(កណ្តាល)៖ លោក ហ៊ឹម ប៊ុណ្ណារ៉ា ប្រធានគណៈកម្មការវត្តព្រែកតូច ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានរងនូវពាក្យបណ្តឹងពីសមាជិកគណៈកម្មការចំណុះ ជើងវត្ត ដោយចោទប្រកាន់លោកថា បានជេរប្រមាថព្រះសង្ឃក្នុងវត្តព្រែកតូច ព្រះនាម វណ្ណ រ័ត្ន នៅចំពោះមុខប្រជាពុទ្ធបរិស័ទ ដែលមកកាន់បិណ្ឌវេនទី១២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងជាង ១១ថ្ងៃត្រង់កន្លងទៅ។
បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃអង្គឯងផ្ទាល់ ឲ្យដឹងថា ប្រធានគណៈកម្មការវត្តរូបនេះ បានជេរប្រមាថព្រះសង្ឃ ប្រើសុទ្ធតែពាក្យអសុរោះ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងសមាជិកគណៈកម្មការអាចារ្យវត្ត ក្រុមវេនសម្តែងក្តីហួសចិត្ត ខណៈលោកមានតួនាទីជាប្រធានគណៈកម្មការវត្ត និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានឋានៈស្មើអនុរដ្ឋលេខាធិការទៀតផង។
ការជេរប្រមាថនេះ បានធ្វើឲ្យពួកគាត់កើតទុក្ខមិនសុខចិត្ត រហូតនាំគ្នាផ្តិតមេដៃដាក់ពាក្យប្តឹងទៅ ប្រធានការិយាល័យធម្មការស្រុកស្អាង ព្រះមេគណស្រុកស្អាង និងអភិបាលស្រុកទៀតផង ដើម្បីជួយដោះស្រាយរកយុត្តិធម៌ និងធ្វើយ៉ាងណាសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញបញ្ឈប់បុគ្គលរូបនេះ ពីប្រធានគណៈកម្មការវត្តព្រែកតូច។
លោក វ៉ាន់ តន ជាប្រធានវេនបិណ្ឌទី១២ រស់នៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីជេរប្រមាថទៅលើព្រះតេជគុណនោះ លោកបានឮឈ្មោះ ហ៊ឹម ប៊ុណ្ណារ៉ា ស្រែកឡូឡាជេរប្រមាថព្រះសង្ឃ ដោយប្រើពាក្យមិនសមគួរ សុទ្ធតែពាក្យ អញ ហ្អែងដោយពេលនោះ មានប្រជាពលរដ្ឋនៅទីនោះប្រមាណ ១០០នាក់ កំពុងហូបបាយ។
ក្នុងនាមលោកជាប្រធានក្រុមវេន ដែលនាំប្រជាពលរដ្ឋមកធ្វើវេននៅវត្តនេះ លោកមិនពេញចិត្តចំពោះបុគ្គលរូបនោះ អញ្ចឹងទេសុំសំណូមពរថ្នាក់លើជួយរកយុត្តិធម៌ឲ្យផងព្រោះវាជះឥទ្ធិពលអាក្រក់ ពេក មកលើលោកសង្ឃផ្នែកព្រះពុទ្ធសាសនា ប្រសិនបើមិនដោះស្រាយទេ នៅឆ្នាំក្រោយ ក្នុងនាមលោកជាប្រធានវេន និងសុំដកវេណវិញឈប់មកដាក់វេន បិណ្ឌទៀតហើយ។
លោក វណ្ណ អេង មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជាឪពុកបង្កើតរបស់ព្រះសង្ឃរងគ្រោះ ក៏បានទាមទារឲ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយរកយុត្តិធម៌ពាក់ព័ន្ធជេរ ប្រមាថព្រះសង្ឃ ជាកូនបង្កើតរបស់លោកផងដែរ។
ព្រះចៅអធិការវត្តព្រែកតូចព្រះនាម សម្បត្តិធម្មោ អ៊ី សម្បត្តិ ក៏បានចេញលិខិតចំនួនបីច្បាប់ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ដាក់ទៅអភិបាលស្រុកស្អាង ប្រធានការិយាល័យធម្មការស្រុកស្អាង និង មេគណស្រុកស្អាងផងដែរ ពាក់ព័ន្ធនឹងករណីនេះ ដែលក្នុងលិខិតនោះ បានបញ្ជាក់ថា ឈ្មោះ ហ៊ឹម ប៊ុណ្ណារ៉ា បានជេរប្រមាថទៅលើព្រះសង្ឃព្រះនាម វណ្ណ រ័ត្ន ពិតប្រាកដមែន។
ពាក់ព័ន្ធនឹងករណីនេះ លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ឲ្យដឹងថា លោកបានពិតជាបានឃើញ និងទទួលពាក្យបណ្តឹងនោះហើយ ប៉ុន្តែករណីនេះលោកកំពុងធ្វើការសម្របសម្រួល។
ទោះជាយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋ ញោមព្រះសង្ឃ និងគណៈកម្មការវត្តក្រុមវេន នៅតែមិនព្រម ហើយបានទទូចស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយរកយុត្តិធម៌ និងបណ្តេញបុគ្គលរូបនេះចេញពីវត្ត ព្រមទាំងបញ្ឈប់ឲ្យធ្វើជាប្រធានគណៈកម្មការវត្តទៀតផង។
យ៉ាងណាក៏ដោយ នៅថ្ងៃនេះភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោក ហ៊ឹម ប៊ុណ្ណារ៉ា បានទេចំពោះការប្តឹងនេះ៕