុងការជំរុញកិច្ចប្រតិបត្តិការអាស៊ាន លើបញ្ហាបរិស្ថាន រហូតដល់ឆ្នាំ២០២៥ ព្រមទាំងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់ ការយល់ដឹងពីការការពារ បរិស្ថាននិងរក្សារនូវការអភិរក្សជីវៈចម្រុះ តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្ស រមណីយដ្ឋានដែលមានសារៈសំខាន់ ក្នុងការការពារជីវៈចម្រុះ។
កម្ពុជាសូមស្វាគមន៍នូវសំណើស្នើសុំដាក់បញ្ចូល ឧទ្យានបេតិកភណ្ឌអាស៊ានចំនួន៥ នៅប្រទេសមីយ៉ាន់ម៉ា ថៃ និង វៀតណាម។ កម្ពុជាក៏គាំទ្រផងដែរ នូវតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌលក្នុងតំបន់ ទាំងអស់ដូចជា៖ មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវ:ចម្រុះ ក្នុងការគាំទ្រគំនិតផ្តួចផ្តើមថ្នាក់ជាតិ តាមរយៈការបង្កើតឱ្យមានកម្មវិធី និងកិច្ចផ្តួចផ្តើមក្នុងតំបន់សម្រាប់ការចែករំលែកចំណេះដឹង។
សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់ ២ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ច សហប្រតិបត្តិការ បរិស្ថាននៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសប្រ៊ុយណេដែលជាប្រទេសម្ចាស់ផ្ទះ៕